ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២១​សីហា ២០១៨​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ម្នាក់​ដែល​ជួល​ឃាតករ​អោយ​សម្លាប់​ប្ដី និង​ឃាតករ​ដាក់​ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់​ៗ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម តាម​ម​សត្រា​២៨ និង​មាត្រា​២០០​នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ។

ជនជាប់ចោទ​ទី​១​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ឈ្មោះ សូ ផា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កូនធម៌​ជន​រង​គ្រោះ ។ ជនជាប់ចោទ​ទី​២​ឈ្មោះ សៅ សំ​អឿ​ន ភេទ​ស្រី អាយុ ៤៦​ឆ្នាំ ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ តែ​ម្ដង ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ កៅ ផា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ អ្នក​រត់​តាក់ស៊ី ត្រូវ​បាន​ក្រុម​ឃាតក​រួមគំនិត​គ្នា​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​សវនាការ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ជនជាប់ចោទ​ឈ្មោះ សូ ផា បាន​សារភាព​ថា ជនជាប់ចោទ ឈ្មោះ សៅ សំ​អឿ​ន ជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​ជួល​ខ្លួន ក្នុង​តម្លៃ ១​ពាន់​ដុល្លារ ឲ្យ​សម្លាប់​ប្តី និង​យក​យក​រថយន្ត​ទៅ​ផ្ទះ​វិញ ព្រោះ​ខឹង​ជន​រង​គ្រោះ ឈ្មោះ កៅ ផា ជា​ប្តី​យក​ឡាន តូ​រី​ស ដែល​ឈ្មោះ សៅ សំ​អឿ​ន ជា​ប្រពន្ធ​យក​លុយ កូន​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ចំនួន ១២,០០០​ដុល្លារ ទិញ​ឲ្យ​រត់​តាក់ស៊ី តែ​បែរជា​ជន​រង​គ្រោះ​យក​ទៅ​រកស៊ី​ចិញ្ចឹម​ស្រី​ស្នេហ៍ ហើយ​ចុះ​ចោល​ប្រពន្ធ​កូន​ទៅ​វិញ ។

ដោយឡែក​ជនជាប់ចោទ​ឈ្មោះ សៅ សំ​អឿ​ន បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ធ្វើ​ដូច​ការ​លើក​ឡើង​របស់​ឈ្មោះ សូ ផា មែន​ព្រោះតែ​ខឹង​ប្តី​មាន​ស្រី​ថ្មី​ចុះ​ចោលផ្ទះ ។

កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន ក្រុម​ជនជាប់ចោទ​ខាងលើ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់​ពី​ពលរដ្ឋ​បាន ប្រទះ​ឃើញ​សាកសព ជន​រង​គ្រោះ ចង​ផ្អោប​នឹង​ដុំ​ថ្ម នៅ​ក្នុង​ប្រលាយ​ទឹក​ស្អុយ​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវលំ ខាងក្រោយ​សួន​កា​ណា​ឌី​យ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២១០៦ ៕