រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស ឆាយ លី​អាន គឺជា​បេក្ខជន​សិស្ស​ពូកែ​គណិត​វិទ្យា ទាំង​ក្នុង​ប្រទេស និង​ឆាក​អន្ដរជាតិ និង​ទទួល​បាន​មេ​ដាស និង​មេដាយ​ផ្សេង​ៗ​ទៀត តែ​គួរ​អោយ​ហួសចិត្ត​នោះ​គឹ បែ​ជា​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​មិន​បាន​ល្អ ពោល​គឺ​ធ្លាក់​មុខ​វិជ្ជា​គណិត ទទួល​បាន​និទ្ទេស F ទៅ​វិញ ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ និង​ពិតជា​មិន​គួរ​អោយ​ជឿ ។

នេះ​ជា​លទ្ធផល​ដែល​គេ​មិន​អាច​ទទួលយក​បាន​ឡើយ ។ លី​អាន សង្កត់ធ្ងន់​ថា ករណី​នេះ​គឺ​អាច​មក​ពី​ការ​ស្រង់​ពិន្ទុ​តាម​រយៈ​កុំព្យូទ័រ មិន​ត្រឹមត្រូវ ព្រោះ​តាម​រយៈ​ការ​ធ្វើ​វិញ្ញាសា​គណិត​វិទ្យា​ពេល​ប្រឡង លី​អាន អាច​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត ហើយ​វិញ្ញាសា​មិន​លើស​ពី​កម្រិត​សមត្ថភាព​របស់​គេ​ឡើយ ។

យុវជន​ជា​សិស្ស​ពូកែ ផ្នែក​គណិត​វិទ្យា បាន​ស្នើ និង​អំពាវនាវ​សុំ​អោយ​មានការ​សើរើ​ឡើង​វិញ នូវ​កិច្ចការ​របស់​គាត់ ដែល​ហាក់​មិន​សាក​សម​ជាមួយនឹង​ការ​ខិតខំ​របស់​ខ្លួន​ឡើយ ។ ខណៈ​ដែល ឆាយ លី​អាន ស្នើ​ទៅ​កាន់​មន្ទីរ​អប់រំ​ខេត្តកំពត ដើម្បី​រក​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​នេះ ហើយ​ប្រសិនបើ​មន្ទីរ​អប់រំ​ខេត្ត មិន​អាច​រក​ដំណោះស្រាយ​បាន​ទៀត រូបគេ​នឹង​បន្ត​មក​ដល់​រាជធានី​ភ្នំពេញ​ទៀត ។

ម្ចាស់​ជ័យ​លា​ភី​សិស្ស​ឆ្នើម​គណិត​លេខ​១​ទូ​ទាំង​ប្រទេស​ប្រចាំឆ្នាំ​២០១៨ រៀបរាប់​ទាំង​ស្រងូតស្រងាត់​ថា «​ពិតជា​ខកបំណង​ខ្លាំង មិន​គួរ​ណា​លទ្ធផល​បែរជា​បែ​បន​នេះ​សោះ ព្រោះ​រូបគេ​បាន​រំពឹង​ថា នឹង​ទទួល​បាន​និទ្ទេស​A ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ​។ គ្រប់មុខ​វិជ្ជា​ស្ទើរតែ A ទាំងអស់​មាន​និទ្ទេស B តែ​២​មុខ​វិជ្ជា​ប៉ុណ្ណោះ​។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​តក់ស្លុត គឺ​គណិត​វិទ្យា​ដែល​ខ្លួន​បាន​ធ្វើ​ល្អ​បំផុត បែរជា​ធ្លាក់​ទៅ​វិញ​»​។

សូម​បញ្ជាក់​ថា ឆាយ លី​អាន មក​វិទ្យាល័យ​ហ៊ុន សែន ឈូក ក៏​ធ្លាប់​ជា​សិស្ស​ឆ្នើម​ជ័យ​លា​ភី​លេខ​២ លើ​មុខ​វិជ្ជា​គណិត​វិទ្យា​ក្នុង​ឆ្នាំ​២០១៥ កាល​រូបគេ​រៀន​ថ្នាក់​ទី​៩​ទៀត​ផង ។ បន្ថែម​ពី​នេះ យ លី​អាន គឺជា សិស្ស​ពូកែ​មុខ​វិជ្ជា​គណិត​វិទ្យា ទូ​ទាំង​ប្រទេស បាន​លេខ​១​ក្នុង​ឆ្នាំ​២០១៨ ។ ជា​ពិសេស​រូបគេ​ធ្លាប់​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ការ​ប្រកួត​គណិត​វិទ្យា​ប្រចាំ​តំបន់​អាស៊ាន ប្រកួត​ការ​ធ្វើ Research នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រកួត​លំដាប់ថ្នាក់​អន្តរជាតិ (IMO) នៅ​ប្រទេស​រ៉ូ​ម៉ា​ន់​នី ដែល​មានការ​ចូលរួម​ពី​១១៦​ប្រទេស​ជុំវិញ​ពិភពលោក​ទៀត​ផង​។

មហាជន​ជា​ច្រើន បាន​ដាក់​ច​ម្ង​ល់​ទៅ​នឹង​លទ្ធផល​នេះ ហើយ​ក៏​ចង់ឱ្យ​ក្រសួង​អប់រំ ចេញ​មុខ​មក​បកស្រាយ​ផង​ដែរ ៕