សិល្បៈ៖ ថ្វីបើមួយរយៈចុងក្រោយនេះ តារាពហុជំនាញ លោក សុខ ដែន ស្ងប់ស្ងាត់ពីការសម្ដែងក៏ពិតមែន ប៉ុន្តែនៅពេលនេះលោកបានហក់ចូលខ្លាំង នៅក្នុងវិស័យសិល្បៈចម្រៀងវិញម្ដង ដោយក្នុងនោះមានបទចម្រៀងជាច្រើនរួចមកហើយ ដោយទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់មហាជន ។

ជាថ្មីម្ដងទៀត ណោក្នុងឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ កាន់តែខិតជិតមកដល់នេះ អតីតគ្រូក្បាច់គុនខ្មែរខាងលើ បានចេញបទចម្រៀងថ្មីមួយបទ ព្រមទាំងមាន MV ផ្លូវការផងដែរ ដែលមានចំណងជើងថា «ជុំគ្នាថ្ងៃ ភ្ជុំបិណ្ឌ» ។

បទ «ជុំគ្នាថ្ងៃ ភ្ជុំបិណ្ឌ» ជាចង្វាក់រាំវង់ មានបញ្ចូលចង្វាក់រ៉េប ច្រៀងដោយលោក សុខ ដែន ជាមួយ Dj Klam និងជាការនិពន្ធទំនុកច្រៀងរបស់ Dj Klam ផ្ទាល់តែម្ដង។ សម្រាប់បទចម្រៀងមួយបទខាងលើនេះទៀតសោត លោកសង្ឃឹមថា នឹងមានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូន ដោយតែជា​បទចម្រៀងនេះ ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ម្យ៉ាងទៀតអត្ថន័យ នៃបទចម្រៀង មានលក្ខណៈល្អបំផុត បង្កប់ទៅដោយការអប់រំដល់កូនខ្មែរឱ្យចេះធ្វើបុណ្យសន្សំកុសល៕
សហការី KBN