ភ្នំពេេញ៖​ ចៅក្រម​ស៊ើប​សួរ នៃ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​នឹង​បើក​សវនា​ការ​លើសំណុំរឿងរបស់លោក​ កឹម​ សុខា ​ពាក់​ព័ន្ធ​នឹង​នីតិ​វិធី​ពន្យារ​ពេល នៃការ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​វេលាម៉ោង៩ព្រឹក ថ្ងៃ​ទី​៣០ ​ខែ​សីហា​ ឆ្នាំ២០១៨ ខាងមុខនេះ ​នៅ​ក្នុងពន្ធនា​គារ​ត្រពាំង​ផ្លុង​ ខេត្តត្បូងឃុំ។​​ នេះ​បើតាម​លិខិត​មួយ​ច្បាប់​របស់​ចៅក្រម​ គី​ ឫទ្ធី​ ដែល​អញ្ជើញមេ​ធាវី​ការ​ពារ​ក្តី​របស់លោក ​កឹម​ សុខា ​ឲ្យចូល​រួមនៅក្នុង​សវនា​នោះ​។​

នៅក្នុង​លិខិត​របស់​​ចៅក្រម​ គី​ ឫទ្ធី​ គឺ​តម្រូវ​ឲ្យ​​មេធាវីការពារ​ក្តី ​លោក​ កឹម​ សុខា​ ចូល​រួម​សវនា​ការ ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ នៅបន្ទប់​មួយ​ នៃ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ឬ​ហៅថា​ មណ្ឌល​អប់​រំ​កែ​ប្រែទី​៣ ខេត្តត្បូង​ឃ្មុំ ​ដើម្បី​ដំណើរ​ការ​នីតិវិធី​។​​ ការ​បើក​សវនាការ​នេះ ​ដើម្បី​ពិនិត្យ​ ថាតើ​ លោក​ កឹម​ សុខា ​ត្រូវពន្យារ​​ពេល​ នៃការឃុំខ្លួន​បន្ត​ទៀត​ ឬ​ឲ្យ​នៅក្រៅ​ឃុំ ​បន្ទាប់​ពី​​ពន្យារ​ពេល​ឃុំខ្លួន​បណ្តោះ​​អាសន្ន​ រហូតជិត​មួយ​ឆ្នាំ ​នៅ​តែមិន​ទាន់​បើក​សវនាការ​​ជំនុំ​ជម្រះ។

លោក ផែង ​ហេង ​ជា​មេធាវី​ម្នាក់ ​ក្នុង​​ចំណោម​​មេធាវី​ជាច្រើននាក់​ទៀត​​ដែល​​ការ​ពារ​​ក្តី​​ឲ្យ​​លោក​ កឹម​ សុខា ​បានឲ្យដឹងថា លោកបាន​ស្នើ​​ឲ្យ​​មាន​ការ​​ដោះ​លែង​​លោក​ កឹម​ សុខា ​នៅពេលនេះ ​ដោយ​​សំអាង​ថា​ តាម​ការ​​ស៊ើប​​អង្កេត​​កន្លង​​មក​ ​ទាំង​​សាក្សី ​និង​​លោក​ កឹម​ សុខា​ គឺ​រក​​មិន​ឃើញ​​មាន​ភស្តុតាង ​​ដូច​ការ​ចោទ​​ប្រកាន់​​នោះ​ទេ​។ ​ម្យ៉ាង​ទៀត​ ការ​​ពន្យា​ពេល​លើក​ទី​១ ​នៃការ​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា ​នឹង​ត្រូវ​ជិត​ផុត​​កំណត់​ហើយ​ដែរ​។ ប៉ុុន្តែបើតាម​នីតិវិធី ​លោក ​ផែង ​ហេង ​បានពន្យល់​ថា ​​គេអាច​ពន្យា​រពេលលើក​ទី​២​ រហូត​ដល់​​១៨​​ខែ​។

សូមជម្រាបថា កាលពីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ តុលការកំពូលបានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពេលបើកសវនាការពេញមួយព្រឹកនោះមក។ នៅក្នុងសវនាការនោះ គឺមានតែវត្តមាន​មេធាវី​ការពារ​ក្តី​ តែ​គ្មាន​វត្តមានរបស់​លោក កឹម សុខា ឡើយ​។​

បើតាមអង្គសេចក្តី នៃសវនាការនេះ គឺធ្វើឡើង ដោយសារ​មេធាវីរបស់លោក កឹម សុខា មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ​កំពូល កាលថ្ងៃ​ទី​៩ ខែ​មីនា​​ ឆ្នាំ២០១៨ ដោយបាន​សម្រេចតម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ និងងតម្រូវឲ្យបន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា ដាក់នៅ​ក្នុង​ពន្ធនាគារ​បន្ត​ទៀត ដើម្បី​សាកសួរ​ និង​ការពារ​កុំ​ឲ្យ​មាន​បទ​ល្មើស​​ថ្មី​កើត​ឡើង។​ ការសម្រេចរបស់តុលាការកំពូលនេះ គឺសំអាងលើហេតុថា ករណីលោក កឹម សុខា គឺជាប់ពាក់ព័ន្ធនឹង​បទ​ល្មើស​ឧក្រិដ្ឋ​ ​ដែលចាំបាច់​ត្រូវ​ឃុំ​ខ្លួន ដើម្បីស៊ើប​សួរ​ឲ្យ​បាន​ហ្មត់​ចត់។ រីឯសមាសភាព​ នៃក្រុមប្រឹក្សា​ជំនុំជម្រះនាពេលនោះ ​រួមមាន លោក​គង់ ស្រ៊ី​ម ប្រធាន​ លោក​សម សិរី​វ​ឌ្ឍ លោក​អ៊ីវ គឹម​ស្រ៊ី លោកស្រី ចាំង ស៊ី​ណាត និង​លោក​ ច័ន្ទ រង្សី ​ចៅក្រម​ប្រឹក្សា នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

លោក​ ឃឹម ប៉ុណ្ណ​ ​ប្រធានចៅក្រុមជំនុំជម្រះ ធ្លាប់បាន​ប្រកាស​ ក្នុង​សម្រង់​ន័យ​ដើម ​ដោយ​យោង​លើ​មូល​ហេតុ​ថា៖​ «លោក កឹម សុខា បាន​ប្រព្រឹត្ត​បទ​ល្មើស​ ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៧។ បទ​ល្មើសនេះ​ជា​បទ​ឧក្រិដ្ឋ ដូច្នេះ​តុលាការត្រូវ​តែស៊ើប​សួរយ៉ាង​ហ្មត់ចត់បំផុត»។​

ដោយឡែក មូល​ហេតុដែល​តុលាការ សម្រេច​បន្ត​ឃុំខ្លួន​នេះ ក្រោម​ហេតុផល​ថា មិន​ចង់​ឲ្យ​លោក កឹម សុខា ចេញទៅ​ក្រៅ​ឃុំ​ប្រព្រឹត្ត​បទល្មើស​ផ្សេងទៀត។ ជាពិសេស​ការឃុំខ្លួន វា​ក៏​ផ្ដល់​នូវភាពងាយស្រួល​ដល់​នីតិវិធី​ស៊ើបអង្កេត​របស់​ចៅក្រម​លើ​ករណី​លោក កឹម សុខា ផងដែរ​។​

​គួរ​បញ្ជាក់ថា លោក​ កឹម សុខា ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ លោក ​កឹម សុខា ដោយចោទប្រកាន់​ពីបទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

បើតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បទល្មើស “សន្ទិដ្ឋិភាពជាមួយ​បរទេស” គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូសរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ៕