បរទេស៖ បន្ទាប់ពីមើលឃើញអត្រាប្រជាពលរដ្ឋរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំងនោះមក ធ្វើឲ្យអាជ្ញាធរ នៃប្រទេស​ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយកំពុង​តែត្រៀមរៀប​ចំ​សេចក្តី​ព្រាង​​ច្បាប់ នៃ​​ក្រម​​រដ្ឋប្ប​វេណី​របស់​ខ្លួន​លែង​កំណត់​ចំនួនកូន ដោយ​គូស្វាមី​ភរិយា​របស់ជនជាតិចិនមាន​សិទ្ធិ​​បង្កើតតាមតែពួកគេចង់បាន

បើយោងតាមសារព័ត៌មាន​ផ្លូវការ​របស់ចិនបាន​ចេញ​ផ្សាយ​ កាលពី​ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ បានឲ្យដឹងថា ​អាជ្ញាធរ​ នៃរដ្ឋបាលក្រុង​ប៉េកាំងកំពុង​ត្រៀម​ខ្លួន​​លុប​ចោល​ទាំ​ងស្រុងនូវផែនការ​គ្រួសារ តាម​គន្លង​នយោបាយ​ “គ្រួសារ​កូនមួយ​” ​ដែល​ចិន​បាន​អនុវត្ត​យ៉ាង​​តឹងតែង​​បំផុត​​ ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូតមកដល់​ឆ្នាំ​២០១៥កន្លងទៅនេះ។

ប្រឈម​នឹង​ភាពចាស់​ជរា​របស់​ប្រជាជន​ ចិន​បាន​ប្រកាស​បោះបង់​ចោល​នយោបាយ​ “កូន​តែមួយ” នៅ​ចុង​ឆ្នាំ​២០១៥។ តាំង​ពី​ពេល​នោះ​មក គូស្វាមី​ភរិយា​ចិន​ អាច​មាន​កូន​ទីពីរ តែ​មិន​អាចមាន​ច្រើន​លើស​ពី​ពីរ​នាក់​បាន​ឡើយ !

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ ចិន​បាន​និង​កំពុង​រៀប​ចំ​គម្រោង​ច្បាប់​ថ្មី ដែល​លែង​មាន​ចែង​ទាល់​សោះ​អំពី​ការ​កំរិត​ចំនួន​កូន​ និង​បម្រាម​អ្វី​ទាំងអស់។ ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​នៅ​ ឆ្នាំ​២០២០ ដោយ​​អង្គសមាជសភា​​ប្រជាជនដែល​ជា​អ្នក​គ្រប់គ្រង​ច្បាប់​រដ្ឋប្បវេណី​ចិន។

ប្រទេសបក្ស​កុម្មុយនិស្ត​ចិន​ បាន​ចេញ​គោលការណ៍​ “កូន​តែ​មួយ” នៅ​ឆ្នាំ​១៩៧៩ ​ដើម្បី​ទប់​ស្កាត់នូវ​កំណើន​ប្រជាជន ដោយមិន​ខ្លាច​នឹងការ​ចាប់​បង្ខំ​ប្រជាជន​ឱ្យ​រម្លូត​កូន ឱ្យ​ប្រើ​វិធី​ពន្យារ​កំណើត​ ឱ្យ​បង់​ពិន័យ ឱ្យ​ជាប់​ពន្ធនាគារទេ … ។ ទោះជានយោបាយ​​ត្រួត​ពិនិត្យ​កំណើត​ដ៏តឹង​តែង​នេះ ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំងក្ដី ប៉ុន្តែប្រទេសចិន​បាន​បង្ក​ឱ្យ​វិសមភាព​ជា​ច្រើន ដូចជា កំណើន​មនុស្សចាស់ និង​កង្វះ​មនុស្ស​ភេទ​ស្រី ​ដោយសារជនជាតិចិន​ប្រកាន់យកបិតាធិបតេយ្យ (យកខាងប្រុសជាធំ) ទើបពួកគេចូល​ចិត្ត​តែ​កូន​ប្រុស។

មុន​ពេលមានការ​ប្តូរ​ផ្លាស់​នយោបាយ​ នាឆ្នាំ​២០១៥នោះ ប្រទេសចិន​បាន​ផ្តល់​សិទ្ធិ​ ជា​ករណី​លើក​លែង​ឱ្យ​​ស្ត្រី​​ចំនួន​៥០​លាន​នាក់ ​បង្កើត​កូន​ពីរ ក្រោម​​មូលហេតុ​ជា​ជនភាគតិច ជា​អ្នក​ជនបទ មាន​កូន​ទីមួយ​ភេទ​ស្រី ​ខ្លួន​ឯង ឬ​ស្វាមី​ជា​កូន​ទោលស្រាប់។ ប៉ុន្តែ​ច្បាប់​នេះ​មិន​បាន​ផ្តល់​ផ្លែផ្កា​ទេ ហើយអត្រា​កំណើតក៏ នៅតែ​​ធ្លាក់​ចុះយ៉ាងខ្លាំង ​​នៅ​ឆ្នាំ​២០១៧ ព្រោះ​គូស្វាមី​ភរិយា​ជនជាតិចិន មិន​ចង់​បង្កើត​កូន​ទីពីរ ដោយ​សារខ្លាច​ត្រូវបាត់បង់​ការងារ ដោយ​បញ្ហា​ថវិកា​ ផ្ទះ​សម្បែង​ថ្លៃ និងត្រូវបង់ថ្លៃសិក្សា​អស់​ច្រើន។

នៅពេលបច្ចុប្បន្ននេះ កំណើន​មនុស្ស​ចាស់​កំពុង​តែក្លាយ​ជា​វិបត្តិ​ប្រជាសាស្ត្រ ពីព្រោះចំនួន​ពលរដ្ឋ​ចិន​សកម្ម (អាយុ១៦-៥៩​ឆ្នាំ) បាន​ថយ​ចុះ​​ជិត​៥លាន​នាក់​កន្លះ​ កាលពី​ឆ្នាំ​ទៅ និង​ជា​គម្រប់​៦​ឆ្នាំ​ជាប់ៗ​គ្នា មក​នៅ​ត្រឹម​តែ​៩០២លាននាក់ ឬស្មើនឹង៥%​ នៃ​ប្រជាជន​សរុប។

​រដ្ឋាភិបាលចិនបានប៉ាន់ស្មានថា ចំនួន​ប្រជាជន​វ័យ​ចំណាស់ ចាប់​ពីអាយុ​៦០​ឆ្នាំ​ឡើង​ទៅ និឹង​កើនឡើង​ដល់​ទៅ៤៨៧​លាន​នាក់​ នៅក្នុង​ឆ្នាំ​២០៥០ ឬ​​ស្មើ​នឹង​៣៥%​ នៃប្រជាជន​សរុប​ ទល់​នឹង​២៤១លាន​នាក់​ (១៧%)​នៅ​ឆ្នាំ​២០១៧៕​