ខេត្ត​កំពង់ស្ពឺ៖ ស្រ្ដីម្នាក់ឃើញប្ដីរបស់នាង ជិះម៉ូតូស៊េរីទំនើបគួរឲ្យសង័្សយត្រឡប់មកផ្ទះ ហើយមិនព្រម​យក​​ម៉ូតូនោះ ត្រឡប់​ទៅធ្វើកន្លែងធ្វើការ នៅឯខេត្តព្រះសីហនុ វិញ ធ្វើឲ្យនាងភ័យខ្លាចមានការជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីផ្សេង ក៏យកម៉ូតូនោះទៅប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលា​ម៉ោង២ និង​៣០​នាទី​រសៀល​ ថ្ងៃទី​១៤ កញ្ញា ឆ្នាំ២០១៨។

មន្រ្ដីនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ស្រ្ដីដែលយកម៉ូតូមកប្រគល់ឲ្យសមត្ថកិច្ចនោះ ​ឈ្មោះ រ៉​ត ម៉ាច ​អាយុ២៤​ឆ្នាំ មានប្ដីឈ្មោះ ​ឡុ​ង ដែន អាយុ២៧​ឆ្នាំ សព្វថ្ងៃ​​ធ្វើការជាសន្ដិសុខ ​នៅ​ខេត្ដ​ព្រះ​សីហ​នុ។ ពួក​គេទាំង២នាក់ប្ដីប្រពន្ធ មានលំ​នៅ​ក្នុងភូមិ​តា​ឡក ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ។ រីឯម៉ូតូដែលនាងសង័្សយខ្លាចមានជាប់ពាក់ព័ន្ធនឹងបទល្មើសនោះ ​ម៉ាក ZOMER X លេខ​តួ 1F5107903 ពណ៌​ត្រួយ​ចេក​ លាយ​ខ្មៅ គ្មាន​ស្លាក​លេខ។

មន្ត្រីនគរបាល​ដដែល បាន​បន្ត​ថា មុនពេលកើតហេតុ ប្ដីរបស់នាងបានជិះម៉ូតូខាងលើ ចេញពីកន្លែង​ធ្វើការ ​នៅ​ឯខេត្តព្រះសីហនុ ដើម្បីលេងនាងជាប្រពន្ធ។ លុះ​​ពេល​ប្ដីរបស់នាងត្រឡប់​ទៅ​វិញ បែរ​ជាមិនព្រមយកម៉ូតូនោះទៅជាមួយ ធ្វើឲ្យនាងសង័្សយ ក៏សាកសួរប្ដីរបស់នាង។ ប៉ុន្តែប្ដីរបស់នាងគ្រាន់​តែឆ្លើយថា ខ្ចីម៉ូតូគេជិះ។

មន្រ្ដីនគរបាលដដែល បានបន្ដថា ដោយសារតែឃើញប្ដីរបស់នាង មិនព្រមយកម៉ូតូខាងលើត្រឡប់ទៅ​វិញ ធ្វើឲ្យនាងកើតមានការសង័្សយ ខ្លាចមានការជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីផ្សេង ទើបនាងយកម៉ូតូនេះ មកប្រគល់ជូនសមត្ថកិច្ច រក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ​ប្តី​របស់នាងត្រឡប់​មក​វិញ​ សាកសួរម្តងទៀត។

ជាមួយគ្នានេះ សមត្ថកិច្ចនគរបាលស្រុកឧដុុង្គ បានកោតសរសើរស្ត្រី​ខាងលើថា នេះគឺជា​គំរូ​ដ៏​ល្អ​មួយ​ ដែល​ប្រជាពលរដ្ឋ​គួរតែ​យក​គំរូ​តាម ព្រោះ​រស់នៅ​ក្នុង​សង្គម ​ត្រូវ​តែ​គោរពច្បាប់ ដើម្បី​កុំ​ឱ្យ​​មានការជាប់​ពាក់ព័ន្ធ​​ទោស​ទណ្ឌ​ដល់​ខ្លួន​៕