ភ្នំពេញ៖ បន្ទាប់ពីចេញពីពន្ធនាគារមិនទាន់បានប៉ុន្មានថ្ងៃផង លោក គឹម សុខ អ្នកវិភាគនយោ​បាយ និងសង្គមរូបនេះ នៅតែបន្តរិះគន់ដល់រដ្ឋាភិបាលរបស់សម្ដេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក៏ត្រូវ​បានលោក លាង សំណាត់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនទៅកាន់តុលាការ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោមការចោទប្រកាន់ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយដ៏ល្បីល្បាញមួយរូប ទើបតែត្រូវបានតុលាការរាជធានីភ្នំពេញ ដោះលែង​ឲ្យមានសេរីភាពឡើងវិញ កាលពី​​ថ្ងៃទី​១៧ ខែសីហា​ ឆ្នាំ២០១៨ កន្លងមក​ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោកត្រូវបានលោក លាង សំណាក់ ​ចៅក្រម​ស៊ើបសួរ​ នៃសាលាដំបូង​រាជធានី​ភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅបំភ្លឺ នៅមុខតុលាការ នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ក្រោមការចោទប្រកាន់ពីបទ “បរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”។

យោងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ បានបញ្ជាក់យ៉ាងដូច្នេះថា «បង្គាប់មកឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៨ឆ្នាំ កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (អាសយដ្ឋានចុងក្រោយ) ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ «ឈ» ជាន់ទី៤ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨៖៣០នាទីព្រឹក ដើម្បី៖ មកសាកសួរយកចម្លើយពីដំណើររឿង បរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍»។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អ្នកកាសែតថា លោក គឹម សុខ ពិតជាបានរត់គេចខ្លួនទៅ​ដល់ប្រទេសថៃហើយ ដោយចេញតាមច្រករបៀង។ នៅពេលនេះ សមត្ថកិច្ចកម្ពុជារបស់យើងកំពុងសហការជាមួយជាមួយសមត្ថកិច្ចរបស់ថៃ ដើម្បីតាមស្វែងរកលោក គឹម សុខ។

លោក លាង សំណាក់ បាន​បញ្ជាក់ថា លោក គឹម សុខ ជាប់​បទ​ចោទ​«​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុ​ង​ញ​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្នុងករណី​លោក គឹម សុខ មិន​ចូលខ្លួន​តាម​ការកំណត់​ខាងលើ​ទេ តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​។ នេះ​បើតាម​លិខិត​តុលា​ការ ចុះ​ថ្ងៃទី​២៨ ខែសីហា​ ឆ្នាំ២០១៨។​

លោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់ ពោលបានជាប់ពន្ធនាគារ អស់រយៈពេលប្រមាណ១៨ខែ។ លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រម​ជំនុំជម្រះ នៃសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី បានសម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន៨លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង ៨០០​លាន​រៀល ក្រោមការចោទប្រកាន់​ពី​បទ “​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍” ។

ការផ្តន្ទាទោសនេះ ធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាថា ​នៅ​ពី​ក្រោយ​ឃាតកម្ម​លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​ព្រមានខ្លាំងៗថា សម្ដេចនឹងប្ដឹងអ្នក​វិភាគសង្គម លោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិន​ជាមិនសងប្រាក់សំណង ៨០០លានរៀល ស្មើនឹងប្រមាណ២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជា ទេនោះ។ មូល​ហេតុដែល​ប្រមុខ​រដ្ឋាភិបាល រំឭក​ពី​ប្រាក់​សំណង​នេះ ដោយសារតែ​អតីតទណ្ឌិត ​ទើប​ចេញពី​ពន្ធនាគារ​រូបនេះ បាន​ប្រើប្រាស់​ពាក្យពេចន៍​លើសលស់មកលើ​រដ្ឋាភិបាល​។ សម្ដេច ហ៊ុន សែន បានចាត់ទុក​ពាក្យសម្ដី​របស់បុគ្គល​រូបនេះ គឺជាការ​ប្រមាថ​ដល់​ខ្លួន​។​

​ទោះជា​យ៉ាងណា​លោក គឹម សុខ ត្រូវបាន​គេ​ដឹងថា បានគេច​ខ្លួន​ពី​កម្ពុជា ទៅ​ក្រៅប្រទេស​ហើយ កាលពីពេល​ថ្មីៗ​នេះ៕

សូូមអានដីកាបង្គាប់ឲ្យចូលខ្លួនទាំងស្រុងដូចខាងក្រោម៖