ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាមកពីណានោះទេបានជាស្រវឹងស្រាជោកជាំ ហើយចូលទៅម៉ាស្សានៅម្តុំឃ្លាំងសាំង ប៉ុនប៉ងរំលោភនារីម៉ាស្សាមិនបានសម្រេច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកសួរនាំនៅប៉ុស្តិ៍ឬស្សីកែវ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២នឹង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចហាងស៉្បា និងម៉ាស្សា ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះមានឈ្មោះ ខេន ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលនៅម្តុំក្បែរនឹងកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ស្រស់សង្ហា អាយុប្រមាណជា២៥ឆ្នាំ មិនដឹងថាមកពីណានោះទេ ក្នុងស្ថានភាពស្រវឹងស្រាចូលមកម៉ាស្សានៅហាងយីហោខាងលើ រួចក៏បំពានទៅលើគាត់ដោយស្រាតខោរបស់គាត់ ហើយស្ទាបដើមទ្រូងបំណងចាប់រំលោភ ។

ភ្លាមៗនោះជនរងគ្រោះ បានស្រែកឱ្យគេជួយ ទើបមានអ្នករៀបបន្ទប់មកទាន់ ស្រាប់តែជនបង្កខឹងក៏ទះកំផ្លៀងជនរងគ្រោះចំនួន៣ដៃ ដោយខឹងថាចាប់រំលោភជបរងគ្រោះមិនបានសម្រេច សំណាងល្អហើយ ដែលមានបុគ្គលិកនៅក្នុងនោះ ទូរស័ព្ទទៅរាយការណ៍សមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ ឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅប៉ុស្តិ៍ឬស្សីកែវ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ហើយជនរងគ្រោះប្តឹងចង់បានសំណងចំនួន ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕