ភ្នំពេញ៖ ក្រោយពីបានបង្ហាញខ្លួននៅក្នុងពិធី​បើក​សម្ពោធ​​ជា​ផ្លូវការ​ផលិតផល​​គ្រឿង​សំណង់ថ្មី​ម៉ាក ​MC ​នាំ​ចូល​ និង​ចែកចាយ​ផ្ដាច់​មុខ​ពី​ប្រទេស​ម៉ាឡេស៊ី​ដោយ​​​​ក្រុមហ៊ុន​ ហ៊ួត ជា កញ្ញា កុល ដាវី ដែលមហាជនស្គាល់ច្បាស់ថា ជាគូស្នេហ៍ចាស់វស្សារបស់លោក សុខ រក្សា ត្រូវបានសារព័ត៌មានធំក្នុងស្រុកមួយចុះផ្សាយ ព្រមទាំងបានសរសេរចំណងជើងថា «កុល ដាវី ទាក់ទងថៅកែ តើសុខរក្សាមានអារម្មណ៍យ៉ាងណា?» ។

យ៉ាងណាមិញ សម្រាប់ព័ត៌មានខាងលើនេះ គ្រាន់តែអ្នកព័ត៌មានដាក់ចំណងជើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញ គឺបានធ្វើឱ្យមហាជនយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ កុល ដាវី និងលោក ថៅកែ ដែលផ្ដោតទៅលើលោក ហួត ជា នោះតែម្ដង ។

ទាក់ទងជាមួយគ្នានេះ ក្រោយពេលព័ត៌មានខាងលើ ត្រូវបានចរាចរណ៍លើបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ ហាក់ដូចជាបានបញ្ឆេះឱ្យលោក ហួត ជា ក្ដៅស្លឹកត្រជៀកយ៉ាងខ្លាំង ហើយក៏បានព្រលយប្រយោគមួយឃ្លាថា «Hmm សូមខាងព័ត៍មានមេត្តា ដាក់ចំណងជេីងឱ្យល្អបន្តិចទៅ ពួកខ្ញុំ ដូចបុគ្គលិកផង ដូចបងប្អូនផង រាប់ឆ្នាំហេីយ ខ្ញុំរាប់អានគ្នាក្នុងន័យល្អទេ សូមសម្ភាសន៍ ខ្ញុំ ឬ កុលដាវីបន្តិចផងមុននឹងចុះអ៊ីចឹង ។ បេីអាចលុបវិញ កុំដោយសារតែចង់បានគេមេីលច្រេីន» ។

ក្នុងនោះដែរ កញ្ញា កុល ដាវី ផ្ទាល់ក៏បានចេញមុខមកអរគុណលោក ហួត ជា ដែលបានការពារកិត្តិយសកញ្ញា ព្រមទាំងបានសរសេរ Comment បែបកំប្លែងនៅពីក្រោមការបង្ហោះរបស់លោក ហួត ជា ថា «សំណាងហើយសោរ(សំដៅលើភរិយារបស់លោក ហួត ជា) ស្គាល់ខ្ញុំច្បាស់ កុំអីវីរវរហើយ» ។

សូមបញ្ជាក់ថា កញ្ញា កុល ដាវី បានក្លាយជាតំណាងផ្សាយ​ពាណិជ្ជកម្ម​ឱ្យក្រុម​ហ៊ុន​លក់​​គ្រឿងសំណង់ ហួត ជា ជិត ១០ឆ្នាំមកហើយ ហើយកញ្ញា ក៏បានធ្វើឱ្យឈ្មោះក្រុមហ៊ុនមួយនេះមានភាពល្បីល្បាញ និងរកប្រាក់ចំណូលបានរាប់លានដុល្លារ នេះបើយោងតាមការលើកឡើងរបស់លោក ហួត ជា ផ្ទាល់នៅក្នុងឱកាសបើក​សម្ពោធ​​ជា​ផ្លូវការ​ផលិតផល​​គ្រឿង​សំណង់ថ្មី​ម៉ាក ​MC របស់ក្រុមហ៊ុន ហួត ជា កាលពីព្រឹក ថ្ងៃទី ១៨ ខែសីហា កន្លងទៅថ្មីៗនេះ ៕