ភ្នំពេញ៖ រដ្ឋសភាបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីបើកសម័យប្រជុំសភាលើកដំបូង នានីតិកាលទី៦ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា យើងបានត្រៀមលក្ខណៈរួចរាល់ហើយ ដោយយើងបានតុបតែងរដ្ឋសភាឲ្យបានស្អាត ដើម្បីទទួលព្រះរាជវត្តមានព្រះករុណា ព្រះមហាក្សត្រ ដ៏ខ្ពង់ខ្ពស់ និងជាទីស្រឡាញ់​របស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។ ព្រះមហាក្សត្រទ្រង់សព្វព្រះរាជហឫទ័យ ស្ដេចយាងមកធ្វើជាព្រះរាជាធិបតីភាព នៅក្នុងកិច្ចប្រជុំដំបូងរបស់រដ្ឋសភា នានីតិកាលទី៦នេះ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​ជិត​ផុត​អាណត្តិ ​លោក​William Heidt ​នឹង​មិន​បាន​ចូលរួម​សម័យ​ប្រជុំ​ដំបូង​នៃ​សភា​ថ្មី​របស់​កម្ពុជា​នោះ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅទី​ក្រុងភ្នំពេញ​។ បើ​តាម​ស្ថានទូត​អាមេរិក​ នេះ​គឺ​ដោយសារ​តែ​លោក​ឯកអគ្គរដ្ឋទូត​ William Heidt ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ តាំង​ពី​ចុង​សប្តាហ៍​មុន ​ដើម្បី​ទៅ​ចូលរួម​ការ​ពិគ្រោះ​យោបល់ ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក​។

ដោយឡែកលោក​ George Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​វិញ ​លោក​បាន​បញ្ជាក់​តាំង​ពី​មិន​ទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ពី​រដ្ឋសភា​កម្ពុជា​មក​ម្ល៉េះថា​ លោក​មិន​បាន​ចូលរួម​ការ​ប្រជុំ​ដំបូង ​នៃ​រដ្ឋសភា​ថ្មី​របស់​កម្ពុជា​នោះទេ​។ ​អវត្តមាន​របស់​លោក​នេះ ​គឺ​ដោយសារ​តែ​លោក​ត្រូវ​ចេញ​ទៅ​ចូលរួម​ប្រជុំ​ផ្សេងៗ ​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល ​ប្រទេស​ប៊ែលហ្ស៊ិក​។ ​ដូច្នេះហើយ​ទើប​លោក​មិន​អាច​នៅ​ចូលរួម​បាន​។ យ៉ាងណាក៏ដោយ ​ទាំង​ស្ថានទូត​សហភាពអឺរ៉ុប ​និង​អាមេរិក​សុទ្ធតែ​មិន​ព្រម​បញ្ជាក់​ទេ​ថា ​តើ​ពួកគេ​នឹង​មានបញ្ជូន​តំណាង​ទៅ​ចូលរួម​ជំនួស​ឬ​យ៉ាងណា​នោះ​ទេ។

បើ​ទោះបី​ឯកអគ្គរដ្ឋទូត​ទាំងពីរ​នេះ ​មិន​ចូលរួម​នៅ​ក្នុង​សម័យ​ប្រជុំ​ដំបូង​ នៃ​រដ្ឋសភាថ្មី​ក៏ដោយ ​ក៏​វា​មិន​ប៉ះពាល់​ដល់​ការ​ប្រជុំ​នោះដែរ ពីព្រោះ​នៅ​ពេលនេះ ​រដ្ឋសភា​បាន​រៀបចំ​ត្រៀម​ការ​ប្រជុំ​រួចរាល់​អស់​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកឡេង ប៉េងឡុង ​ដែល​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​កម្ពុជា​។ ​លោកឡេង ប៉េងឡុង ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹងដែរ​ថា​ មក​ដល់​ពេលនេះ ​មាន​អង្គទូត​ខ្លះ​បាន​បញ្ជាក់​ពី​ការ​ចូលរួម​ហើយ ​តែ​លោក​នៅ​តែ​មិន​ទាន់​អាច​សរុប​បាន​នៅ​ឡើយ ​ថាតើ​មាន​អង្គទូត​ប៉ុន្មាន​ចូលរួម​ និង​ប៉ុន្មាន​ទៀត​មិន​ចូលរួម​នោះ។​

សូមជម្រាបថា រដ្ឋសភានឹងបើកកិច្ចប្រជុំជាលើកដំបូង នានីតិកាលទី៦ នៅព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតី នៃព្រះមហាក្សត្រ។ នៅល្ងាច ថ្ងៃទី៥ ខែកញ្ញា សមាជិកនៃរដ្ឋសភា នឹងចូលស្បថកាន់តំណែង។ លុះមកដល់ព្រឹក ថ្ងៃទី៦ ខែកញ្ញា រដ្ឋសភានឹងបង្កើតក្បាលម៉ាស៊ីនរបស់រដ្ឋសភា ក៏ដូចជា បង្កើតរាជរដ្ឋាភិបាលថ្មី។ នៅល្ងាច ថ្ងៃទី៦ ខែកញ្ញា រាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែង។ នៅព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គណៈរដ្ឋមន្ដ្រីនឹងប្រជុំសម័យប្រជុំលើកដំបូងរបស់ខ្លួន។

ប្រវត្តិរដ្ឋសភាកម្ពុជា ចាប់តាំងពីការរកកើត រហូតមកដល់បច្ចុប្បន្ន

ទី១-សភាធម្មនុញ្ញ ឆ្នាំ១៩៤៦-១៩៤៧ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ៦៧ កាលបរិច្ឆេទបោះឆ្នោតថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦

ទី២-រដ្ឋសភា ឆ្នាំ១៩៤៧-១៩៥១ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ៧៥ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៧

ទី៣-រដ្ឋសភា ឆ្នាំ១៩៥១-១៩៥៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ៧៨ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៥១

ទី៤-រដ្ឋសភា ឆ្នាំ១៩៥៥-១៩៥៨ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៩១ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥

ទី៥-រដ្ឋសភា ឆ្នាំ១៩៥៨-១៩៦២ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៦១ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៥៨

ទី៦-រដ្ឋសភា ឆ្នាំ១៩៦២-១៩៦៦ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៧៧ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៦២

ទី៧-រដ្ឋសភា ឆ្នាំ១៩៦៦-១៩៧២ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៨២ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦

ទី៨-សភាជាតិ នៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២-១៩៧៥ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ១២៦ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៧២

ទី៩-សភាតំណាងប្រជាជន នៃរបបកម្ពុជាប្រជាធិបតេយ្យ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ២៥០ កាលបរិច្ឆេទបោះឆ្នោតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦

ទី១០-រដ្ឋសភា សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៨១-១៩៩៣ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ១១៧ កាលបរិច្ឆេទបោះឆ្នោតថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨១

ទី១១-សភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២០ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣

ទី១២-រដ្ឋសភានីតិកាលទី១ ឆ្នាំ១៩៩៣-១៩៩៨ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២០ កាលបរិច្ឆេទបោះឆ្នោត២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣

ទី១៣-រដ្ឋសភានីតិកាលទី២ ឆ្នាំ១៩៩៨-២០០៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២២ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៦ ខែកកក្កដា ឆ្នាំ១៩៩៨

ទី១៤-រដ្ឋសភានីតិកាលទី៣ ឆ្នាំ២០០៣-២០០៨ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២៣ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០០៣

ទី១៥-រដ្ឋសភានីតិកាលទី៤ ឆ្នាំ១៩៩៨-២០០៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២៣ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០០៨

ទី១៦-រដ្ឋសភានីតិកាលទី៥ ឆ្នាំ២០១៣-២០១៨ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២៣ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៨ ខែក្កដា ឆ្នាំ២០១៣ ៕