បរទេស៖ លោក Steve Bannon អតីតមន្ត្រីជំនាញនយោបាយប្រចាំ នៅសេតវិមាន កាលពីថ្ងៃទី១០ ខែកញ្ញា ម្សិលមិញ ត្រូវបាសារព័ត៌មាន រ៉យទ័រដកស្រង់សម្តី ដោយបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការធ្វើរដ្ឋប្រហារ។ អ្វីដែលមនុស្សគ្រប់គ្នាបានមើលឃើញ នាពេលកន្លងមក គឺពិតជារឿងតានតឹងណាស់។ នោះជាការវាយប្រហារទៅលើរបបដឹកនាំមួយ ហើយការធ្វើរដ្ឋប្រហារ ក៏ដូច្នេះដែរ»។

សារព័ត៌មាន The New York times បានផ្សាយនូវអត្ថបទវិភាគរបស់មន្ត្រីជាន់ខ្ពស់អាមេរិក នៅ​សេត​វិមាន ដែលមិនបញ្ចេញឈ្មោះ ក៏បាននិយយាយពាក់ព័ន្ធនឹងការដឹកនាំប្រកបដោយអសមត្ថភាពរបស់លោកត្រាំ ផងដែរ។ នៅក្នុងអត្ថបទនោះ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់លោកត្រាំ កំពុងតែរារាំងនូវកម្មវិធីនយោបាយមួយចំនួនរបស់លោកត្រាំ ដែលមិននាំមកនូវផលប្រយោ​ជន៍ដល់ប្រទេសអាមេរិក។ កន្លងមក លោកប្រធានាធិបតី ត្រាំ បានបញ្ជាទៅក្រសួងយុត្តិធម៌ឲ្យស្វែង​រកអ្នកណាដែលជាអ្នកសរសេរនូវអត្ថបទខាងលើ ដែលបង្កឲ្យមានអសន្តិសុខជាតិ។

លោក Bannon អតីតមន្ត្រីជំនាញនយោបាយប្រចាំ នៅសេតវិមាន ក៏បានបញ្ជាក់ទៀតថា នៅពេលបច្ចុប្បន្ននេះ លោកប្រធានា​ធិបតីកំពុងតែជួបនូវបញ្ហាដូចទៅនឹងការធ្វើរដ្ឋប្រហារ ពេលមន្ត្រីថ្នាក់ក្រោមប្រឆាំងនឹងបញ្ជារបស់លោកប្រធានាធិបតី។

លោកអតីតមន្ត្រីជំនាញនយោបាយប្រចាំនៅសេតវិមាន បានបន្តទៀតថា នេះជាវិបត្តិ ពីព្រោះអាមេ​រិក ​ធ្លាប់ជួបវិបត្តិបែបនេះ នៅក្នុងឆ្នាំ១៨៦២ ខណៈមេទ័ព McClellan និងមន្ត្រីជាន់ខ្ពស់ក្នុង គណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ថា លោក Abraham Lincoln មិនមានសមត្ថភាពនៅក្នុងការដឹកនាំប្រទេសជាតិ។ ដោយឡែក នៅក្នុងស្ថានភាព បច្ចុប្បន្ន មន្ត្រីនៅក្នុងគណបក្សសាធារណរដ្ឋកាន់អំណាច បានយល់ឃើញថា លោកត្រាំមិនស័ក្តិសម បន្តកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកបន្តទៀតឡើយ។

លោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាអាមេរិក មកពីរដ្ឋ Massachesetts កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់គណៈរដ្ឋមន្ត្រី និងសភា ត្រូវដកហូតតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកពី លោក ត្រាំ ដោយសារតែលោកបង្កឲ្យមានវិវាទកាន់តែខ្លាំងឡើង បន្ទាប់ពីមានអត្ថបទ ស្តីពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានរិះគន់លោក ត្រាំ ៕