ភ្នំពេញ៖ បន្ទាប់ពីអនុវត្តទោសទណ្ឌ នៅក្នុងពន្ធនាគាររយៈពេល១៨ខែ ហើយត្រូវតុលាការដោះលែង​ឲ្យ​មានសេរីភាពឡើងវិញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក គឹម សុខ នៅតែអះអាងថា អ្វីដែលធ្លាប់ធ្វើ​​កន្លងមក ដូចជាបញ្ហានយោបាយ និងសង្គម គឺលោកនៅតែបន្តធ្វើ បើទោះជាមានការបំភិតបំភ័យ ឬត្រូវ​ជាប់ពន្ធនាគារ​ម្តងទៀតក្ដី ក៏លោក​នៅតែមិន​តក់ស្លុត ឬ​ចាញ់​ច្រាប​ដែរ​។

លោក គឹម សុខ អ្នកវិភាគនយោបាយដ៏ល្បីមួយ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានី ហើយតុលាការបានសម្រេចបញ្ជូនគាត់ទៅដាក់ នៅក្នុងពន្ធនាគារ ចាប់តាំងពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​​។ រហូមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ គឺលោក គឹម សុខ បានអនុវត្ត​ទោស​នៅក្នុងពន្ធនាគារមានរយៈពេល១៨ខែ។ ការអនុវត្តទោស នៅក្នុង​ពន្ធនាគារ រយៈពេល​១៨​ខែ​នេះ បានធ្វើ​ឲ្យ​លោក គឹម សុខ ស្រកទម្ងន់យ៉ាងច្រើន និង​មានសាច់ឈាមស្លេកស្លាំង​។ ប៉ុន្តែស្មារតី និង​ភាពក្លាហាន​របស់​អ្នកវិភាគ​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ នៅតែមាន​រាំងមាំដដែល​។

មុនពេលមានការចាប់ខ្លួននោះ លោក គឹម​ សុខ បានចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថា សម្ដេចជាអ្នកនៅពីក្រោយ​ខ្នង នៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ បន្ទាប់ពីលោកចោទប្រកាន់ឥតសំចៃបែបនេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានចាប់ខ្លួនលោក បញ្ជូនទៅតុលាការរាជធានីភ្នំពេញ ហើយសាលាដំបូងក៏បានសម្រេចឃុំខ្លួនលោកដាក់ នៅក្នុងពន្ធនាគារព្រៃស។

ថ្វីបើលោកត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ដាក់គុកម្ដងរួចមកហើយក្ដី ប៉ុន្តែលោក គឹម សុខ ដែលទើបនឹងចេញពីពន្ធនាគារ នៅតែអះអាងថា បើ​និយាយ​ទៅ គុក​-​ច្រវាក់ ប្រហែលជា​មិនអាច​មាន​ឥទ្ធិពល ដើម្បី​បន្សាប​ការប្តេជ្ញា​របស់លោក គឹម សុខ ឡើយ​ ហើយលោកនៅតែ​មិន​បាក់ស្បាតដែរ​។

​លោក គឹម សុខ បាន​ប្រាប់​ពី​ឆន្ទៈ ​និង​បំណង​របស់លោក ក្នុង​ការបន្ត​នូវការអត្ថាធិប្បាយ​ពី​បញ្ហានយោបាយ និង​ការធ្វើ​កិច្ចការ​សង្គម​។ លោក ហ៊ាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់ ដោយសារតែ​លោក ជឿ​លើ​ភាព​ស្អាតស្អំ​របស់លោក​ ពីព្រោះអ្វីដែល​លោក​ធ្វើ គឺ​ស្របតាមច្បាប់ និង​ដើម្បីផល​ប្រយោជន៍របស់​ប្រទេសជាតិខ្មែរ មិនបម្រើឲ្យបរទេស​។

លោក គឹម សុខ បានថ្លែងទាំងអួលដើមកទៅកាន់ព្រះសង្ឃ ប្រជាពលរដ្ឋ និង​អ្នកកាសែត នៅក្នុង​​វត្ត​ពោធិ​យា​រាម​ហៅ​វត្ត​ចាស់ ដែលមកទទួលលោកថា៖ «​ខ្ញុំនិយាយ​ប៉ុណ្ណឹង គេ​ចាប់​ខ្ញុំ​ដាក់គុក​។ ចេញពី​គុក ខ្ញុំ​នឹងធ្វើ​លើស​ដើម ពីព្រោះ​ខ្ញុំមិនមែនជា​ភេរ​វករ ឬក៏​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​។ ខ្ញុំធ្វើ​ក្នុង​ផ្លូវ​មួយ ដើម្បី​លើក​តម្កើងនូវលទ្ធិ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ ដែលជា​គោល​នៃ​នីតិរដ្ឋ​»​។

​ជាមួយគ្នានេះ លោក គឹម សុខ បានបង្ហាញ​ពីគោលជំហររបស់លោក​ថា លោកនឹង​បន្តធ្វើ​កិច្ចការ​របស់លោក ដែល​ធ្លាប់ធ្វើ​ពីមុនមក​។ រីឯកិច្ចការងារ ដែល​លោកនឹង​បន្តធ្វើ រួមមាន​ការស្រាវជ្រាវ និង​ការ​ចងក្រង​គំនិត ដើម្បី​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​ចូលរួម ​ឲ្យ​បាន​កាន់តែ​ផុសផុល ក្នុង​កិច្ចការ​សង្គម និង​ការលើកកម្ពស់នូវលទ្ធិ​ប្រជាធិបតេយ្យ​។ លោកបានចាត់ទុក​រាល់កិច្ច​ការ​ទាំងនេះថា ​ជា​កាតព្វកិច្ច ដែល​លោកត្រូវតែ​ធ្វើ ជាពិសេស ​ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​។

លោក គឹម សុខ បានបន្តថា «​ខ្ញុំ​​ចែករំលែក​គំនិត​របស់ខ្ញុំ​ គឺវាអត់​មាន​អី្វ​ដែល​ខុសច្បាប់​ទេ​។ បើ​អត់​ខុសច្បាប់ យើងត្រូវតែ​បន្ត តែ​ធ្វើ​ដោយ​អហិង្សា​។ បើ​យើងអត់​ហ៊ាន​បន្ត មានន័យថា អ្នក​ប្រព្រឹត្តខុសច្បាប់ នឹង​កាន់តែ​មានទឹក​មាត់​លេប [បានចិត្ត] ហើយ​យកឈ្នះ​យើង យកឈ្នះ​ជាតិ​យើង​»​។

នៅពេលអ្នកកាសែតសួរថា «​តើ​លោកបារម្ភ ឬក៏​មាន​កង្វល់​ទេ បើ​លោកបន្តធ្វើ​កិច្ចការ​ដូច​មុន​?» លោក គឹម សុខ បាន​ឆ្លើយ​ដោយ​ឥត​រារែក​ថា ការបារម្ភ ប្រាកដ​ជាមាន ហើយ​កង្វល់ក៏​មិន​អត់​ដែរ​។ ប៉ុន្តែលោកបន្ថែមថា ក្តីបារម្ភ ​និង​ក្តីកង្វល់​ទាំងនេះ មិនមែនជា​ឧបសគ្គ ដែល​រុញ​ឲ្យលោក​ចាក​ចេញពី​ការងារ ដែល​លោក​ចង់​ធ្វើ​នោះឡើយ​។

លោក គឹម សុខ បានបន្តថា កង្វល់​របស់​ជាតិ គឺ​ធំ​ជាង​កង្វល់​បុគ្គល​ផ្ទាល់​ខ្លួ​នលោក​ទៅទៀត។ នេះគឺជា​មូលហេតុ ធ្វើ​ឲ្យ​លោកមិនអាច​បិទមាត់​ និង​ធ្មេចភ្នែក​ពី​រឿង​នយោបាយ​ ហើយនិង​កិច្ចការ​សង្គម​។ ទោះ​ជាយ៉ាងណា ​លោកនៅតែ​មិន​តក់ស្លុត​នឹង​ការបំភិតបំភ័យនោះទេ។ បើយើងគ្រាន់តែជាប់គុក​មួយឆ្នាំ​-​ពីរ​ឆ្នាំ ហើយ​យើង​នាំគ្នា​ចុះចាញ់​គេ អ៊ីចឹង​យូរៗ​ទៅ យើង​នឹង​ចុះចាញ់​គេ​ដោយ​ខ្លួនឯងរហូត​។ ពេល​យើង​ចុះចាញ់​គេ មិនមែន​បុគ្គល​ជា​អ្នកចាញ់​ទេ គឺ​ជាតិ​យើង​ជា​អ្នកចាញ់​។ បើ​យើង ត្រៀមខ្លួន​រួចហើយថា ​ចូល​គុក កុំ​ខ្លាច។ បើ​ថ្ងៃ​ណា​គេ​ចាប់​ដាក់គុក ជាប់គុក​ទៀត​ទៅ​»​។

ក្រោយពេលនិយាយពីរឿងសង្គម និងនយោបាយនោះ ​លោក គឹម សុខ រៀបរាប់ពីស្ថានភាពនៅក្នុងពន្ធនាគារប្រាប់ប្រជាពលរដ្ឋ​ថា សូម្បីតែ​សរសេរ អាន​សៀវភៅ ឬ​កាសែត ក៏​លោកមិនត្រូវ​បាន​គេ​អនុញ្ញាត​ដែរ ខណៈ​បទបញ្ជាផ្ទៃក្នុង​របស់​ព​ន្ធ​នាគារ​ មិនបាន​ហាមឃាត់​។ រហូត​ទាល់តែ​លោកជាប់ពន្ធនាគារ​ជិត​១៥​ខែ​ ទើប​គេប​ន្ធូរ​បន្ថយសម្រាប់រូុបលោក​បន្តិច ដោយ​បើក​សិទ្ធិ​ឲ្យ​អាន​កាសែត​។ លោក លាត​ត្រ​ដា​ង​ថា​៖«​គេ​មិន​ឲ្យ​ខ្ញុំអាន មិន​ឲ្យ​ខ្ញុំសរសេរ​អ្វី​ទាំងអស់​ ពោគឺគេ​(មន្ត្រីពន្ធនាគារ)ធ្វើ​តែ​លើ​ខ្ញុំ។ ដោយឡែក​អ្នកផ្សេងៗ គឺអាន​បាន​»​។​

​ក្រោយ​ចេញពី​ពន្ធនាគារ លោក គឹម សុខ បាន​នឹកឃើញ​ស្តា​ម៉ា​ត​ស្តុប​បូកគោ​មុនគេ ដែលជា​កន្លែង​ឃាតក បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ជាង​ពីរ​ឆ្នាំមុន​។ លោក បាន​ទៅ​ទីនោះ ដើម្បី​អុច​ធូប​និង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដែល​លោក លើកតម្កើង​ជា​អ្នកស្នេហាជាតិ​។ ​បន្ទាប់មក លោក គឹម សុខ បាន​ធ្វើដំណើរ​ទៅកាន់​វត្ត​​ចាស់ ដែល​ជាទី​តម្កល់សព​លោក​បណ្ឌិត កែម ឡី រយៈពេល​កន្លះ​ខែ មុននឹង​បញ្ជូនទៅ​បញ្ចុះ​នៅ​ស្រុកកំណើត ក្នុង​ខេត្តតាកែវ​។ នៅពេលដល់​វត្ត​ចាស់ លោក គឹម សុខ បាន​និមន្ត​ព្រះសង្ឃឲ្យ​ស្រោច​ទឹក ដើម្បី​លាងជម្រះនូវ​អពមង្គល​ទាំង​អម្បាលម៉ាន ចេញពី​ជីវិត​របស់លោក​។

​ការទទួលបាន​សេរី​ភាពឡើងវិញ​នាពេលនេះ អាច​និយាយបានថា ភាព​ខ្មៅ​ងងឹត បាន​រសាត់​ផុតពី​ជីវិត​របស់លោក គឹម សុខ ហើយ​។ ប៉ុន្តែ លោកមិនទាន់​ស្រឡះ​ចិត្ត​ទាំងស្រុង​ឡើយ ដ្បិត​លោកនៅជាប់​បណ្តឹង​ផ្សេងទៀត​ ពីព្រោះលោកបាន​រង​បណ្តឹង​ដល់​ទៅ​ពីរ ពី​សំណាក់​លោក គី តិច មេធាវី​តំណាង​ឲ្យ​សម្តេច ហ៊ុន សែន​។

​លោក គឹម សុខ រង​បណ្តឹង​ទីមួយ ដោយសារតែ​លោកចោទ​ប្រកាន់សម្តេច ហ៊ុន សែន ថា ​នៅ​ពីក្រោយ​ខ្នង ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​​ អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីល្បាញមួយរូប។ បណ្តឹង​ទីមួយ ធ្វើ​ឲ្យ​លោក គឹម សុខ ត្រូវបាន​ជាប់​ព​ន្ធ​នាគារ​រយៈពេល​១៨​ខែ គឺ​ចាប់ពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១៨​។ ឥឡូវបណ្តឹង​ទីមួយបានចប់សព្វគ្រប់​ហើយ បន្ទាប់ពី​លោក បាន​អនុវត្ត​ទោស​គ្រប់​តាម​កាលកំណត់​។ ​ប៉ុន្តែបណ្តឹង​ទី​ពីរ កំពុងស្ថិត​ក្នុង​ដៃរបស់​ព្រះរាជអាជ្ញា​នៅឡើយ ដោយ​មិនទាន់​ជំនុំជម្រះ ឬ​សម្រេចសេចក្តី​នៅឡើយ​។ ដូច្នេះតាម​នីតិវិធី ព្រះរាជអាជ្ញាអាច​កោះហៅ​លោក គឹម សុខ ទៅ​សាកសួរ​​គ្រប់ពេល​។ រីឯដើមចម នាំ​ឲ្យ​លោករង​បណ្តឹង​ទី​ពីរ​នេះ គឺ​ដោយសារតែ​លោក និយាយថា​ប្រព័ន្ធ​មួយ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនឃើញ​។

ទោះជាក្រោយពេលចេញពីពន្ធនាគារ ហើយលោក គឹម សុខ នៅរងនឹងបណ្ដឹងមួយទៀតក្ដី តែ​លោក គឹម សុខ នៅតែប្រកាសប្រាប់មហាជនថា លោកនឹងរស់នៅក្នុងប្រទេសកម្ពុជា ដោយមិន​គេចខ្លួន​ទៅ​ក្រៅប្រទេសឡើយ​៕