ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានពិភាក្សាយោបល់ជាមួយនឹងតំណាងគណបក្សចំនួន១៦ ដែលបានចូលរួមនៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។

តំណាងគណបក្សនយោបាយដែលបានចូលរួម នៅក្នុងកិច្ចពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងវិមានសន្ដិភាព កាលពីព្រឹកមិញនេះ រួមមាន ទី១-គណបក្សខ្មែររួបរួមជាតិ របស់លោក ញ៉ឹក ប៊ុនឆៃ ទី២-គណបក្សពន្លឺថ្មី របស់លោក ងួន សុខាវី ទី៣-គណបក្សសញ្ជាតិកម្ពុជារបស់លោក សុខ ខេង ទី៤-គណបក្សខ្មែរក្រោករបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ទី៥-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ទី៦-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យរបស់លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ទី៧-គណបក្សសាធារណរដ្ឋខ្មែរ របស់លោក លន់ រិទ្ធ (កូនប្រុសរបស់លោក លន់ នល់) ទី៨-គណបក្សរស្មីខេមរា ទី៩-គណបក្សហ៊្វុនស៊ិនប៉ិច ទី១០-គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ទី១១-គណបក្សយុវជនកម្ពុជា ទី១២-គណបក្សធម្មាធិបតេយ្យ ទី១៣-គណបក្សឆន្ទៈខ្មែរ ទី១៤-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទី១៥-គណបក្សខ្មែរតែមួយ និងទី១៦-គណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ ក្រោយពេលដឹងថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត១២៥អាសនៈ លើ១២៥ សម្ដេចនឹងបង្កើតវេទិកា រវាងរាជរដ្ឋាភិបាល និងតំណាងគណបក្ស​ទាំងអស់ ដែលបានចូលរួម នៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

សម្ដេចបានបញ្ជាក់ថា សម្ដេចនឹងជួបគណបក្សទាំងនោះ ក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីពិភាក្សា ពីរឿងការកសាងប្រទេសជាតិ។ សម្ដេចបានប្រកាស​បង្កើត​វេទិកា​សំណេះសំណាល​មួយ រវាង​រាជរដ្ឋា​ភិបាល និង​គណបក្សនយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដើម្បី​បានទទួល​ស្តាប់​នូវ​គំនិត​យោបល់​នានា ពី​មេដឹកនាំ​គណបក្សនយោបាយ​ទាំងអស់នោះ ដើម្បី​យកមក​ធ្វើជា​ធាតុ​ចូល ក្នុង​ការដឹកនាំ និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​បន្ថែម​លើ​ការបង្កើតឲ្យមា​នវេទិ​កានេះ សម្ដេច​ហ៊ុន សែន បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម នៅថ្ងៃនេះ​ទៀតថា សម្ដេចនឹង​ពិភាក្សាគ្នា ​ក្នុង​ការបង្កើត “​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​យោបល់​” រវាង​រាជរដ្ឋាភិបាល និង​គណបក្សនយោបាយ​ទាំង​២០​។​

​ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គណបក្សនយោបាយ​ចំនួន​៤ បានប្រកាសថា មិន​ចូលរួម និង​មិន​ទទួលយក​តំណែង​ណាមួយ ដែល​គណបក្សកាន់អំណា​ច​ប្រគល់ឲ្យ។ ​រីឯគណបក្សនយោបាយទាំង៤នោះ​ រួមមាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំដោយលោក​ខឹម វាសនា ​គណបក្ស​ខ្មែរ​ឈប់​ក្រ ដឹក​នាំដោយលោក ក្រវ៉ា​ញ ដា​រ៉​ន​ គណបក្សគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និងគណបក្សមាតុភូមិយើង។ គណបក្សទាំងនេះ បានអះអាងថា ជំនួបនេះ គឺគ្មាន​ប្រយោជន៍អ្វីឡើយ។

ដោយឡែក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានបញ្ជាក់​ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួនថា ខ្លួន​ស្វាគមន៍ចំពោះ​គំនិត​ផ្តួចផ្តើម​ ក្នុង​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​នេះ ពីព្រោះទម្រង់​នៃ​វេទិកា​នេះ​សមស្រប​ជាមួយ​នឹងគោលនយោបាយបង្រួបបង្រួម​ជាតិ ដែល​មានចែង​ក្នុង​សៀវភៅ​បៃតងរបស់​គណបក្ស​ខ្លួន​ដែរ។ ប៉ុន្តែ​គណបក្ស​នេះ​ថា ខ្លួនមិន​ចូលរួម ​នៅ​ថ្ងៃទី​២១ ខែសីហា​នេះ​ទេ​។ តែ​ខ្លួន​នឹង​ពិចារណា​ចូលរួម​វេទិកានេះ នៅក្រោយពេល​រដ្ឋសភា និង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ ត្រូវបាន​បង្កើតឡើង និង​ស្នើឲ្យ​បង្ហាញ​ពី​គោលបំណង​ជាក់លាក់ យន្តការ​លម្អិត និង​ភាព​ទៀត​ទា​ត់ នៃ​វេទិកា ដើម្បីឲ្យ​គណបក្ស​ប្រជាធិបតេ​យ្យ​មូលដ្ឋាន យក​ជា​មូលដ្ឋាន ​ក្នុង​ការពិចារណា​សម្រាប់​ចូលរួម​ប្រកប ដោយ​ប្រសិទ្ធភាព​។

ទោះជាយ៉ាង ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ចរិត​ខុសពី​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច គឺ​បដិសេធ​ដាច់​អហង្កា​រ មិន​ទទួលយក​តំណែង​ណាមួយ ដូចជា​ទីប្រឹក្សា​រដ្ឋាភិបាល រដ្ឋលេខាធិការ ឬ​អនុ​រដ្ឋលេខាធិការ ដែល​គណបក្ស​ប្រជាជន​ផ្តល់ឲ្យ​ជាដាច់ខាត។

ផ្ទុយពីនេះ ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ដែល​សម្តេចក្រុមព្រះ​ទើបតែ​តែង​តាំ​ជា​ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​បង្ហាញខ្លួន​ជា​លើកដំបូង ក្នុងនាម​មេដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​ រវាង​រាជរដ្ឋាភិបាល និង​គណបក្សនយោបាយ​នានា តាម​សំណើ​របស់សម្ដេច ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា​ នេះ។

លោក​ណុប សុធា​រិទ្ធិ បានឲ្យដឹងថា សម្រាប់​តួនាទី​ នៅក្នុង​រាជរដ្ឋាភិបាល ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​​ប្រគល់ឲ្យ គឺគណបក្ស​ហ្វ៊ុនស៊ិនប៉ិចនឹង​ទទួលយក ពីព្រោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺជា​ដៃគូ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣ មកម្ល៉េះ​។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី បានឲ្យដឹង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ថា មន្រ្តីគណបក្សទាំងអស់នេះ ដែលមកជួបសម្តេចតេជោ នឹងទទួលបាននូវតំណែងបន្ថែម ជាទីប្រឹក្សានាយករដ្ឋមន្រ្តី ដើម្បីងាយស្រួលចំពោះសកម្មភាពចុះទៅកាន់មូលដ្ឋាន ក្នុងការងារនយោបាយរបស់ គណ​បក្សផ្ទាល់របស់ពួកគេ។

សម្តេចតេជោ បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផល នៃការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាច​ហៅ​កាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមានភារកិច្ច ដូចខាងក្រោម៖ ទី១-ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយដល់រាជរដ្ឋាភិបាល(ធាតុចូល)។ ទី២-ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលមុនគណរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សាមានអាណត្តិ ធ្វេីញត្តិ​ជូន​ព្រឹទ្ធសភាតតាំង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។ ទី៣-ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។ ទី៤-ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។

សម្រាប់សមាសភាព និងយន្តការ នៃការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ រួមមាន៖
ទី១-សមាសភាពដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទី៦ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី។ ទី២-គណបក្សនីមួយៗមានតំណាង០២រូបដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី ទី៣-ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តបាន គោលកាណ៍បន្តវេនមួយខែម្តង តាមលេខរៀងបញ្ជីបោះឆ្នោត។ ទី៤-ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ។ ទី៥-លេខាធិការដ្ឋាន និងកន្លែងប្រជុំ ស្ថិតនៅក្នុងវិមានសន្តិភាព។

ជាមួយគ្នានោះ កិច្ចដំណើរការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ រួមមាន៖ ទី១-ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន។ ទី២-ប្រជុំជាមួយនាយករដ្ឋមន្រ្តី ៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី។ ទី៣-ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា«ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ។ នេះជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល៕