សហរដ្ឋអាមេរិក៖ យោងតាមការចុះផ្សាយមុននេះបន្តិច របស់សារព័ត៌មាន CNN បានឲ្យដឹងថា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan បានទទួលមរណភាពហើយ នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងវ័យ៨០ឆ្នាំ ។

ដោយឡែកនៅលើគណនី Twitter របស់អង្គការសហប្រជាជាតិ បានសរសេរបញ្ជាក់យ៉ាងខ្លីថា “នៅថ្ងៃនេះ យើងពិតជាមានការសោកស្តាយជាទីបំផុត ដោយយើងបានបាត់បង់ បុរសនិងជាមេដឹកនាំដ៏អស្ចារ្យម្នាក់” ។ លោក Kofi Annan បានកើតនៅក្នុងប្រទេសហ្គាណា ក្នុងឆ្នាំ១៩៣៨ ហើយបានបម្រើការងារជាអគ្គលេខាធិការ UN ទី៧ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ជាសមាជិកអង្គារ The Elders ដែលជាអង្គការមួយ ធ្វើការងារពាក់ព័ន្ធជាមួយនិងសិទ្ធិមនុស្ស ដោយបានបង្កើតឡើងនៅឆ្នាំ២០១៧ ហើយលោកក៏បានក្លាយជាប្រធានអង្គការនេះ នៅឆ្នាំ២០១៣ផងដែរ។

ជាមួយគ្នានោះដែរ បើតាមការបង្ហាញពីប្រវត្តិរូបរបស់លោក បានឲ្យដឹងទៀតថា លោកមានកូនចំនួន៣នាក់ផងដែរ ។ អតីតអគ្គលេខាធិការ UN ដែលមានឈ្មោះល្បីល្បាញរូបនេះ បានទទួលពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ២០០១ សម្រាប់ការខិតខំប្រឹងប្រែងដើម្បីសន្តិភាពរបស់មនុស្សលើពិភពលោកយើងនេះ ៕