ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​ថា សម្តេច​ជា​អ្នក​រៀបចំ​ផែនការ​ផ្ទេរ​ការ​ឃុំខ្លួន​លោក កឹ​ម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មក​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​វិញ ។

ការ​ថ្លែង​បែប​នេះ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន នៅ​ក្នុង​ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ២០១៨​នេះ ហើយ​ការ​សម្រេច​នេះ ក៏​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចរចារ និង​ការ​យល់ព្រម​ពី​លោក កឹ​ម សុខា ផង​ដែរ ។

សម្តេច​ក្រឡាហោម បាន​ថ្លែង​បញ្ជាក់​ថា សម្តេច​បាន​ចាត់តាំង​ឲ្យ​មន្ដ្រី​ក្រសួងមហាផ្ទៃ ទៅ​ចរចា​ជាមួយ​លោក កឹ​ម សុខា ក្នុង​ពន្ធនាគារ និង​ប្រាប់​ឲ្យ​ចុះ​លេខា លើ​សេចក្ដី​ព្រាង​លិខិត​មួយ ដែល​ត្រូវ​បានដឹង​ថា លោក កឹ​ម សុខា បាន​ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​រូប​លោក​អំឡុង​ពេល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​ក្នុងផ្ទះ​នេះ ។

សូម​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ដឹក​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ផ្ទះ​របស់​លោក​វិញ កាលពី​វេលា​ម៉ោង​៣​ព្រឹក ថ្ងៃ​ទី​១០ កញ្ញា ដោយ​បញ្ហា​សុខភាព​៕