ភ្នំពេញ​៖ បន្ទាប់ពីបើកសវនាការពេញមួយព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះរួចមក តុលាការកំពូល បាន​ប្រកាសសាលដីកា សម្រេចបន្ដឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារដដែល ដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។

តុលាការ​កំពូល នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តបើកសវនាជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ ជាលើកទី២របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោយមានតែវត្តមាន​មេធាវី​ការពារ​ក្តី​ តែ​គ្មាន​វត្តមានរបស់​លោក កឹម សុខា ឡើយ​។​

បើតាមអង្គសេចក្តី នៃសវនាការនេះ គឺធ្វើឡើង ដោយសារ​មេធាវីរបស់លោក កឹម សុខា មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ​កំពូល កាលថ្ងៃ​ទី​០៩ ខែ​មីនា​​ ឆ្នាំ២០១៨ ដោយបាន​សម្រេចតម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ និងងតម្រូវឲ្យបន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា ដាក់នៅ​ក្នុង​ពន្ធនាគារ​បន្ត​ទៀត ដើម្បី​សាកសួរ​ និង​ការពារ​កុំ​ឲ្យ​មាន​បទ​ល្មើស​​ថ្មី​កើត​ឡើង។​ ការសម្រេចរបស់តុលាការកំពូលនេះ គឺសំអាងលើហេតុថា ករណីលោក កឹម សុខា គឺជាប់ពាក់ព័ន្ធនឹង​បទ​ល្មើស​ឧក្រិដ្ឋ​ ​ដែលចាំបាច់​ត្រូវ​ឃុំ​ខ្លួន ដើម្បីស៊ើប​សួរ​ឲ្យ​បាន​ហ្មត់​ចត់។

លោក​ ឃឹម ប៉ុណ្ណ​ ​ប្រធានចៅក្រុមជំនុំជម្រះ ធ្លាប់បាន​ប្រកាស​ ក្នុង​សម្រង់​ន័យ​ដើម ​ដោយ​យោង​លើ​មូល​ហេតុ​ថា៖​ «លោក កឹម សុខា បាន​ប្រព្រឹត្ត​បទ​ល្មើស​ ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៧។ បទ​ល្មើសនេះ​ជា​បទ​ឧក្រិដ្ឋ ដូច្នេះ​តុលាការត្រូវ​ស៊ើប​សួរយ៉ាង​ហ្មត់ចត់បំផុត»។​

ដោយឡែក មូល​ហេតុដែល​តុលាការ សម្រេច​បន្ត​ឃុំខ្លួន​នេះ ក្រោម​ហេតុផល​ថា មិន​ចង់​ឲ្យ​លោក កឹម សុខា ចេញទៅ​ក្រៅ​ឃុំ​ប្រព្រឹត្ត​បទល្មើស​ផ្សេងទៀត ។ ជាពិសេស​ការឃុំខ្លួន វា​ក៏​ផ្ដល់​ភាពងាយស្រួល​ដល់​នីតិវិធី​ស៊ើបអង្កេត​របស់​ចៅក្រម​លើ​ករណី​លោក កឹម សុខា ផងដែរ​។​ ជាមួយគ្នានេះ ​លោក ផែង ហេង មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានត្រឹមតែ​បង្ហាញ​ការខកចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ​នេះ​។

លោក កឹម សុខា ​ប្រធានអតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​លោក​ ឈួន ចាន់ថា អគ្គ​ព្រះរាជអាជ្ញា​រង នៃ​មហាអយ្យការ​អម​តុលាការ​កំពូល បានចេញ​លិខិត​អញ្ជើញលោក ផាន់ ច័ន្ទ​ស័ក្តិ មេធាវី​ការពារក្ដីឲ្យ​លោក​កឹម សុខា ចូលមក​តុលាការ​កំពូល ​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ចូលរួម​សវនាការ ​អំពី​ដំណើររឿងរបស់​លោក​ កឹម សុខា ពីបទឃុបឃិត​ជាមួយ​ជនបរទេស​ ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​​ស្របច្បាប់របស់កម្ពុជា​។ រីឯសមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ ​រួមមាន លោក​គង់ ស្រ៊ី​ម ប្រធាន​ លោក​សម សិរី​វ​ឌ្ឍ លោក​អ៊ីវ គឹម​ស្រ៊ី លោកស្រី ចាំង ស៊ី​ណាត និង​លោក​ ច័ន្ទ រង្សី ​ចៅក្រម​ប្រឹក្សា នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

​គួរ​បញ្ជាក់ថា លោក​ កឹម សុខា ​ប្រធានអតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ លោក ​កឹម សុខា ត្រូវបានចោទប្រកាន់​ពីបទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

បើតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បទល្មើស “សន្ទិដ្ឋិភាពជាមួយ​បរទេស” គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូសរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ៕