ចែករំលែក

ភ្នំពេញ៖ យុវជន២នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូដេញវាយគ្នា ជ្រុលចង្កូតទៅបុកជាមួយរថយន្តដឹកដូង ក្នុងទិសដៅបញ្ច្រាស់គ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខសួនវឌ្ឍនៈ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលស្លែ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

ជនរងគ្រោះទាំង២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតខាងលើ ទី១មានឈ្មោះ ហេង វិថី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបបជាសិស្សថ្នាក់១១ សាលានរោឧមរានរិតជង្រុក រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ និងជាម្ចាស់ម៉ូតូ ។ និងទី២ឈ្មោះខាត់ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបនៅផ្ទះ ភូមិផ្សារគុមឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 1A-1803 បានដឹកដូង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ឡើងពីខេត្តកំពតមកភ្នំពេញ ក្នុងទិសដៅលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូ៦ទៅ៧គ្រឿង មានមនុស្សប្រុសស្រី ជិះប្រហែលជាង១០នាក់ តាមបណ្តោយផ្លូវជាតិលេខ៣ ធ្វើដំណើរពីកើតទៅលិច ដោយដៃខ្លះកាន់ខ្សែរក្រវាត់នឹងដុំថ្ម ជិះម៉ូតូដេញវាយគ្នាពេញផ្លូវ ខណៈនោះមានយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីឡេត ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1U-2619 ក្នុងល្បឿនលឿន ហើយក៏រេចង្កូតចូល ទៅខាងចំណែកផ្លូវរថយន្ត បុករថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់ បោកក្បាលជាមួយរថយន្តនិងថ្នល់ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ទាំង២នាក់យ៉ាងអាណោចអធម៌ រីឯម៉ូតូបានខ្ទេចផ្នែកខាងមុខទាំងស្រុង ។ ភ្លាមៗម្ចាស់រថយន្ត ក៏បានបន្តដំណើរទៅដល់ គោលដៅ២៤ម៉ោងរបស់សមត្ថកិច្ច ដែលនៅក្បែរកន្លែងកើតហេតុ ប្រហែលមួយគីឡូម៉ែត្រ ក៏ឈប់រថយន្តឱ្យសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្ដិ៍តែម្ដង ។

ក្រោយកើតហេតុ មានសាច់ញាតិសពជនរងគ្រោះ ជាច្រើននាក់ បានមកដល់កន្លែងកើតហេតុ ទាំងអារម្មយ៍តក់ស្លុត ទួញយំបោកខ្លួនសោកស្ដាយ ជនរងគ្រោះដែលស្លាប់។ បន្ទាប់មកសមត្ថកិច្ចជំនាញ ចរាចរណ៍បានធ្វើការវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងអ្នកបើកបរ ប្រគល់ឲ្យការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

ចំណែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើត តាមប្រពៃណី៕