ភ្នំពេញ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេស ដោយខ្លួនឯង នៅឯក្រៅប្រទេសណនោះ បានសរសេរ នៅលើគណនីហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះថា បន្ទាប់ពីជាប់ឆ្នោត១២៥ លើ១២៥កៅអីហើយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គួរតែដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលរំលាយចោល។

លោក សម រង្ស៊ី ​បច្ចុប្បន្នកំពុង​រស់​នៅឯ​ក្រៅប្រទេស នៅតែ​បង្ហាញ​ពីការ​នឹក​នាពី​សុខទុក្ខ​របស់លោក កឹម សុខា ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​ ដោយលោកបានសរសរបន្តថា ក្រោយពីគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន បានទទួលជ័យជម្នះ១០០ភាគរយ ដោយបាន​ដណ្តើម​យកអាសនៈរបស់រដ្ឋសភា ទាំង១២៥ លើ១២៥ ក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ រដ្ឋាភិ​បាលកម្ពុជា គួរតែដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលគេបានរំលាយ ចំពេលវេលា មុនថ្ងៃបោះឆ្នោត។

លោក សម រង្ស៊ី បានសរសេរបន្តថា បើនៅតែបន្តឃុំឃាំងលោក កឹម សុខា នៅក្នុងពន្ធនាគារទៀត បន្ទាប់ពីលោក ហ៊ុន សែន បានទទួលជ័យជម្នះ គួរឲ្យអស់សំណើច ក្នុងការបោះឆ្នោតក្លែងក្លាយកន្លងទៅនេះ។ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ច្បាស់ជាកាន់តែពិបាកការពារនូវភាពស្របច្បាប់របស់ខ្លួន ដែលបានធ្លាក់ចុះយ៉ាងខ្លាំង នៅចំពោះមុខសហគមន៍អន្តរជាតិ។ ត្រូវតែទម្លាក់ចោលនូវការចោទប្រកាន់​លើគោក ពីបទ “ក្បត់ជាតិ” ដែលគេបានធ្វើឡើងមកលើទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។

ទោះជាយ៉ាងណា ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី ខាងលើនេះ ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានប្រតិកម្មតមវិញ​ថា លោក សម រង្ស៊ី គិតតែ​ពី​និយាយ ដោយ​មិន​យល់​ពី​ច្បាប់​។ អ្នកទោសត្រូវតែ​ជាប់ពន្ធនាគារ ដោយ​មិន​គិតពី​រឿង​មុន​ ឬ​ក្រោយ​ការបោះឆ្នោត​នោះឡើយ​។

អ្នកនាំពាក្យ​របស់គណបក្សកាន់អំណាច​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​យល់ថា គាត់លើកឡើង​នេះ គឺ​អត់​ប្រយោជន៍​ទេ​។ យើងមិនអាចយក​ការអនុវត្ត​ច្បាប់ មក​ធ្វើជា​រឿង​នយោបាយ ដើម្បី​ឲ្យ​មានការ​រួច​ទោស​ឡើយ​»​។ ដោយឡែក រាជរដ្ឋាភិបាល​កម្ពុជា គឺ​នៅតែ​ស្រប់ច្បាប់ ដោយ​មិន​អាស្រ័យ​លើ​ការទទួលស្គាល់ ឬ​ការមិនទទួលស្គាល់​រប​ស់បរ​ទេស​នោះទេ​។

អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ខ្លះ មាន​សុទិដ្ឋិនិយម​ថា បើតាមដីការបស់តុលាការ​កំពូលដែលទើបនឹង​ចេញ​ កាលពីពេល​ថ្មីៗ​នេះ បាន​កំណត់​យក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ខាងមុខនេះ ដើម្បី​បើកសវនាការ​លើ​សំណើ សុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា​។ ដូច្នេះ លោក កឹម សុខា អាច​នឹង​ត្រូវបាន​ដោះលែង ដូច​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​ ដែរ។ ពួកគេយល់ថា លោក កឹម សុខា និង​សកម្មជន​នយោបាយ​ផ្សេងទៀត គួរតែ​ត្រូវតែ​បាន​ដោះលែង ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ នៅក្នុងប្រទេសកម្ពុជា មាន​ភាពល្អប្រសើរឡើងវិញ​។

សូមជម្រាបថា ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច​ចុះទៅឃាត់ខ្លួនដល់លំនៅឋាន កាលពីវេលាម៉ោង​ជាង១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧។ ពោលគឺប្រមាណ​ជាង៣​ម៉ោង​ បន្ទាប់​ពី​សារព័ត៌មានហ្វ្រែសញូវ (Fresh News) ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយនូវ​វីដេអូឃ្លីបមួយ ​ទទួល​បាន​ពី​ម្ចាស់​ហ្វេសប៊ុក (Facebook) ឈ្មោះ​កូន​ខ្មែរ ដែល​សារព័ត៌មាន​មួយ​នេះ​ អះអាង​ថា​ជា​របស់​លោក កឹម សុខា។ តាមរយៈវីដេអូឃ្លីបនោះ ទើបរដ្ឋាភិបាល​អះអាងថា លោក កឹម សុខា បាន​ឃុបឃិតគ្នា​ជាមួយ​បរទេស ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ហើយរដ្ឋាភិបាលបានចោទពីបទក្បត់ជាតិ៕