រាជធានី​ភ្នំពេញ ៖ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​លើក​ឡើង​ថា និ​ន្ទេ​ស A អាច​មាន​ច្រើន​ជាង​ឆ្នាំ​មុន ទោះជា​យ៉ាងណា​លោក​មិន​បាន​បញ្ជាក់​ថា​មាន​ចំនួន​ប៉ុន្មាន​ទេ ខណៈ​ឆ្នាំ​មុន និ​ន្ទេ​ស A មាន​ចំនួន​៤២៤​នាក់ ។

ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី ក្រោយ​ពី​លោក​ចូលរួម​ពិធី​អបអរ​និស្សិត​២១​នាក់ ដែល​ទទួល​បាន​អាហារូបករណ៍ ទៅ​សិក្សា​នៅ​អង់គ្លេស កាលពី​ថ្ងៃ​ទី​៤​កញ្ញា ។ លោក​ជឿជាក់​ថា ដោយសារ​សិស្ស​ខំប្រឹង​រៀន​ជាង​៥​ឆ្នាំ​មក​ហើយ ដូច្នេះ និទ្ទេស A ប្រហែលជា​ច្រើន​ជាង​ឆ្នាំ​មុន ប៉ុន្តែ​ប៉ុន្មាន​នាក់​នោះ លោក​មិន​ទាន់​ដឹង​ទេ ព្រោះ​អី​មិន​ទាន់​(​ស្រង់​ពិន្ទុ​)​ចប់​នៅឡើយ ។

លទ្ធផល​ប្រឡង​បាក់​ឌុ​ប អាច​នឹង​ប្រកាស​មុន​ការ​កំណត់ ពោល​គឺ​នៅ​ថ្ងៃ​ទី​៩ និង​ទី​១០ ខែកញ្ញា នេះ​វិញ ប្រសិនជា​ការ​បូក​សរុប​ពិន្ទុ​នេះ លឿន​ជាង​ការ​គ្រោងទុក ។

តាម​ការ​គ្រោងទុក​របស់​ក្រសួង លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។ ចំណែក​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​នានា ។

រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អះអាង​ថា សមាជិក​អនុ​គណៈកម្មការ​គ្រប់គ្រង​សន្លឹក​MCS និង​អនុ​គណៈកម្មការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​បំពេញភារកិច្ច​ស្រង់​-​បូក និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម្រាប់​ឆ្នាំ​២០១៨​នេះ ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ មាន​សិស្ស​ដែល​ប្រឡង​ជាប់​៦៣,៦៦៨ នាក់ ត្រូវជា​៦៣,៨៤​ភាគរយ ក្នុង​ចំណោម​បេក្ខជន​វត្តមាន ប្រឡង​៩៩,៧២៨​នាក់ ដោយ​ក្នុង​នោះ​បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន​៤២៤​នាក់​និទ្ទេស​B មាន​ចំនួន​២,៤៦៤​នាក់ និទ្ទេស​C មាន​ចំនួន​៥,០០០​នាក់ និទ្ទេស D មាន​ចំនួន ៩,១២៣ នាក់​និង​និទ្ទេស E មាន​ចំនួន ៤,៦៦៥៧​នាក់ ។ សម្រាប់​ឆ្នាំ​២០១៨ នេះ បេក្ខជន​ជាង​១១​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​ប្រឡង និង​ជាង​ជិត​២,០០០​នាក់ បាន​បោះបង់​ការ​ប្រឡង ៕