ខេត្ត​ក្រចេះ៖ សាកសព​របស់បុរសមាន​វ័យប្រហែល​ជាង​៤០​ឆ្នាំ​ ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​​អណ្តែត នៅ​ក្នុង​​ទឹក​បឹង ​ខាងក្រោយ​សាលា​បឋម​សិក្សា​ភូមិ​ត្នោត​ ស្ថិតក្នុង​ឃុំ​ពង្រ​ ស្រុក​ឆ្លូង​ កាលពី​ព្រឹក ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​

បើតាមសម្ដីរបស់គ្រួសារ​ជន​រង​គ្រោះ ​បានឱ្យ​ដឹង​ថា ​កាលពី​យប់ ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ២០១៨ កន្លងទៅនេះ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​បាត់ ដោយ​ប្រាប់​ក្រុម​គ្រួសារ​ថា​ គាត់ទៅ​រក​ចាប់​សត្វ​គីង្គក់​ នៅ​ខាងក្រោយ​ភូមិ​។​ ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ ពួកគាត់មិនបានឃើញ​ជន​រង​គ្រោះ​ ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​រកដែរ តែ​រក​មិនឃើញ​។ លុះមកដល់​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ២០១៨ ទើប​ពលរដ្ឋ​ប្រទះ​​ឃើញ​សាកសព ​អណ្តែតក្នុងទឹក​បឹង ​នៅ​ខាងក្រោយ​ភូមិ ក៏បង្ក​ឲ្យភ្ញាក់ផ្អើលឡើង និងរាយការណ៍ទៅសមត្ថកិច្ច។​

លោក​វរសេនីយ៍ឯក​ ឆុង​ តូ​រ៉ា​ន់​ ​អធិការ​នគរបាល​ស្រុក​ឆ្លូង​ បានឱ្យ​ដឹង​ថា ​ជន​រងគ្រោះ ​ឈ្មោះ​ អ៊ំ​ សា​រ៉ា​ន់​ អាយុ​៤៤​ឆ្នាំ​ ជនជាតិខ្មែរ​ មាន​លំនៅ​ក្នុងភូមិ​ព្រែក​សំរោង​ទី​១​ ឃុំ​ខ្សាច់​អណ្ដែត​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ។​

​លោក​អធិការ​នគរបាលស្រុក​ឆ្លូង​ បាន​បញ្ជាក់​ថា​ បើតាម​ការ​ពិនិត្យ​ទៅ​លើ​ដងខ្លួន​សាកសព​ និង​ទីតាំង​ជុំវិញបរិ​វេណ ​រក​ឃើញ​ស្លាកស្នាម​នៅ​លើ​សាកសព​ផ្នែក​ខាងឆ្វេង​មាន​ស្នាម​ជាំ​ក​ ទន់​ និង​មាន​ស្នាម​បែក​លើ​ត្របកភ្នែក​ខាងឆ្វេង​។​ ករណីនេះ លោក​បាន​ដាក់​ការ​សន្និដ្ឋាន​​ថា​ជាអំពើឃាតកម្ម​។​

ក្រោយពេលធ្វើកោសល្យវិច័យរួចហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះ​ ជូនទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ បច្ចប្បន្ន សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនដៃដល់ នាំមកផ្ដន្ទាទោសតាមច្បាប់៕