ខេត្តបាត់ដំបង៖ នារីម្នាក់ត្រូវជនល្មោភកាមមិនស្គាល់ចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច រួចសម្លាប់បំបិទមាត់ ហើយសាកសពរបស់នាង ត្រូវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦ និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងអណ្ដូងមួយកន្លែង នៅកណ្ដាលវាលស្រែអូរបន្ទាត់មាស ស្ថិតក្នុងក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្ដីរងគ្រោះបានទៅឃ្វាលគោ​ នៅត្រង់ចំណុចខាងលើ។ ប៉ុន្តែគេមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ទើបសាច់ញាតិទៅតាម​រកនាង ស្រាប់តែប្រទះឃើញសាកសពរបស់នាង នៅក្នុងអណ្ដូងទឹក បង្កឲ្យភ្ញាក់ផ្អើលឡើង និងរាយការណ៍ទៅ​សមត្ថកិច្ច។

មន្ដ្រីនគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឆន សឿត អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។ សាកសពរបស់ជនរងគ្រោះ ស្ថិតក្នុងរូបភាពអាក្រាតកាយ (អត់ខោ មានអាវ)។

សមត្ថកិច្ចបានបន្តថា បើតាមការពិនិត្យ និងធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញបានសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានចាប់រំលោភសេពសន្ថវៈ រួចហើយសម្លាប់បំបិទមាត់ និងយកសាកសពទៅទម្លាក់ចូលក្នុងទឹកអណ្ដូង។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញស្រុក និងខេត្តកំពុងសហការគ្នាស្រាវជ្រាវ ស្វែងរកជនល្មើស ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់៕