ភ្នំពេញ៖ បុគ្គលិកឥណទានម្នាក់កំពុងដើរតាមផ្លូវសុខៗ ស្រាប់តែឆ្កែព្រុស និងដេញខាំ ធ្វើឱ្យគេផ្ទុះកំហឹង ក៏ស្ទុះទៅរើសដុំថ្មគប់សំដៅលើឆ្កែនោះ បែរដុំថ្មហោះទៅត្រូវចំថ្គាមក្មេងប្រុសម្នាក់ដែលកំពុងអង្គុយលើកង់ បណ្តាលឱ្យរងរបួសសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ស្ថិតក្នុងក្រុមទី៧ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ សឿង ពុធសីហា អាយុ១៣ឆ្នាំ មុខ​របរនៅផ្ទះ មានលំនៅផ្ទះលេខ៥៣០ ក្រុមទី៧ ភូមិ១ សង្កាត់ច្រាំងចំរេះ១ (រងរបួសថ្គាមខាងឆ្វេង) ខណ្ឌឫស្សីកែវ។ រីឯជនបង្ក ឈ្មោះ យិន យ៉ាន អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកឥណទាន ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីឃាត់ខ្លួនរួចមក ជនសង័្សយបានរៀបរាប់ប្រាប់សមត្ថកិច្ច​តាមដំណើររឿងថា តាមពិតទៅ រូបគេគ្មានបំណងគប់ទៅលើក្មេងប្រុសរងគ្រោះនោះទេ។ ប៉ុន្តែមុនពេល​កើតហេតុ រូបគេបានដើរតាមបណ្ដោយផ្លូវ សំដៅទៅរបងផ្ទះត្រង់ចំណុចខាងលើ ស្រាប់តែមានឆ្កែ១​ក្បាល​ចេញមកព្រុស និងដេញខាំរូបគេ។ ឃើញបែបនេះ រូបគេបានផ្ទុះកំហឹង ក៏រើសដុំថ្មគប់សំដៅទៅលើឆ្កែនោះ ស្រាប់តែដុំថ្មនោះបានហោះទៅត្រូវក្មេងប្រុសរងគ្រោះទៅវិញ។

ក្រោយពេលកើតហេតុ ក្មេងប្រុសរងគ្រោះត្រូវបានសាច់ញាតិ និងក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ ដោយឡែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕