ភ្នំពេញ៖ ក្រោយពីសំឡឹងឃើញនូវការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន នៅក្នុងប្រទេសកម្ពុជា ទៅលើខ្សែភាពយន្តថៃកន្លងមកនាពេលកន្លងៗមកនេះ ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា នឹងរៀបចំ មហោស្រពភាពយន្តថៃ លើកទី៣ ឆ្នាំ២០១៨ (Thai Film Festival 2018) នៅកម្ពុជា ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចាក់បញ្ជាំង ខ្សែភាពយន្តថៃល្បីៗ ៤រឿង ដោយឥតគិតថ្លៃ នៅរោងភាពយន្ត Major Platinum Cineplex By Smart ស្ថិតនៅផ្សារទំនើប អ៊ីអនម៉ល២ សែនសុខ ។

លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ នៅកម្ពុជា បានមានប្រសាសន៍ នៅក្នុងសន្និសិទសារព័ត៌មាន នារសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា កម្មវិធី «Thai Film Festival 2018 ខាងលើនេះ ធ្វើឡើងក្នុងបំណង ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ រវាងអ្នក ផលិតខ្សែភាពយន្ត និងបណ្តាក្រុមហ៊ុន ដែលពាក់ព័ន្ធ ជាមួយវិស័យ ឧស្សាហកម្មភាពយន្ត របស់ប្រទេសកម្ពុជា និងប្រទេសថៃ ។ លោកបន្តថា នៅថ្ងៃដំបូងនៃការរៀបចំមហោស្របភាពយន្តថៃនេះ នឹងមានរៀបចំកម្មវិធី «ចាប់ដៃគូពាណិជ្ជកម្ម» រវាងពាណិជ្ជករថៃ និងកម្ពុជា ដែលជាវេទិការដ៏សំខាន់ ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកទេសនៃការថត និងការកាត់តភាពយន្តពីអ្នកជំនាញដូចជា ៖ អ្នកផលិតភាពយន្ត អ្នកដឹកនាំសម្ដែង និងអ្នកដែលមានទេពកោសល្យក្នុងវិស័យភាពយន្តមកពីប្រទេសទាំង២ ។

លោក ជីរ៉ាវុឍ សុវណ្ណាអាត បានលើកឡើងថា “យើងបានលើកយកខ្សែភាពយន្តថៃ ចំនួន៤រឿង មកដាក់បញ្ចាំង រយៈ ពេល៤ថ្ងៃនេះ ដែលរឿងទី១ មានចំណងជើងថា «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ដែលរឿងនេះ បានសំដែងរួមគ្នា ដោយតារាសម្តែងមកពី៤ប្រទេស (កម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា) មកចាក់បញ្ចាំង នាថ្ងៃទី១៣ កញ្ញា។ រឿងទី២ មានចំណងជើងថា «ខារ៉ាអូខេមរណៈ» ចាក់បញ្ចាំងនៅថ្ងៃទី១៤ ខែកញ្ញា នាម៉ោង៧ល្ងាចតទៅ, រឿងទី៣ មានចំណងជើងថា «ខ្មោចស្រីចាំអាគារ» ចាក់បញ្ចាំងនៅថ្ញៃទី១៥ ខែកញ្ញា វេលាម៉ោង ១២ថ្ងៃត្រង់ និងរឿងទី៤ មានចំណងជើងថា «រដឺនខកស្នេហ៍» ចាក់បញ្ចាំងនៅថ្ងៃទី១៦ ខែកញ្ញា វេលាម៉ោង១២ ថ្ងៃត្រង់” ។

បើតាមលោក ជីរ៉ាវុឍ សុវណ្ណាអាត បានបញ្ជាក់ថា “ខ្សែភាពយន្តថៃទាំង៤រឿង ដែលយកមកចាក់បញ្ចាំង ក្នុងឱកាស មហោស្រពភាពយន្តថៃ នាចុងសប្តាហ៍ទី២ នៃកញ្ញាខាងមុខនេះ អនុញ្ញាតិ ឲ្យទស្សនិកជន អាចចូលទស្សនា ដោយសេរី មិនគិតថ្លៃ ក្នុងមួយលើក ប្រមាណជិត៣០០នាក់ ហើយអ្នកទស្សនា អាចមក ទទួល យកសំបុត្រចូលទស្សនា នៅមុខរោងភាពយន្តផ្ទាល់តែម្តង” ។

ក្នុងនោះលោក អិន សុភិន ដែលជាចាងហហ្វាងផលិតកម្ម មហាហង្សរបស់ខ្មែរវិញ ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ ពីមហោស្រពភាពយន្តថៃនេះ ដោយលោកបានចាត់ទុកថា ព្រឹត្តិកាណ៍នេះ និងជាផ្នែកមួយ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ រវាងអ្នកផលិតខ្សែភាពយន្ត លើវិស័យឧស្សាហកម្មភាពយន្ត របស់ប្រទេសកម្ពុជា និងប្រទេសថៃ និងបង្ហាញពីកិច្ចសហការគ្នា អំពីការផ្លាស់ប្តូរ នូវវប្បធម៌ និងប្រពៃណី រវាងប្រជាជន នៃប្រទេសទាំងពីរ លើវិស័យភាពយន្ត ។

សូមបញ្ជាក់ថា ក្នុងថ្ងៃបើកសម្ពោធផ្លូវការនៃកម្មវិធីមហោស្របភាពយន្តថៃលើទី៣នេះ នឹងមានវត្តមានតារាកិត្តិយសថៃតួសម្ដែងក្នុងរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» គឺលោក Charkrit Yaemnam និងកញ្ញា Kaimook តួអង្គសម្ដែងក្នុងរឿង «រដឺនខកស្នេហ៍» ។ ក្រៅពីពីនេះ ក៏មានវត្តមានរបស់តារាកម្ពុជាជាច្រើនរូបចូលរួមជាភ្ញៀវកិត្តិយសផងដែរ ដែលកម្មវិធីសម្ពោធនេះនឹងរៀបចំឡើងនៅរោងភាពយន្ត Major Platinum Cineplex ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ៥ល្ងាច ស្ថិតនៅផ្សារទំនើប អ៊ីអនម៉ល២ សែនសុខ ៕