ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨​ម្សិល​មិញនេះ បានសម្រេចដោះលែងសកម្មជនដីធ្លីសហគមន៍បឹងកក់ម្នាក់ អ្នកស្រី ទេព វន្នី ចេញពីពន្ធនា​គារ ក្រោយពេលគាត់បានអនុវត្តទោសនៅទីនោះ អស់រយៈពេលប្រហែល២ឆ្នាំ។

ការសម្រេចដោះលែងអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារ «ម២» ទាំងយប់នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់អ្នកស្រី និងសកម្មជនដីធ្លីចំនួន៣​នាក់​ទៀត រួមមាន អ្នកស្រី ហេង មុំ អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា តាមសំណើរបស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា។

ស្របពេលមានការដោះលែងអ្នកស្រី ទេព វន្នី និងសកម្មជនដីធ្លីនោះ សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​ នៅ​ថ្ងៃ​ចន្ទ​ ទី២០ ខែសីហា ម្សិលមិញនេះ​បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ដោះលែង​សកម្មជន​ដីធ្លី​ជា​ស្ត្រី៤​នាក់។

លោក Charles Santiago ប្រធាន​សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី បាន​មាន​ប្រសាសន៍​ចំពោះ​ការ​ដោះលែង​សកម្មជន​ទាំង​៤​នាក់​នោះ​ថា «គឺ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ស្វាគមន៍​ ដែល​ត្រូវ​បាន​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ អ្នកស្រី ទេព វន្នី និង​សកម្មជន​ដីធ្លី​ដទៃ​ទៀត​ មិន​គួរ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ តាំងពី​ដំបូង​ឡើយ​នោះ​ទេ។ ពួកគេ​គ្រាន់​តែ​ធ្វើ​យុទ្ធនាការ​ដោយ​ក្លាហាន​ និង​សន្តិវិធី ​ដើម្បី​ការពារ​សហគមន៍​របស់​ពួកគេតែ​ប៉ុណ្ណោះ»។ នេះ​បើ​យោង​តាមសារមួយរបស់ការិយាល័យ​សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​របស់​លោក Santiago ។

សូមបញ្ជាក់ថា អ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដោយសម្រេចផ្ដន្ទាទោសចំនួន២ឆ្នាំកន្លះ ក្រោមការចោទប្រកាន់ពីបទ «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស»។ ប៉ុន្តែទោះជាយ៉ាងណា ​សកម្មជន​ដីធ្លី​រូប​នេះ​ នៅតែ​បដិសេធ​​នូវបទ​ចោទ​នេះ​ទាំង​ស្រុង៕