ភ្នំពេញ៖ បន្ទាប់ពីក្រសួងមហាផ្ទៃស្នើឲ្យផ្លាស់ប្ដូរឈ្មោះនោះមក លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរ សាធារណរដ្ឋ បានអះអាងថា លោកគ្មានគំនិតផ្លាស់ប្តូរឈ្មោះគណបក្សរបស់លោកឡើយ។

លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ ដែលត្រូវជាកូនប្រុសរបស់លោកសេនាប្រមុខ លន់ ណល់ បានឲ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ថា លោកបានឮដំណឹងនេះដែរ ប៉ុន្តែលោកមិនទាន់ទទួលបានលិខិតជាផ្លូវការណាមួយនៅឡើយ។

លោកប្រធានគណបក្សខ្មែរសាធារណរដ្ឋ បានបញ្ជាក់ថា “ខ្ញុំបានឮដំណឹងនេះដែរ ប៉ុន្ររហូតតែមកដល់សព្វថ្ងៃនេះ ខ្ញុំចាំមើលថា តើវាមានអ្វីទៀតកើតឡើង”។ ប៉ុន្តែទោះជាយ៉ាងណា លោកគ្មានបំណងដូរឈ្មោះគណបក្សនោះទេ ប៉ុន្តែលោករង់ចាំស្ថានការណ៍ទៅមុខទៀតសិន។

លោកប្រធានគណបក្សខ្មែរសាធារណរដ្ឋ បានបញ្ជាក់ទៀតថា “ខ្ញុំគ្មានបំណងដូរឈ្មោះគណបក្សទេ ហើយយើងរង់ចាំមើលសិន ថាតើគេមានគោលបំណងយ៉ាងដូចម្តេច បានជាគេស្នើមក”។ គណបក្សមិនបានធ្វើអ្វីខុសទៅនឹងលក្ខនិ្តកៈរបស់ក្រសួងមហាផ្ទៃនោះទេ។

កូនប្រុសរបស់លោកសេនាប្រមុខ លន់ ណល់ រូបនេះ បានបន្ដថា “គណបក្សខ្ញុំ អត់មានធ្វើអ្វីខុសនោះទេ គឺខ្ញុំគោរពតាមលក្ខន្តិកៈ ការពារស្រុកប្រទេស និងការពារព្រះមហាក្សត្រ។ ខ្ញុំយល់ថា មិនមានអ្វីដែលធ្ងន់ធ្ងរត្រូវដូរនោះទេ ជាងនេះគណបក្សរបស់ខ្ញុំមានឈ្មោះជាង១០ឆ្នាំមកហើយ”។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានស្នើឲ្យគណបក្សខ្មែរសាធារណរដ្ឋ របស់លោក លន់ ឫទ្ធិ ដែលត្រូវជាកូនលោកសេនាប្រមុខ លន់ ណល់ ឲ្យដូរឈ្មោះគណបក្ស ក្រោមហេតុផលថា ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរមានការភ័យខ្លាច។

សម្តេច ស ខេង មានប្រសាសន៍ថា “ឥឡូវយើងរកវិធីម៉េច កែឈ្មោះគណបក្សហ្នឹង ពីព្រោះឈ្មោះហ្នឹង របប វាខុសគ្នា ការកំណត់របបនយោបាយ គណបក្សហ្នឹងហើយ វាអត់ឆ្លុះបញ្ចាំងទេ ទោះបីយ៉ាងណាក៏​ដោយ យើងរកវិធីដោះស្រាយអាហ្នឹង មានតែប្រាប់ទៅគណបក្សសុំឲ្យប្ដូរឈ្មោះ។ ហេតុផលកុំឲ្យពលរដ្ឋស្ដាប់ទៅថា អ្នកឯងជាគណបក្សមួយ មិនគោរពរដ្ឋធម្មនុញ្ញ។ អ៊ីចឹងខ្ញុំកំពុងចាត់អ្នកជំនាញ ដើម្បីកំពុងតែសិក្សាពិភាក្សាជាមួយគណបក្សហ្នឹង ឲ្យប្ដូរឈ្មោះទៅ ថ្ងៃក្រោយកុំឲ្យដាក់សាធារណរដ្ឋខ្មែរ អ៊ឺចឹងទៀត ដាក់ឈ្មោះស្អីអ៊ីចឹង”៕