ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានទៅមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សសង្រ្គោះជាតិ ថា ការដោះលែងអ្នកទោសនេះ គឺមិនមែនជាសម្ពាធរបស់បរទេសនោះក្ដី ប៉ុន្តែលោក សម រង្ស៊ី អតីតមេបក្សសង្រ្គោះជាតិដែលកំពុងនិរទេស នៅបរទេស នៅតែហៅថា ការដោះលែងអ្នកទោសនេះ គឺមកពីសម្ដេចតេជោ រងនូវសម្ពាធពីបរទេសដដែល។

នៅ​ក្នុង​វេទិកា​សំណេះសំណាល​ជាមួយ​ក្រុម​កម្មករ​ប្រហែលជិត២ម៉ឺននាក់ នៅក្នុង​ខេត្ត​កណ្តាល កាលពី​ព្រឹក ​ថ្ងៃ​ព្រហស្បតិ៍​ ទី២៣ ខែសីហា ឆ្នាំ២០១៨ ​សម្ដេចតេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​​ស្នើ​សុំ​លើក​លែង​ទោស​ទ្រង់ទ្រាយ​ធំ​ នៅ​ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ សម្ដេច​ចង់​ស្នើ​ឲ្យ​ដោះលែង​​មនុស្ស​​១២​នាក់ ​ដែល​ទំនងជាសម្ដេច​ចង់​សំដៅ​ទៅលើ​សកម្មជន​របស់អតីត​បក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​។ ​ប៉ុន្តែសម្ដេចក៏មាន​លក្ខខណ្ឌ​មួយ ​គឺ​មិន​ឲ្យ​អ្នកណា​និយាយថា​ ការ​ស្នើ​នេះ​ធ្វើ​ឡើង ​ដោយសារ​តែ​មានការ​គាប​សង្កត់​ពី​សហគមន៍​អន្តរជាតិ​នោះឡើយ​។

ទោះជាយ៉ាងណា សម្ដេចនាយក​រដ្ឋមន្ត្រី ​បាន​ដាក់​លក្ខខណ្ឌ​មួយ​ទៅកាន់​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំងអស់​ថា ​​កុំ​និយាយ​ថា ​គម្រោង​ស្នើ​លើកលែង​ទោស​នេះ​ កើត​ចេញ​ពី​ការ​គាប​សង្កត់​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​សោះ​។ សម្ដេចបានបញ្ជាក់​ថា ខ្ញុំ​ស្អប់​ពាក្យ​នេះ​ខ្លាំង​ណាស់ ​ហើយ​ថែមទាំង​ព្រមាន ពួកគេ​ទាំងនោះ ​ជា​ពិសេស​លោក ​សម រង្ស៊ី ​តែ​ម្តង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​ទាំងអស់នេះ​មកលើ​សម្ដេច​។ ​ប្រសិន​មាន​អ្នក​ណាមួយ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ថា ​ការ​ស្នើ​លើកលែង​ទោស​របស់​សម្ដេច ​បណ្តាល​មក​ពី​សម្ពាធ​ពី​បរទេស​នោះ សម្ដេច​នឹង​មិនទាន់​​ស្នើ​សុំលើកលែងទោសនោះ​ទេ។ ពោល​គឺ​សម្ដេចនឹង​ទុកពេល​ឲ្យ​អ្នក​កំពុង​ជាប់ឃុំ​ទាំង​១២​នាក់ ធ្វើ​លិខិត​ថ្កោលទោស​ដល់​អ្នក​ហ៊ាន​និយាយ​បែប​នេះ​ជាមុនសិន ទើប​សម្ដេច​ព្រម​ស្នើ​លើក​លែងទោស​ដល់​ពួកគេ​។

សម្ដេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​គូស​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ថា គម្រោង​ស្នើសុំ​លើកលែង​ទោស​នេះ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សហគមន៍​អន្តរជាតិ​ណា​មួយ​ឡើយ​។ ផ្ទុយ​ទៅ​វិញ ​វា​គឺ​ជា​បំណង​ដែល​កើត​ចេញពី​ចិត្តធម៌​របស់​លោក ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ​ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ​។ ដោយឡែកមនុស្ស​ទាំង​១២​នាក់​នោះ គឺ​បាន​សរសេរ​លិខិត​សុំទោស​រូបលោក​រួចរាល់​ហើយ​។

ថ្វីបើសម្ដេច​នាយក​រដ្ឋមន្ត្រី​ មិនបាន​បញ្ចេញ​ឈ្មោះ​មនុស្ស​ទាំង​១២​នាក់​នោះក្ដី តែគេអាចកាត់យល់ថា​សម្ដេច​ទំនង​ជាចង់​និយាយសំដៅ​ទៅលើ​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​។ សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំងនេះ ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ ​ចន្លោះ​ពី​៧​ឆ្នាំ​ទៅ ​២០​ឆ្នាំ ​ក្រោម​ការ​ចោទប្រកាន់​ពីបទ​ចូលរួម ​និង​ដឹកនាំ​កុបកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ​ដែល​បាន​ធ្វើ​ឡើង ​កាល​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ​ឆ្នាំ២០១៤​កន្លង​ទៅ​។

ការ​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ស្នើ​លើកលែង​ទោស​ដល់​មនុស្ស​១២​នាក់ ពី​សំណាក់​សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​ កាលពីថ្ងៃទី២៣ ខែសីហា នោះ គឺកើតឡើង ក្រោយ​ពេល​សម្ដេច​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​ Mark Field ​ អនុរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក ​នៃ​ក្រសួង​ការ​បរទេស​អង់គ្លេស ​កាលពី​ថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០១៨ នៅក្នុងវិមានសន្ដិភាព នារាជធានីភ្នំពេញ។

ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន ថ្លែងមិនបានប៉ុន្មានម៉ោងផង ស្រាប់តែលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងតែនិរទេស នៅឯបរទេស ដោយសារការគេចខ្លួនពីសំណុំរឿងជាច្រើន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ថា ដោយសារតែលោក ហ៊ុន សែន ទាល់ច្រក ក្រោយពីការបោះឆ្នោតក្លែងក្លាយ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨កន្លងទៅនេះ ហើយដោយសារតែសម្ពាធពីសហគមន៍អន្តរជាតិ ដែលដកភាពស្របច្បាប់ពីរដ្ឋា​ភិ​បាល​របស់គាត់ ហើយត្រៀមដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើងៗ មកលើរបបផ្តាច់ការរបស់គាត់ លោក ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងអ្នកទោសនយោបាយទាំងអស់ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក​ សម រង្ស៊ី បានសរសេរ នៅលើគណនីរបស់ខ្លួនបន្តទៀតថា ខ្ញុំសូមប្រាប់ទៅលោក ហ៊ុន សែន វិញថា ការដោះលែងអ្នកទោសនយោបាយទាំងអស់ ជាបន្ទាន់​ និងដោយឥតលក្ខខណ្ឌ គ្រាន់តែជាលក្ខខណ្ឌចាំបាច់មួយ តែមិនមែនជាលក្ខខណ្ឌគ្រប់គ្រាន់ទេ ដើម្បីឲ្យគាត់សង្ឃឹមថា សហគមន៍អន្តរជាតិ នៅតែនិយាយរកគាត់ទៀត។ ក្នុងចំណោមលក្ខខណ្ឌដទៃទៀត ដែលលោក ហ៊ុន សែន ត្រូវបំពេញថែមទៀត មានការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ការអនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាង១១៨រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយពេញលេញដូចមុន និងការផ្តល់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទៅឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៥០០៧រូប ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧ ព្រមទាំងការទម្លាក់ចោលនូវរាល់ការចោទប្រកាន់​ចំពោះមន្ត្រីគណបក្សប្រឆាំងទាំងអស់ និងមន្ត្រីសង្គមសុីវិលទាំងអស់ ដែលលោក ហ៊ុន សែន និងតុលាការអាយ៉ងរបស់គាត់ បានរករឿង ធ្វើទុក្ខបុកម្នេញ ដោយហេតុផលនយោបាយ៕