ខេត្តស្វាយរៀង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​អធិការ​ស្រុក បាន​ចុះ​ហាមឃាត់​មិន​អោយ​បង្រៀន វគ្គ​បណ្តុះបណ្តាល​ពី​វិធី​ចិញ្ចឹម​មាន់ តាម​បែប​ធម្មជាតិ​និង​ការ​ផ្សំ​ចំណី​មាន់ តាម​បែប​ធម្មជាតិ​របស់​ប្រជា​សហគមន៍ នៅ​ភូមិ​ត្រពាំង​ពពេល ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង នេះ​បើ​តាម​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ២០១៨ នេះ​។

ការ​ចុះ​ឃាត់​ប្រជា​សហគមន៍​នៅ​ពេល​នេះ បង្ក​អោយ​មានការ​ងើយ​ឆ្ងល់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ខណៈ​ដែល​តំណាង​ប្រជា​សហគមន៍ ហៅ​ទ​ង្វើ​នេះ​ថា ការ​គំរាមកំហែង និង​រារាំង​ការ​អភិវឌ្ឍន៍​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ ។

អ្នកស្រី ខៀវ សា​រ៉ុ​ន តំណាង​ប្រជា​សហគមន៍​ក្នុងភូមិ​ពពេល ថ្លែងប្រាប់​អោយ​ដឹង​ថា មុន​បើក​វគ្គ​បណ្តុះបណ្តាល​ពី​វិធី​ចិញ្ចឹម​មាន់​នេះ អ្នក​ភូមិ​បាន​ទៅ​សុំ​ការ​អនុញ្ញាតិ ពី​អភិបាលស្រុក និង​ការិយាល័យ​កសិកម្ម​ស្រុក​រួច​ហើយ​ដែរ ហើយ​ក៏​ទទួល​បានការ​យល់ព្រម​ឯកភាព ផង​ដែរ ។

អ្នកស្រី បន្ត​ថា ប៉ុន្តែ​ដល់​ពេល​ន​ង្រៀ​ន បែរជា​សមត្ថកិច្ច​ចុះ​មក​បិទ​វគ្គ​បណ្តុះបណ្តាល​វិញ ដោយ​នគរបាល​ប្រាប់​ថា មក​ពី​អ្នក​ភូមិ មិន​សុំ​ច្បាប់​ជួបជុំ​គ្នា ពី​សាលាខេត្ត ។

អ្នកស្រី បាន​ហៅ​ទ​ង្វើ​នេះ​ថា ជា​ទ​ង្វើ​ដែល​បង្អាក់ ការ​ចង់​ចេះ ចង់​ដឹង​របស់​អ្នក​ភូមិ ហើយ​អ្នកស្រី​ស្នើ​ឱ្យ​សមត្ថកិច្ច​ថ្នាក់លើ មេត្តា​អន្តរាគមន៍​ដោះស្រាយ​ចំពោះ​រឿង​នេះ​ផង ។

ប្រភព​ពី​លោក ញ៉ា​ញ់ ផែន នាយ​ប៉ុស្តិ៍​នគរបាល និង​រដ្ឋបាល ឃុំ​អំពិល ស្រុក​រមាស​ហែក បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ករណី​នេះ​អោយ​បាន​លម្អិត​នៅឡើយ​ទេ ដោយ​លោក​សន្យា​ថា នឹង​បំភ្លឺ នៅ​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​ខ្លី ចែករំលែក​បទ​ពិសោធន៍ ពី​វិធី​ចិញ្ចឹម​មាន់​របស់​ប្រជា​សហគមន៍ នៅ​ភូមិ​ត្រពាំង​ពពេល មាន​អ្នកចូលរួម​ចំនួន​៣៤​នាក់ ដែល​មក​ពី​៣៤​គ្រួសារ ដែល​រស់នៅ​ស្រុករ​មា​ហែក ខេត្តស្វាយរៀង ។ ហើយ​វគ្គ​បង្រៀន​នេះ ផ្តោត​សំខាន់​ពី​វិធី​ចិញ្ចឹម​មាន់ ការ​ជ្រើសរើស​ពូជ​មាន់ ចំណី​មាន់ តាម​បែប​ធម្មជាតិ ដើម្បី​លើក​ស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ៕