ខេត្តព្រះសីហនុ៖ បន្ទាប់ពីជនអន្ធពាលជនជាតិចិនមួយក្រុម បានដកកាំភ្លើងបាញ់ប្រហារទៅលើគូទំនាស់ ហើយរត់គេចខ្លួនអស់រយៈពេលជាង១ខែនោះមក សមត្ថកិច្ចនគរបាលជំនាញបានស្រាវជ្រាវ រហូត​​ឃាត់ខ្លួនជន​ដៃដល់ចំនួន២នាក់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០​១៨ នៅក្នុងក្រុងព្រះសីហនុ។

ជនជាតិចិនទំនើងបាញ់គំរាមសម្លាប់ជនជាតិចិនដូចគ្នា

មន្ត្រីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់​ព័ន្ធនឹងករណីបាញគំរាមជនរងគ្រោះជាជនជាតិចិនដូចគ្នា ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E01115434 មុខរបរមិនពិតប្រាកដ មានលំនៅមិនពិតប្រាកដ និងទី២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ៣០ឆ្នាំ ជន​ជាតិចិន កាន់លិខិតឆ្លងដែនលេខ E92111985 មុខរបរមិនពិតប្រាកដ មានលំនៅមិនពិតប្រាកដ។ នៅក្នុងហេតុការណ៍បង្រ្កាប និងចាប់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចពាក់ព័ន្ធបានដកហូតវត្ថុតាងមួយចំនួន រួមមាន កាំភ្លើងខ្លី២ដើម ម៉ាក BERETA លេខ G643652 បង់១ មាន​គ្រាប់ចំនួន២ និងម៉ាក GIOCK19 លេខ WBEN763 បង់១ មានគ្រាប់៣គ្រាប់។

មន្ត្រីនគរបាលដដែល បានបន្តថា រីឯជនរងគ្រោះ នៅក្នុងអំពើបាញ់គំរាមនោះ​ រួមមាន ទី១-ឈ្មោះ ZHANG KUN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន (របួសភ្លៅខាងស្តាំ) ទី២-ឈ្មោះ YANG HUAIHUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន (របួសក្បាលជង្គង់ខាងស្តាំ) ទី៣-ឈ្មោះ YANG JUN GING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន (របួសគល់ភ្លៅស្តាំ និងដើមកំភួនជើងខាងឆ្វេង) និងទី៤-ឈ្មោះ LIU WEIMIN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន (របួសភ្លៅខាងស្តាំ)។ ជនរងគ្រោះទាំង៤នាក់ ស្នាក់នៅម្ដុំវិមានខ្សាច់មាស ហើយចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បច្ចុប្បន្នពួកគេបានវិលត្រឡប់ទៅប្រទេសចិនវិញហើយ។

មន្ត្រីនគរបាលដដែល បានឲ្យដឹងពីហេតុការណ៍បាញ់បោះយ៉ាងអនាធិបតេយ្យរបស់ជនជាតិចិនទំនើងមួយក្រុមខាងលើថា មុនពេលកើតហេតុ មានជនជាតិចិនមួយក្រុម​បានចូលទៅផឹកស៊ី នៅក្នុងភោជ​នីយ​ដ្ឋាន «ស៊ីហ៊ូ» ស្ថិតក្នុងក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ លុះមកដល់វេលាម៉ោង​៧ និង៣០នាទីយប់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្រាប់តែលេចមុខជនបង្កមិនស្គាល់អត្តសញ្ញាណ​២នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ស្លាកលេខប្រើស្កុតបិទពីលើ ពាក់មួកសុវត្ថិ​ភាព ពណ៌ខ្មៅ និងពាក់អាវរងា ពណ៌ខ្មៅ ដៃវែងទាំងពីរនាក់ មកបំផ្ទុះអាវុធបាញ់គំរាមទៅលើ​ជនរងគ្រោះ​ជាជនជាតិចិន៤នាក់ បណ្តាលឲ្យរបួសជើងទាំង៤នាក់ រួចហើយជនបង្កបានគេចខ្លួនបាត់។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានការបំផ្ទុះអាវុធបែបនេះភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យ នៅក្នុងកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់ចំនួន៩ និងគ្រាប់មិនទាន់បាញ់ចំនួន១ គ្រាប់​។ ក្រោយមក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរ​បាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវស៊ើប និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាន​ចំនួន២នាក់​ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០១៨។

មន្រ្ដីនគរបាលដដែល បានបន្ដថា បន្ទាប់ពីឃាត់ខ្លួននាំទៅសាកសួររួចមក ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេពិតជាបានប្រើភ្លើងខ្លីចំនួន២ដើមបាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ករណីនេះ គឺដោយសារតែពួកគេខឹងនឹងជនរងគ្រោះ ដែលបាននិយាយប្រមាថមើលងាយពួកគេថាជាមនុស្សដើរមិនត្រង់ផ្លូវ ដើរខុសបែបនេះ មិនមែនជាមនុស្សល្អ។ លុះពេលពួកគេទៅផឹក នៅក្នុងក្លឹបមួយកន្លែង​​ នៅតាមផ្លូវឧតុនិយម រហូតស្រវឹង ក៏នឹកឃើញរឿងចាស់ ទើបពួកគេមកបាញ់ជនរងគ្រោះតែម្តង។ ដោយឡែកកាំភ្លើងទាំងនេះ គឺពួកគេបានទិញពីជនមិនស្គាល់អត្តសញ្ញាណ ក្នុង១ដើមតម្លៃ៣៨០០​ដុល្លារ។ ប៉ុន្តែក្រោយពេលធ្វើសកម្មភាពរួចហើយ ពួកគេបានយកកាំភ្លើងទៅកប់នៅក្នុងដី ស្ថិតក្នុងក្រុមទី២២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទាំង២នាក់ទៅកាន់ការិយាល័យនគរបាល​​ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ចោទប្រកាន់ តាមផ្លូវច្បាប់៕