ភ្នំពេញ៖ ក្រោយពីមានការចែករំលែកយ៉ាងព្រោងព្រាត នូវខិត្តប័ណ្ណទីតាំងម៉ាស្សាចិនមួយកន្លែងមានឈ្មោះ «ភ្នំពេញទីមួយ» ដោយមានបង្កប់រូបភាពអាសអាភាស ព្រមទាំងត្រូវបានចែកចាយនៅក្នុងតំបន់កណ្ដាលរាជធានីភ្នំពេញរួចមក នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះបិទទីតាំងម៉ាស្សាខាងលើនេះ និងតាមស្វែងរកចាប់ខ្លួនក្រុមដែលចែកខិតបណ្ណ នេះផងដែរដើម្បីធ្វើការសាកសួរ ។

សូមបញ្ជាក់ថា ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែករំលែកយ៉ាងព្រោងព្រាតនូវខិត្តប័ណ្ណចិនមួយចំនួន ដែលបង្ហាញពីរបររកស៊ីម៉ាស្សា ដោយក្នុងនោះបានបង្កប់ទៅដោយរូបថតស្រើបស្រាលជាទីបំផុតផងដែរ ។ ខិត្តប័ណ្ណទាំងនេះ ត្រូវបានគេដើរចែកចាយនៅតំបន់កណ្ដាលរាជធានីភ្នំពេញ ដែលដើមឡើយគឺមានតែនៅខេត្តព្រះសីហនុតែប៉ុណ្ណោះ ។

ចំពោះសកម្មភាព ក៏ដូចជាការដាក់រូបស្រើបស្រាលក្នុងខិត្តប័ណ្ណផ្សព្វផ្សាយទីតាំងម៉ាស្សានេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយម្នាក់ៗនិយាយថា មិនគួរណាជនជាតិចិន មកបំពុលដល់សង្គមខ្មែរដល់ថ្នាក់នេះសោះ ហើយសូម្បីតែអជ្ញាធរ ឬក្រសួងពាក់ព័ន្ធ ក៏ពុំទាន់ឃើញមានវិធានការចំពោះការផ្សព្វផ្សាយរូបភាពអាសអាភាសដូចនេះដែរ ។

សូមបញ្ជាក់ថា សម្រាប់សកម្មភាពដើរចែកចាយខិត្តប័ណ្ណបង្កប់រូបភាពស្រើបស្រាល ដើម្បីទាក់ទាញចំណាប់អារម្មណ៍នេះ បានចាប់ផ្ដើមមុនគេនៅខេត្តព្រះសីហនុ តែក្រោយមក បន្ទាប់ពីមានការរិះគន់ ព្រមទាំងមានការចែករំលែកបន្តគ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផងនោះ ទើប​នៅ​យប់​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ក្រោមការបញ្ជាររបស់ លោកឧត្តមសេនីយ៍ ជួន ណារិន បាន​សហការ​គ្នា​ ស្រាវជ្រាវ​ឆ្មក់​ចាប់​បាន​ជនជាតិ​ចិន​ ដែល​ជា​អ្នក​ដើរ​ផ្សព្វផ្សាយ​ចែក​ខិត្ត​ប័ណ្ណ​ម៉ាស្សា​នោះ​ បាន​ចំនួន​៦​នាក់​ និង​ ដកហូត​បាន​ខិត្តប័ណ្ណ​ ជា​ច្រើន​សន្លឹក​ ហើយជនទាំងនោះត្រូវបានយកទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះជាដាច់ខាត ៕
សហការី KBN