ភ្នំពេញៈ បន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និងគណបក្ស​មាតុភូមិ​យើង​ ដែលពេលមុនមិនមាន​បំណងចង់ចូលរួម នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ តែក្រោមកចង់ចូលរួមវិញ ក៏ត្រូវសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់នៅព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ថា សម្ដេច​ត្រូវតែពិនិត្យលើលក្ខណៈសម្បត្តិរបស់គណបក្សទាំង២នោះជាមុនសិន។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយនឹងកម្មករ-កម្មការិនី នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកមិញ ថា មាន​គណ​បក្ស​ចំនួន​ពីរទៀត ​ដែល​បង្ហាញ​ពីបំណង​ចង់​ចូលរួមជាមួយ​នឹង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់យោ​បល់។ ប៉ុន្តែគណបក្សទាំង២នោះ ​ត្រូវធ្វើ​លិខិតស្នើសុំ​ជា​ផ្លូវការ​មកកាន់​នាយករដ្ឋមន្ត្រី ឲ្យ​បាន​ត្រឹមត្រូវ មិនមែន​បង្ហាញ​បំណង តែ​តាមរយៈ​ការនិយាយ​ជាមួយ​សារព័ត៌មាន​នោះទេ​។

សម្ដេចនាយករដ្ឋមន្រ្ដី បានបន្តថា ស​ម្តេច​នឹងត្រូវពិនិត្យ​គណបក្ស​ទាំង​ពីរ​នោះ​ ថា​តើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ​ដើម្បី​ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​ឬ​យ៉ាងណា? សម្តេច​តេ​ជោ​បានប្រាប់​ទៅគណបក្ស​ពីរ​​ដែល​ចង់​ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់ ​ត្រូវធ្វើ​លិខិតស្នើ​សុំ​ជា​ផ្លូវការ។

សម្តេច​តេ​ជោ បាន​មានប្រសាសន៍បន្ដថា​៖ “​ខ្ញុំ​ស្វាគមន៍ ​តែ​មិនមែន​ប្រើប្រាស់​សារ​ព័ត៌មាន​ទេ​។ ដូច្នេះ​អ្នក​ត្រូវ​ស្នើសុំ​ជា​លិខិត​ផ្លូវការ​មក​នាយករដ្ឋមន្ត្រី។ ប្រសិនបើ​គណបក្សនយោបាយ​ពីរ​ផ្សេងទៀត​ចង់​ចូលរួម​ ត្រូវធ្វើ​លិខិតស្នើ​សុំ​ឲ្យ​ត្រឹមត្រូវ ​មិនមែន​ត្រឹមតែ​និយាយ​ជាមួយ​សារព័ត៌មាន​គ្រប់គ្រាន់​ទេ​។​…​មិនមែន​ចង់​ចូលៗ​ ចេញៗ​នោះទេ​..​.។​

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា​ សម្ដេចសង្ឃឹមថា​ គណបក្ស​ពីរ​ផ្សេងទៀត​ដែល​ចង់​ចូលរួម​បន្ថែម​លើ​គណបក្ស​១៦​ដែល​បាន​ចូលរួមរួច​ហើយ​នោះ​ នឹង​យល់​អំពី​នីតិវិធី​រដ្ឋបាល។ អ្នកខ្លះ​អត់​ទាន់​ចូល​ផង​ថា​ មិន​គួរ​យកប្រាក់​ខែ​ទេ​ តែ​សុំ​ជួយឧបត្ថម្ភ​សម្រាប់​គណបក្សនយោបាយ ធ្វើ​សកម្មភាព។ ត្រង់នេះ សម្តេចបញ្ជាក់ថា ស្រេច​តែ​លោក​ឯង​ទេ​ ទៅជា​ទម្លាប់​ឱ្យរដ្ឋាភិបាល​ជួយ​ដល់​គណបក្សនយោបាយ​ វា​ទៅជា​អ​ញ្ចុះ​ទៅ​!។​

សូម​ជម្រាប​​ថា ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្ រី​កាលពី​ថ្ងៃទី​២១ ខែសីហា​ ឆ្នាំ២១០៨កន្លងទៅ​ ដើម្បី​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋា​ភិបាល​ជាមួយនឹង​គណបក្សនយោបាយ​នៅក្រៅ​រដ្ឋសភា​ ក្នុងន័យ​ដើម្បី​ផ្តល់ឱកាស​ឲ្យគណបក្សនយោបាយ​ទាំងអស់​បាន​ចូលរួមចំណែក​ក្នុងការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​នេះ​ គឺមាន​អាយុកាលស្មើ​នឹង​អាណត្តិ​ទី​៦របស់​រាជរដ្ឋាភិបាល​៕​