ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នំា២០១៨នេះអាចនឹងទទួលបានកំណើន៧,២% ខ្ពស់ជាងឆ្នំា២០១៧ មានតែ៧% ហើយកំណើនដែលទទួលបានគំាទ្រដោយវិស័យសំណង់ កាត់ដេរ​និងវិស័យទេសចរ។នេះបើយោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) លើកឡើងនៅក្នុងជំនួបជាមួយ​មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃ​កម្ពុជាកាល​ពីថ្ងៃទី១១ កញ្ញា។

ចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨ ការិយាល័យ AMRO លោកស្រីបណ្ឌិត Junhong Chang បានវាយតម្លៃខ្ពស់ថា កម្ពុជានឹងអាចទទួលបានកំណើនក្នុងអត្រា ៧,២% ខ្ពស់ជាងឆ្នាំ២០១៧ (៧%)។ កំណើនខ្ពស់នេះគាំទ្រដោយកំណើនរឹងមាំក្នុងវិស័យសំណង់ កំណើនខ្ពស់ក្នុងវិស័យកាត់ដេរនិងទេសចរណ៍។ ទន្ទឹមនេះ ការកើនឡើងចំណាយរ​បស់​រាជរដ្ឋាភិបាល ដូចជាទៅលើការបង្កើនប្រាក់បៀវត្សរ៍និងការវិនិយោគសាធារណៈ ក៏រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ ផងដែរ។

ចំណែកឯអត្រាអតិផរណារំពឹងថានឹងបន្តស្ថិតក្នុងកម្រិតទាបប្រមាណ ៣,១%។ ទុនបម្រុងអន្តរជាតិបន្តកើនឡើងជាលំដាប់ ដល់ប្រមាណ ១០ ប៊ីលានដុល្លារអាមេរិក នៅចុងឆ្នាំ២០១៨ ដែលអាចធានាលើការទូទាត់ការនាំចូលទំនិញនិងសេវាបានប្រមាណ ៦ខែ។ ម៉្យាងទៀត សូចនាករក្នុងវិស័យហិរញ្ញវត្ថុបានបង្ហាញស្ថានភាពល្អប្រសើរ ក្នុងស្ថានភាពដែលឥណទានទៅកាន់វិស័យឯកជនស្ថិតក្នុងកម្រិតសមស្រប។

ដើម្បីរក្សាបានកំណើនរឹងមាំប្រកបដោយចីរភាព ការិយាល័យ AMRO បានផ្តល់អនុសាសន៍ដល់កម្ពុជាឱ្យបន្តកិច្ចខំប្រឹងប្រែងនិងពន្លឿនការកែទម្រង់រចនាសម្ព័ន្ធ រក្សាស្ថិរភាពហិរញ្ញវត្ថុ បន្តគរពូនទុនបម្រុងអន្តរជាតិ ផ្តល់អាទិភាពធនធានសារពើពន្ធលើការចំណាយដែលជួយជំរុញកំណើន និងពង្រឹងភាពប្រកួតប្រជែង។

លោ ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់គណៈប្រតិភូការិយាល័យ AMRO ដែលបានសម្តែងការអបអរសាទរនិងបន្តគាំទ្រដល់រាជរដ្ឋាភិបាលថ្មី និងបានមកបំពេញបេសកកម្មនៅកម្ពុជា។ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃបេសកកម្មរបស់ការិយាល័យ AMRO ដែលបានជួយតាមដានស្ថានភាពសេដ្ឋកិច្ចនិងផ្តល់អនុសាស​ន៍សម្រាប់​ការបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។បន្ថែមលើសពីនេះលោកទេសាភិបាល ក៏បានស្នើសុំការិយាល័យ AMRO បន្តជួយអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅធនាគារជាតិ​នៃកម្ពុជាតាមរយៈការផ្តល់ជំនួយបច្ចេកទេសនិងបន្តផ្តល់ឱកាសឱ្យមន្ត្រីធនាគារជាតិនៃកម្ពុជាហាត់ការងារ (Secondee) នៅការិយាល័យ AMRO នាពេលខាងមុខថែមទៀត។