ភ្នំពេញ៖ បន្ទាប់ពីមានព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសនោះមក តុលាការរាជធានីភ្នំពេញបានសម្រេចដោះលែងលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពឡើងវិញ នៅរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ

ការដោះលែងអតីតតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ នាពេលនេះ គឺព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​​កម្ពុជា ព្រះករុណាព្រះបាទ សម្ដេចព្រះមរបនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ព្រះរាជទានលើកលែងទោស តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមព្រះរាជក្រឹត្យ បានត្រាស់បង្គាប់៖ មាត្រា១-ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុំ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមអំណាចសាលដីកាលេខ៥៤ ចុះថ្ងៃទី០៩ ខែ០២ ឆ្នាំ២០១៨ របស់តុលាការកំពូល»។

ដីការបស់តុលាការ​ បានបញ្ជាក់ថា «តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ អ៊ុំ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៦ ត្រូវបានលើកលែងទោស» គប្បីដោះលែងឲ្យមានសេរីភាពឡើងវិញ។ បន្ទាប់​ពីទទួល​បានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ភ្លាម សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យប្រធានពន្ធនាគារដោះលែងលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាព នៅរសៀលថ្ងៃនេះ។

គួរ​បញ្ជាក់​ថា​​ លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។

លោក អ៊ុំ សំអាន ត្រូវបានតុលាការចេញដីកា ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស គឺបទ «ញុុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ «ញុះញង់ឱ្យ​មានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដើម្បីអនុវត្តទោស៕

សូមអានព្រះរាជក្រឹត្យទាំងស្រុងដូចខាងក្រោម៖