កំពង់ស្ពឺ ៖ ពុក​ម៉ែ​បងប្អូន ប្រាកដជា​នៅ​ចាំ​បេក្ខជន​ប្រឡង​ម្នាក់ ដែល​ប្រលង​មួយ​បន្ទប់ មាន​តែ​ម្នាក់ឯង​គត់ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នោះ ហើយ​ឯកឧត្តម ឱម យិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ពិនិត្យ​ផ្ទាល់​ទៀត តើ​ចង់​ដឹង​ទេ​ថា លទ្ធផល​នៃ​ការ​ប្រលង​បាក់​ឌុ​ប​របស់​បេក្ខជន​រូប​នេះ ជាប់ ឫ​ក៏​ធ្លាក់ ?

យោង​តាម​ការ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​បង្ហាញ​ថា បេក្ខជន​ម្នាក់​ដែល​ត្រូវ​អង្គុយ ក្នុង​បន្ទប់​១​តែ​ម្នាក់ឯង បាន​ប្រឡង​ជាប់​ហើយ ប្រឡង​ជាប់​និទ្ទេស D ទៀត​ផង ។

បេក្ខជន​ខាងលើ​នេះ មានឈ្មោះ សេ​ម វិចិត្រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្នង ឃុំ​ស្តុក ស្រុក​គងពិសី ។

សូម​រម្លឹក​ថា នៅ​មណ្ឌល​បឋម​សិក្សា​វ​ល្លិ៍​ស បន្ទប់​លេខ​១៣ ដែល​ជា​មណ្ឌល​មួយ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ មាន​តែ​បេក្ខជន​ម្នាក់​គត់ ចូលរួម​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​នេះ ខណៈ​ដែល​ឯកឧត្តម ឱម យិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ពិនិត្យ​ផ្ទាល់​តែ​ម្តង ។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត បាន​ប្រាប់​ថា បានជា​គេ​ដាក់​ឲ្យ​បេក្ខជន​រូប​នេះ​ប្រឡង​បន្ទប់​១​ម្នាក់ឯង ដោយសារ​តែ​គេ​ជ្រើសរើស​យក​ភាសា​បារាំង ។

បើ​តាម​បេក្ខជន​ឈ្មោះ សេ​ម វិចិត្រ បាន​ប្រាប់​ថា រូបគេ​រៀន​នៅ​វិទ្យាល័យ​ទ័ព​មាន​ជ័យ មាន​មិត្តភក្តិ​រួម​ថ្នាក់​ធម្មតា ពេល​ប្រឡង​ឌី​ប្លូ​ម ក៏​ប្រឡង​ធម្មតា បន្ទប់​១ មាន​បេក្ខជន​២៥​នាក់ ដូច​គេឯង​ដែរ ប៉ុន្តែ អ្វី​ដែល​ចម្លែក​នោះ ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ រូបគេ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រឡង​តែ​ម្នាក់ឯង ។

ចំពោះ​បញ្ហា​នេះ​រូបគេ​មិនតូច​ចិត្ត​នោះ​ទេ ថ្វី​ត្បិត​រូបគេ​ជា​មនុស្ស​ពិការ (​ជើង​ឆ្វេង​) ហើយ​មាន​ជំងឺ​សើ​ស្បែក​ទៀត​ផង ។ រឿង​ដែល​គ្រូ​ៗ​ដាក់​ឲ្យ​គេ​ប្រឡង​បន្ទប់​១ ម្នាក់ឯង ទំនងជា​គេ​រើសអើង​ដោយសារ​ជំងឺ​សើ​ស្បែក​របស់​គេ​ហើយ​មើលទៅ ទើប​គេ​ត្រូវ​អង្គុយ​ប្រឡង​ម្នាក់ឯង​បែប​នេះ ។ ហើយ​សង្ឃឹម​៧០​ភាគរយ​ថា​នឹង​ជាប់ ។ ឥឡូវនេះ លទ្ធផល ពិតជា​ដូច​បំណង​របស់​បេក្ខជន​រូប​នេះ​ហើយ ៕