ភ្នំពេញ ៖ វា​គឺជា​រឿង​គួរ​ឱ្យ​ហួសចិត្ត និង​គួរ​ឱ្យ​អស់សំណើច​មួយ ដែល Facebook យ៉ាង​ហោច​ណាស់ ក៏៦០ Facebook ដែរ បាន​យក​ផលិតផល​ម៉ាក Firmax 3 Cream ទៅ​ប្រកាស​ផ្សព្វផ្សាយ​លក់​ថា ជា​ឱសថ​ដែល​អាច​ព្យាបាល​ជំងឺ​បាន​យ៉ាងច្រើន​ប្រភេទ​ដែល​អាច​ប្រៀប​បាន​ទៅ​នឹង​ឱសថ​ទិព្វ នៅ​ក្នុង​រឿងនិទាន​ទេវ​កថា​ដូច្នោះ​ដែរ គឺ​ពួក​អ្នកលក់​បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា Firmax 3 Cream អាច​ព្យាបាល​ជំងឺ​សន្លាក់​ដៃជើង ជំងឺ​បេះដូង ខ្លាញ់​រុំ​ស​សៃ​ឈាម ជំងឺ​ទឹកនោមផ្អែម ទឹកនោមប្រៃ ជំងឺ​ក្រពះ​ពោះវៀន ជំងឺ​ឬ​ស​ដូង​បាទ ជំងឺ​ស្ត្រី​គ្រប់​ប្រភេទ ជំងឺលើសឈាម ឡើង​ជាតិ​ស្ករ ជំងឺថ្លើម ជំងឺ​សួត ជំងឺ​រលាក​ច្រមុះ រក្សា​សម្រស់​ឱ្យ​នៅ​ក្មេង​វ័យ ការ​រលាក និង ជំងឺ​ជា​ច្រើន​មុខ​ផ្សេង​ៗ​ទៀត ។

ពិតជា​មិន​ចាញ់​ថ្នាំ ប៉ា​ហ៊ី សោះឡើយ គឺថា គ្រាន់តែ Firmax 3 Cream មួយ​មុខ​សោះ អាច​ព្យាបាល​ជំងឺ​បាន​យ៉ាងច្រើន​ដល់​ម្ល៉ឹង តើ​អាច​ឱ្យ​គេ​ជឿ​យ៉ាងម៉េច​ទៅ ?

ប៉ុន្តែ​អ្វី​ដែល​រឹតតែ​ហួសចិត្ត​ទៅ​ទៀត​នោះ​គឺ​ក្រសួងសុខាភិបាល បាន​ប្រកាស​ថា ជា​សាធារណៈ​ថា ” Firmax 3 Cream គឺជា​គ្រឿងសម្អាង ( មិនមែន​ជា​ឱសថ​ទេ ) ដូច្នេះ វា​គ្មាន​គុណភាព​បង្ការ ឬ ព្យាបាល​ជំងឺ​ដូចដែល​បាន​ផ្សព្វផ្សាយ​កុហក​បំផ្លើស​ឡើយ ” ។

ថា​មែន គឺ​មែន ! មើលចុះ គ្រាន់តែ​ជា ឱសថ ឬ​ជា​គ្រឿងសម្អាង ក៏​អ្នក​ផ្សព្វផ្សាយ​លក់​ទាំងនោះ គ្មាន​ទាំង​ស្គាល់​ផង ! តើ​រំពឹង​លើ​អ្វី ? បើ​ថា មិន​មាន​ជំនាញ​ខាង​ពេទ្យ​ក៏​ហី​ទៅ​ចុះ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ក៏​គួរតែ​ស្គាល់​ពាក្យ​ថា «Cream» ដែល​ជា​ភាសា​អង់គ្លេស បកប្រែ​ជា​ភាសា​ខ្មែរ «​ក្រែ​ម​» ដែល​ខ្មែរ​យើង​ច្រើន​ហៅ​ថា «​ម្សៅ​» សម្រាប់​ផាត់មុខ​ឱ្យ​ស្រស់​ស្អាត​នោះ​ដែរ ។

ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​ថា ដើម្បី​ចៀសវាង​ខាតបង់​ថវិកា​ដោយ​ឥតប្រយោជន៍ និង អាច​ប៉​ពាល់​ដល់​សុខភាព ឬ​ឈាន​ដល់​បាត់បង់​អាយុជីវិត​ផង​នោះ សូម​សាធារណជន​ទាំងអស់​បញ្ឈប់​ការ​ប្រើប្រាស់​ផលិតផល Firmax 3 Cream នេះ ហើយ​រាល់​គណនី Facebook ទាំងអស់​ដែល​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​នេះ ក៏​ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​ដែរ ។

ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​អ្នក​នាំ​ចូល និង​លក់​ផលិតផល Firmax 3 Cream ព្រោះ​ផលិតផល​នេះ គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ។ ហើយ​​អ្នកលក់​ទាំងនោះ បាន​យកឈ្មោះ​ក្រុមហ៊ុន RF3 WORLD ( CAMBODIA ) Co,Ltd ទៅប្រើ​ទៀតផង ។

បន្ថែម​លើ​នេះ បើ​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​ផ្សាយ​អោយ​ដឹង​ថា លោក​អគ្គនាយក​ក្រុមហ៊ុន RF3 World Cambodia លោក វណ្ណ សុ​ភោ​នោ ដែល​បាន​នាំ​ចូល​ផ្តាច់មុខ​នូវ​ផលិតផល​ដ៍​ល្អ​ឯក​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​មាន​ដូច​ជា គ្រី​ម Firmax3 ដែល​ជា​គ្រី​ម​ពូ​កែស​ក្ត័​សិទ្ធ​…. ដែល​ត្រូវ​បាន​ទទួលស្គាល់ និង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​សកលលោក បានការ​គាំទ្រ និង​ពេញ​និយម​នៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន នាំ​ចូល​ដោយ​ក្រុមហ៊ុន RF3 WORLD CAMBODIA CO.,LTD ដែល​បាន​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជី​ការ​លេខ No. CAMN 15369 CN-17 ថែមទៀត ៕ ប្រភព ៖ ធ្លាប់តែ​ឃើញ​ផលិតផល​ល្បី ពេល​នេះ​មក​ស្គាល់​CEO ​របស់​ផលិតផល ​Firmax3 ស្រស់​សង្ហា​យ៉ាងណា ដែល​នាំ​យក​គ្រី​ម​ដ៏​ល្អ​ពូកែ​ ​ផ្តាច់មុខ​នៅ​កម្ពុជា