ខេត្តបាត់ដំបង ៖ កាស៊ីណូ​មួយ​កន្លែង ដែល​មាន​យីហោ ឃ្វី​ន ស្ថិត​នៅ​ចំ​កណ្តាល​ទីប្រជុំជន ដោយ​មានផ្ទះ​ពលរដ្ឋ​នៅ​ជាប់​ជុំវិញ នៅ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ប្រើ​ប៉ូ​លី​ស អោយ​ចាំ​បើកទ្វារ នឹង​ការពារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​រលូន​ទាំង​យប់​ទាំង​ថ្ងៃ ។

តាម​រូបភាព​ជាក់ស្តែង កាស៊ីណូ​ខាងលើ​នេះ មាន​យុវជន​ខ្មែរ​គ្រប់​សណ្ឋាន​មិន​ថា​ស្រី​ប្រុស​សុទ្ធតែ​ដើរ​ចូល​លេង​យ៉ាង​សប្បាយ មិន​ភ័យ​ខ្លាច​គេ​ចាប់ ដូច​លេង​នៅ​ក្រៅ​ឡើយ ពោល​គឺ​សុ​វត្តិភាព​មួយ​រយ​ភាគរយ ដោយសារ​មាន​ប៉ូលិស​ស្រាប់ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កាស៊ីណូ​ឃ្វី​ន​បាន​និយាយ​ថា កាស៊ីណូ​នេះ កន្លង​មក​ត្រូវ​បាន​អាជ្ញាធរ​បិទ​ម្តង​រួច​មក​ហើយ ដោយសារ​តែ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ តែ​បិទ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ចាប់ផ្តើម​បើក​ជា​ថ្មី ហើយ​បើក​ថ្មី​វិញ​នេះ មាន​អាគារ​ប្រណិត​ជា​មុន​ទៅ​ទៀត ។ ហើយ​ជា​រៀងរាល់ថ្ងៃ គេ​ហាក់​មិន​ដែល​ឃើញ ជនបរទេស​ណា​ចូល​លេង​ទេ សូ​ម្បី​តែ​ជនជាតិ​ថៃ ដែល​មាន​ព្រំដែន​ជាប់​គ្នា​ក៏​មិនឃើញ​ដែរ គឺ​ឃើញ​តែ​យុវជន​ខ្មែរ ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​តែ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ឯក គី​ម ពន្លក អធិការ​នៃ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​កំ​រៀង បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា កាស៊ីណូ​នេះ​មានច្បាប់​ត្រឹមត្រូវ ដែល​មាន​ថៅកែ​ជា​ខ្មែរ ហើយ​ក៏​មិន​អនុ​ញ្ញតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ដែរ គឺ​សម្រាប់​តែ​ជនបរទេស តែ​ប៉ុណ្ណោះ ។

ជុំវិញ​បញ្ហា​ដែល​ថា មាន​ប៉ូលិស​ចាំ​ការពារ​ឈរ​បើកទ្វារ ពាក់អាវ​រងារ សរសេរ​អក្ស​បរទេស​ថា ប៉ូលិស​នោះ លោក​អធិការ​ស្រុក​កំ​រៀង បាន​បញ្ជាក់​ថា ចំពោះ​ការ​ដាក់​ពង្រាយ​ប៉ូ​លី​ស​ឲ្យ​ឈរ​បើកទ្វារ នឹង​យាម​ឲ្យ​ខ្មែរ​ចូល​លេង​នៅ​ទីនោះ​គឺ​គ្មាន​ទេ គឺ​មាន​តែ​សន្តិសុខ​ក្រុមហ៊ុន​ឯកជន ដែល​ពាក់អាវ​ប៉ូ​លី​ស ។ ទោះជា​យ៉ាងណា លោក​ក៏​បានអោយ​មន្ត្រី​មាន​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ និង​អោយ​ដោះ​អាវ​ចេញ រួច​ហើយ​ដែរ ៕