ភ្នំពេញ៖ បន្ទាប់ពីលោកអភិបាលខេត្តកណ្ដាលប្ដឹងអគ្គនាយករងទៅសាលាដំបូងរាជធានីភ្នំពេញនោះមក លោក លី សាម៉េត បានមកស្បថ នៅមុខព្រះអង្គដងកើ នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងសុំឲ្យលោក ម៉ៅ ភិរុណ មកស្បថពីករណីធ្វើរបាយការណ៍កុហកជូនសម្តេចតេជោ យកដីទៅលក់យកលុយចែកគ្នា។

លោក លី សាម៉េត បានមកស្បថ ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ និងលោក ម៉ៅ ភិរុណ បានឃើញ និងពិចារណាចុះ។ តាមការពិត ប្រជាពលរដ្ឋដែលលោកចោទថា មានទំនាស់ជាមួយក្រុមហ៊ុននោះ មិនមែនជាប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់អុសទេ។ ផ្ទុយទៅវិញ ពួកគេសុទ្ធតែឈ្មួញ និងឧកញ៉ា រស់នៅរាជធានីភ្នំពេញ និងអ្នកក្រៅប្រទេស ក្នុងនោះក៏មាន ឈ្មោះ ភឹម ភីរ៉ា អភិបាលស្រុកល្វាឯម ដែលជាកូនរបស់លោកម៉ៅ ភិរុណ និងឈ្មោះមួយចំនួនទៀត មានដូចជា ហុង សេងហេង, សេង ចាយ, ជឹម ម៉េង​អាន, វ៉ា សារិទ្ធ, នួន សារី, គីម គឹមហាច, ហុង កៃហេង, រស់ គង់, អ៊ូ ប៊ន, ឈាង ចិន្តា, ស៊ួន គឹមស្រុន, ម៉ឹង សុលាប••។ល។

លោក លី សាម៉េត អគ្គនាយករង ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ កាលពីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២១៨ម្សិលមិញ បានអុជធូបស្បថ នៅមុខព្រះអង្គដងកើ ថា ប្រសិបើលោកនិយាយកុុហកថា លោកបានរំលោភយកដីរបស់ប្រជាពលរដ្ឋ និងនិយាយអ្វីខុសការពិតប្រាកដមែន សូមឲ្យទេវតាបរាមុខ និងសូមឲ្យក្រុមហ៊ុនរបស់លោករលាយ។ ប៉ុន្តែលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍កុហកទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា ក្រុមហ៊ុនរបស់ខ្ញុំរំលោភលើដីរបស់ប្រជាពលរដ្ឋចំនួន៦០គ្រួសារ។ តាមការពិត អ្នកទាំង៦០គ្រួសារនោះ គឺមិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពុងអុស នោះទេ គឺសុទ្ធទែជាបក្សពួក និងកូនរបស់លោកអភិបាលខេត្តទៅវិញទេ។

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានរងនូវការចោទប្រកាន់ពីការយកស្នាមមេដៃរបស់ប្រជាពលរដ្ឋទៅភូតកុហកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្លន់យកដីរបស់ក្រុមហ៊ុន និងរាស្រ្ដស្លូតត្រង់។

យោងតាមគណនីហ្វេសប៊ុក លី សាម៉េត បានសរសេរ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ​ បានសរសេរថា ខ្ញុំបាទ លី សាម៉េត អគ្គនាយករង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ និង ឧកញ៉ា ឌីប៉ូ សូមជម្រាបលោកអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ ឲ្យបានជ្រាបថា លោកបានយកដីក្រុមហ៊ុនរបស់ខ្ញុំទៅលក់ ហើយធ្វើរបាយការណ៍កុហកសម្តេច ដោយលោកបានយកស្នាមមេដៃប្រជាពលរដ្ឋទៅកុហកសម្តេច។ ឥឡូវប្រជាជន រស់នៅឃុំកំពង់អុសទាំងមូល បានដឹងឮអស់ហើយ ហើយប្រជាជនទាំងអស់ក៏ព្រមមកធ្វើជាសាក្សីទាំងអស់គ្នាដែរ។

គណនីដដែល បានសរសេរបន្តថា លោកបានកុហកប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋទាំងអស់ងឿងឆ្ងល់ថា យកស្នាមមេដៃពួកគាត់ទៅធ្វើអ្វី? ប៉ុន្តែខាងលោកអភិបាលខេត្ត ម៉ៅ ភិរុណ ថា យកស្នាមមេដៃទៅ គាំទ្រ​សម្តេច។ ផ្ទុយទៅវិញ លោកបានយកស្នាមមេដៃប្រជាជនមកធ្វើរបាយការណ៍កុហកសម្តេច ហើយលោកយកដីរបស់ក្រុមហ៊ុនទៅលក់ចែកអ្នកមាន និងឧកញ៉ាមួយចំនួន។ ខ្ញុំបាទ លី សាម៉េត មានភ័ស្តុតាង​គ្រប់គ្រាន់ មានទាំងវីដេអូក្លីប ដែលលោកបានបញ្ជាកូនចៅថ្នាក់ក្រោមទៅប្រមូលស្នាមមេដៃប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ លោកបានចោទថា ក្រុមហ៊ុនខ្ញុំមិនឲ្យប្រជាពលរដ្ឋដើរ លោកធ្វើរបាយការណ៍កុហកថា ប្រជាជនដើរមិនបាន រកត្រីមិនបាន។ រឿងទាំងអស់នេះសុទ្ធតែលោកជាអ្នកប្រឌិតឡើងទាំងអស់។ លើសពីនេះទៅទៀត លោក (អភិបាលខេត្ត) បានយកដីក្រុមហ៊ុនរបស់ខ្ញុំទៅលក់អស់ហើយលោកបែរមកប្តឹងខ្ញុំដាក់គុកទៀត។ វាពិតជាអយុត្តិធម៌ណាស់ម្រាប់រូបខ្ញុំ។ សូមប្រជាពលរដ្ឋទាំងអស់ពិចារណាទាំងអស់គ្នា។

គណនីដដែល បានសរសេរបន្តថា បើលោកអភិបាលខេត្តកណ្តាលថា ខ្លួនលោកមិនបានយកដីក្រុមហ៊ុនទៅលក់ឲ្យគេទេនោះ លោកហ៊ានមកស្បថជាមួយខ្ញុំបាទ នៅព្រះអង្គដងកើ បានឬអត់? តើលោកយកដី ក្រុមហ៊ុននោះពិត ឬមិនពិត? ពីព្រោះឈ្មោះដែលលោកបានលក់ឲ្យនោះ សុទ្ធតែជាពួកឈ្មួញខិលខូច និង​អ្នកមានមួយចំនួន ហើយគ្មានឈ្មោះជាប្រជាជន រស់នៅឃុំកំពង់អុសទេ។ ខ្ញុំបាទមានភ័ស្តុតាងក្នុង​ដៃគ្រប់គ្រាន់។ លើសពីនេះទៀត លោកបានប្រមាថខ្ញុំបាទ និង ឧកញ៉ា ឌីប៉ូ ថា ពួកអាជនពាលពីរនាក់ហ្នឹង ហ្នឹងចាត់ការវា ពេលបោះឆ្នោតហើយ (នេះជារឿងពិត)។

ម្ចាស់គណនីដដែល បានសរសេរបន្តថា ខ្ញុំដឹងពីអាថ៌កំបាំងច្រើនណាស់ អ្វីដែលខ្ញុំហ៊ាននិយាយ ខ្ញុំបាទនឹងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ពីព្រោះលោក ម៉ៅ ភិរុណ បានយកដីក្រុមហ៊ុនទៅលក់យ៉ាងពិត​ប្រាកដ មិនអាចប្រកែកបាន ទេវតាដឹងឮ មេឃដីដឹងឪ។ នៅថ្ងៃទី១៥ ឬ១៦ សីហា ខាងមុខនេះ ខ្ញុំបាទនឹងចេញក្លីបវីដេអូ ដើម្បីបញ្ជាក់ពីការពិត ចំពោះបុគ្គលលោកអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ តែម្នាក់គត់។

យោងតាមសារព័ត៌មានរស្មីកម្ពុជា បានចេញផ្សាយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បានសរសេរថា បន្ទាប់ ពី​បោះឆ្នោតរួច លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល បានប្ដឹង​លោក លី សា​ម៉េ​ត អគ្គនាយករង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ ពីបទបរិហារកេរ្ដិ៍ចូល​ទៅកាន់អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា ​ការដែលលោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ​​ប្តឹង​ផ្តល់​​នេះ គឺដោយសារ​លោក លី សា​ម៉េ​ត បាន​ផ្សព្វផ្សាយ​ជាច្រើនលើក​ច្រើនសា ដោយ​ចោទប្រកាន់មកលើរូបលោក (ម៉ៅ ភិ​រុណ) ថា បាន​ប្លន់​ដី​ក្រុមហ៊ុន នៅ​ក្នុងឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ​បានធ្វើ​របាយការណ៍​កុហក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

​ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា លោក ម៉ៅ ភិ​រុណ បាន​ប្តឹង​លោក លី សា​ម៉េ​ត ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និងបទ​ប្រមាថ​។ បច្ចុប្បន្ន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៧២៧ ចុះ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ រីឯតុលាការ​ក៏បាន​កោះហៅ​លោក លី សា​ម៉េ​ត ចូល​បំភ្លឺ​នៅ​រសៀល ​ថ្ងៃទី​២២ ខែសីហា ខាងមុខនេះ​ផងដែរ។ តុលាការ​តម្រូវឱ្យ​សា​ម៊ី​ខ្លួន ត្រូវ​អញ្ជើញ​មកឱ្យ​ទាន់ពេលវេលា និងយក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​យកមក​ជាមួយ​ផង។​

​ទោះជាយ៉ាងណាមជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើលថា ទីបំផុត​នៃ​សំណុំរឿង​ដ៏​ក្តៅគគុក​នេះ តើ​តុលាការ​នឹង​សម្រេច​យ៉ាងដូចម្ដេច​? ជុំវិញការប្ដឹងផ្ដល់ និងចោទប្រកាន់ខាងលើនេះ KBN មិនអាចទាក់ទងសុំការបំភ្លឺដោយផ្ទាល់ពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានទេ នៅមុននេះ។ ដោយឡែកម្ចាស់គណនី​ផ្ទាល់ ក៏បានមិនអាចសុំបញ្ជាក់ព័ត៌មានបន្ថែមបានដែរ។ ប្រសិនបើមានព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធ KBN យើងខ្ញុំនឹងផ្សាយជូនបន្តទៀត៕

សូមស្ដាប់ខ្លឹមសារ ដែលលោក លី សាម៉េត ស្បថ នៅមុខព្រះអង្គដងកើ ដូចខាងក្រោម៖