ខេត្តកោះកុង៖ ជនពាលម្នាក់ខឹងអ្នកជិតខាងស្ដីពីរឿងយកអំបែងដបគប់ដាក់មុខផ្ទះ ស្រាប់តែស្ទុះទៅទាញកាំបិតប៉័ងតោកាប់ប្រហារ បណ្តាលឱ្យរងរបួសរយះក្បាល បង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

មន្រ្ដីនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ជនដៃដល់ ឈ្មោះ រ៉ូន ឌុលឡោះ អាយុ២៨ឆ្នាំ ជាជន​ជាតិ​ខ្មែរ-អ៊ិស្លាម មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ រីឯជនរងគ្រោះ​ ឈ្មោះ ហ្វើត អ៊ូម៉ើត អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាមដូចគ្នា មុខរបរលក់ដូរ មានលំនៅផ្ទះកើតហេតុខាងលើ (រងរបួសធ្ងន់ត្រង់ក្បាល)។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានរើសអំបែងដប គប់ចោលទៅមុខផ្ទះរបស់ជនរងគ្រោះ។ ឃើញបែបនេះ ជនរងគ្រោះបានស្តីបន្ទោសទៅជនសង្ស័យ ចំនួន២-៣ម៉ាត់។ ចំណែកជនសង្ស័យក៏មិនបានតបតអ្វីដែរ គេក៏ដើរចេញបាត់ ស្រាប់តែបន្តិចក្រោយ​មក ជននេះបានកាន់កាំបិតប៉័ងតោ ដើរសំដៅមករកជនរងគ្រោះ រួចហើយកាប់ប្រហារទៅលើគាត់មួយកាំបិតចំក្បាល បណ្តាលឱ្យរយះ រងរបួសធ្ងន់ហូរឈាមជោកខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។ ដោយឡែកជនរងគ្រោះ​ត្រូវសាច់​ញាតិបញ្ជូនទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ៕