ខេត្ត​ព្រះ​សីហ​នុ៖ ពួកអន្ធពាលជនជាតិចិនមួយក្រុមបាននាំគ្នាពពាក់ពពូនចែកចាយ និងសេពថ្នាំ​ញៀន ក៏ត្រូវសមត្ថកិច្ចឆ្មក់ចូលទៅបង្រ្កាប និងចាប់ខ្លួន កាលពី​វេលា​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២ ​ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងក្លឹប​កម្សាន្ត អ៊ី​តៃ​ជា​យិ​ន មានទីតាំង​នៅ​ជិត​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​តាម​ផ្លូវ​ឯករាជ្យ​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។

មន្ត្រីអាវុធហត្ថក្រុងព្រះសីហនុ បានឲ្យដឹងថា មុនពេលឈានដល់ការបង្រ្កាប និងចាប់ខ្លួននោះ សមត្ថ​កិច្ចបានទទួលព័ត៌មានមកថា នៅក្នុងក្លឹបកម្សាន្ដខាងលើ មានការចែកចាយ និងសេពថ្នាំញៀន។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ កម្លាំង​កងរាជអាវុធហត្ថក្រុង និង​ខេត្ត​ ក្រោមការ​សម្របសម្រួល​​ពី​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ក៏បានចេញប្រតិបត្តិការបង្រ្កាបតែម្ដង។

មន្ត្រីអាវុធហត្ថដដែល បានបន្ដថា ក្នុងប្រតិបត្ដិការបង្រ្កាបជនសង័្សយខាងលើនេះ សមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១១​នាក់ ក្នុង​នោះ​ស្រី្ត​៦​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន​ផងដែរ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង័្សយទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕