រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​ពន្ធនាគារ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ សីហា ២០១៨​នេះ​ថា លោក​យោធា​ស័ក្តិ​៤​កន្លះ​ម្នាក់ ដែល​យក​កាំភ្លើងខ្លី វាយ​ក្បាល​អ្នកលក់​ប្រហិត​ចៀន នៅ​ខណ្ឌ​សែន​សុខ ត្រូវ​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ ជា​បណ្តោះអាសន្ន​ហើយ ។

ប្រភព​ដដែល​បញ្ជាក់​ថា លោក​ចៅក្រម​បាន​ចេញ​ដីកា បង្គាប់​ឲ្យ​មន្ត្រី​ពន្ធនាគារ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​យោធា​ពាក់​ស័ក្តិ​៤​កន្លះ មាន​តួនាទី​នាយ​រង​ការិយាល័យ​ហ្វឹកហ្វឺន នៃ​កងឯកភាព ទីចាត់ការ​បំភ័ន្ត​អក្ខរ មាន​អត្តលេខ​០៥៩០៥១ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ពោល​គឺ​ជាប់​ឃុំ​បាន​តែ​១៣​ថ្ងៃ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ជូន​ថា លោក​ចៅក្រម រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មន្ត្រី​យោធា​ជាប់ចោទ​ខាងលើ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​លោកស្រី ស៊ឺ វណ្ណ​នី ជា​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​លើ​ជន​រង​គ្រោះ​ឈ្មោះ យ៉ែ​ម វណ្ណៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកលក់​ប្រហិត​ចៀន​តាម​រទេះ ស្នាក់​នៅផ្ទះ​ជួល ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានស្រុក​កំណើត ភូមិ​កំពង់លាវ ឃុំ​កំពង់លាវ ស្រុក​កំពង់លាវ ខេត្តព្រៃវែង យោង​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។ យោង​តាម​បទចោទប្រកាន់​នេះ ជន​ត្រូវ​ចោទ អាច​ប្រឈម​ការ​ជាប់គុក ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ ។

គួរ​រំលឹក​ថា សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​យប់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​ជនសង្ស័យ យក​អាវុធ​ខ្លី ម៉ាក P08 លេខ ៥៨៥៤ វាយ​ក្បាល ជន​រង​គ្រោះ​បែក ។

មូលហេតុ​ដែល​ឈាន​ដល់ ការ​ប្រើ​អំពើ​ហិង្សា នេះ​ផ្តើម​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​មិត្តភក្តិ​របស់​ជនសង្ស័យ បើកបរ​រថយន្ត​ម៉ាក​កា​មេ​រី​បា​ឡែ​ន ក្រោម​ស្ថានភាព​ស្រវឹង ទៅ​បុក​រ៉ឺ​ម៉ក​ប្រហិត​របស់​ជន​រង​គ្រោះ ដែល​កើតឡើង​នៅ​ចំណុច​មុខ​វត្ត​សំរោង​អណ្តែត តាម​ផ្លូវ​បេតុង ភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ បន្ទាប់​មក ជនសង្ស័យ​បាន​ជិះ​រថយន្ត​ម៉ាក​ព្រូស មក​ជួយ​អន្តរាគមន៍ ក៏​ត្រូវ​ជន​រង​គ្រោះ យក​ដុំ​ថ្ម​គប់​បែក​កញ្ចក់​រថយន្ត ទើប​ឈាន​ដល់​ការ​បង្ក​ហិង្សា​លើ​ជន​រង​គ្រោះ​តែ​ម្តង​ទៅ ៕