ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា វេទិកាក្រុមហ៊ុនចុះបញ្ជីនឹងបង្កើនទំនុកចិត្តដល់សាធារណៈជនក៏ដូចបង្កើនការចាប់អារ​ម្មណ៍ទៅលើតម្លៃភាគ​ហ៊ុន​របស់ក្រុមហ៊ុនដែលបានចុះបញ្ជី។

លោក ហុង សុហួរអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ក្នុង វេទិកាក្រុមហ៊ុនចុះបញ្ជី «សក្តានុពលនៃកំណើនប្រកបដោយចីរភាព»កាលពីថ្ងៃទី១២កញ្ញាថា វេទិកាក្រុមហ៊ុនចុះបញ្ជីនេះរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្តរបស់សាធារណជន ក៏ដូចជាវិនិយោគិនដែលមានស្រាប់ អំពីក្រុមហ៊ុនដែលបានចុះបញ្ជីរួច តាមរយៈការជួបផ្ទាល់ជាមួយក្រុមហ៊ុន និងការទទួលបាននូវព័ត៌មានថ្មីៗ ក៏ដូចជាការវិភាគដែលពាក់ព័ន្ធ។

លោកបញ្ជាក់ថា វេទិកានាថ្ងៃនេះ នឹងជួយបង្កើនការចាប់អារម្មណ៍មកលើភាគហ៊ុន និងធ្វើឱ្យថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីអាចឆ្លុះបញ្ចាំងអំពីស្ថានភាពពិតរបស់ អាជីវកម្ម និងការផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍នានាពាក់ព័ន្ធនឹងអាជីវកម្ម។
លោកលើកឡើងថា ៖«បច្ចុប្បន្ននេះ យើងមានក្រុមហ៊ុនចុះបញ្ជីចំនួនប្រាំ ហើយយើងរំពឹងថានឹងមានក្រុមហ៊ុនចុះបញ្ជីថ្នីចំនួនពីរទៀត ដែលនឹងអាចរៀបចំខ្លួនរួចរាល់នៅដំណាច់ ឆ្នាំនេះ និងក្រុមហ៊ុនមួយចំនួនទៀតនៅដើមឆ្នាំក្រោយ។ សញ្ញាប័ណ្ណសាជីវកម្មដំបូងគេនៅផ្សារមូលបត្រកម្ពុជាយើង ក៏រំពឹងថានឹងអាចបោះផ្សាយដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត នាពេលឆាប់ៗខាងមុខនេះ»។