កំពង់ធំ៖ ក្រោយពីមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋមួយគ្រួសារដែលបានអះអាងថា ក្របីរបស់ខ្លួនចំនួន ៣ក្បាល ត្រូវបានចោរលួចកាលពីវេលាម៉ោង ២រំលងអាធ្រាត្រថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះស្ថិតនៅភូមិ គោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួចមក សមត្ថកិច្ចក៏បានតាមដាន ដានជើងក្របីហើយក៏បានរកឃើញថា ត្រូវបានចោរកាប់សម្លាបប់យកសាច់ងាប់អស់ទៅហើយ ។

ក្របី​ដែល​បាត់​ចំនួន​៣​ក្បាល មាន​មេ​ធំ​១​ក្បាល មេ​ក្រមុំ១ក្បាល ​និង​ឈ្មោល​ស្ទាវ​១​ក្បាល ដែល​មាន​ម្ចាស់​ឈ្មោះ ហ៊​ន សុផល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆេ​ង សុ​ខន អាយុ​៤២​ឆ្នាំ ។
ដោយសារតែស្ថានភាពដីនារដូវវស្សាផងនោះ បានបន្សល់ទុកនូវដានជើងក្របីបាត់យ៉ាងច្បាស់ ដោយត្រូវបានគេរកឃើញថា ក្របីទាំងនោះដឹកចូលទៅ​ក្នុងផ្ទះ​ឈ្មោះ នុ​ត សុធា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មឿ​ន ផ​ល្លី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ។

ពេលនោះ សមត្ថកិច្ចក៏បានចូលទៅដល់ផ្ទះខាងលើ ទើបដឹងថា ជាទីសត្វឃាត្ត (ទីតាំងកាប់គោ ជ្រូក ក្របីធ្វើអាជីវកម្ម) ។ ឃើញដូច្នេះសមត្ថកិច្ចក៏បានសុំដីការអនុញាតពី​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ចូល​ធ្វើការ​ឆែកឆេរ ហើយ​បាន​រក​ឃើញ​វត្ថុ​តាង​ស្បែក​ក្របី​ចំនួន​៣ សាច់​ក្របី ដាក់​ក្នុង​បាវ​ជា​ច្រើន​, គ្រឿង​ក្នុង​ដាក់​ក្នុង​ធុង​ក្លា​ស្សេ និង​ខ្សែ​ចង​ក្របី គឺ​ពិតជា​វត្ថុ​តាង​ដែល​ម្ចាស់​ក្របី​ស្គាល់​ថា ជា​សត្វពាហនៈ​របស់​ខ្លួន​ពិតប្រាកដ​មែន ​ជា​ពិសេស​គឺ​ស្បែក​និង​ខ្សែចំណង​ក្របី ។

យ៉ាងណាមិញ នៅក្នុងករណីចុះឆែកឆេរនេះ ម្ចាស់ផ្ទះទាំងពីរនាក់ប្ដីប្រពន្ធ ដែលជាជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់បន្សល់តែសាច់ក្របីដែលកាប់រួចពាសពេញបន្ទប់ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញកំពុងអនុវត្តន៍នីតិវិធីសុំដីកា ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកទទួលទោសតាមច្បាប់ ៕