ភ្នំពេញៈ ព្រះករុណាព្រះបាទ​ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ដេចយាងប្រកាសសុពលតំណាងរាស្រ្ដ នីតិកាលទី៦ នៃរដ្ឋសភាជាតិកម្ពុជា។

ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលទៅកាន់សមាជិក-សមាជិក នៃរដ្ឋសភាជាតិកម្ពុជាថា ទ្រង់មានជំនឿយ៉ាងមុតមាំថា រដ្ឋសភា នៅក្នុងអាណត្តិថ្មីនេះ នឹងបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធការ​ពារសង្គមបន្ថែមទៀត។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលបន្តថា ព្រះអង្គទ្រង់មានជំនឿយ៉ាងមុត​មាំថា​ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាម​គោលនយោបាយបន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស ហើយ​អភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំ នៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។​

នៅក្នុងឱកាសនោះដែរ ព្រះមហាក្សត្រ ព្រះអង្គទ្រង់សម្តែងនូវក្តីសោមនស្សរីករាយចំពោះការបើកសម័យប្រជុំលើកដំបូងនេះ ហើយបានសម្តែងនូវការសាទរចំពោះសមាជិករដ្ឋសភាអាណត្តិថ្មីទាំងអស់ ដែលប្រជា​ពលរដ្ឋបានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតកន្លងទៅនេះ។

សូមជម្រាបថា បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួន ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី​សម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋ​សភា នីតិកាលទី៦។ នៅពេលរសៀល តំណាងរាស្ត្រទាំង១២៥រូបនឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរ មុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។ ដោយ​ឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា រួមមាន ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញ នៃរដ្ឋសភា នឹងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ។

ប្រវត្តិរដ្ឋសភាកម្ពុជា ចាប់តាំងពីការរកកើត រហូតមកដល់បច្ចុប្បន្ន

ទី១-សភាធម្មនុញ្ញ ឆ្នាំ១៩៤៦-១៩៤៧ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ៦៧ កាលបរិច្ឆេទបោះឆ្នោតថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦

ទី២-រដ្ឋសភា ឆ្នាំ១៩៤៧-១៩៥១ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ៧៥ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៧

ទី៣-រដ្ឋសភា ឆ្នាំ១៩៥១-១៩៥៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ៧៨ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៥១

ទី៤-រដ្ឋសភា ឆ្នាំ១៩៥៥-១៩៥៨ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៩១ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥

ទី៥-រដ្ឋសភា ឆ្នាំ១៩៥៨-១៩៦២ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៦១ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៥៨

ទី៦-រដ្ឋសភា ឆ្នាំ១៩៦២-១៩៦៦ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៧៧ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៦២

ទី៧-រដ្ឋសភា ឆ្នាំ១៩៦៦-១៩៧២ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៨២ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦

ទី៨-សភាជាតិ នៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២-១៩៧៥ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ១២៦ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៧២

ទី៩-សភាតំណាងប្រជាជន នៃរបបកម្ពុជាប្រជាធិបតេយ្យ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ២៥០ កាលបរិច្ឆេទបោះឆ្នោតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦

ទី១០-រដ្ឋសភា សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៨១-១៩៩៣ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ១១៧ កាលបរិច្ឆេទបោះឆ្នោតថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨១

ទី១១-សភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២០ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣

ទី១២-រដ្ឋសភានីតិកាលទី១ ឆ្នាំ១៩៩៣-១៩៩៨ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២០ កាលបរិច្ឆេទបោះឆ្នោត២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣

ទី១៣-រដ្ឋសភានីតិកាលទី២ ឆ្នាំ១៩៩៨-២០០៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២២ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៦ ខែកកក្កដា ឆ្នាំ១៩៩៨

ទី១៤-រដ្ឋសភានីតិកាលទី៣ ឆ្នាំ២០០៣-២០០៨ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២៣ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០០៣

ទី១៥-រដ្ឋសភានីតិកាលទី៤ ឆ្នាំ១៩៩៨-២០០៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២៣ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០០៨

ទី១៦-រដ្ឋសភានីតិកាលទី៥ ឆ្នាំ២០១៣-២០១៨ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២៣ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៨ ខែក្កដា ឆ្នាំ២០១៣ ។

បញ្ជាីរាយនាមសមាជិក-សមាជិកា នៃរដ្ឋសភាពជាតិ នាអាណត្ដិទី៦

សូមទស្សនាវីដេអូ នៃព្រះរាជបន្ទូលរបស់មហាក្សត្រទាំងស្រុងដូចខាងក្រោម៖

2018

ផ្សាយផ្ទាល់(Live): ពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា​ នីតិកាលទី៦​ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម​ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹកថ្ងៃពុធ ១០រោជ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, 4 September 2018