ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨​នេះ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋក្នុងរាជធានី​ភ្នំពេញ​ ដែល​បានឃើញ​ការ​ដើរ​ចែក​នាមប័ណ្ណ ឬ​ខិតប័ណ្ណ ដែល​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​ការ​ម៉ាស្សា ឬ​សេវា​ផ្លូវភេទ ត្រូវ​រាយការណ៍​ជូន​សម​ត្ច​កិច្ច ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់ ។

ជាមួយ​គ្នា​នេះ កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ក៏​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​រាយការណ៍​តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៦៩០ ០៩៩ ឬ​០៨៨ ២១២ ៨៨៨៨ ដើម្បី​សមត្ថកិច្ច​ជំនាញ​មាន​វិធានការ តាម​ផ្លូវច្បាប់​ជា​ធរមាន ។

ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បានឃើញ​ការ​ដើរ​ចែក​នាមប័ណ្ណ ហើយ​រាយការណ៍​ជូន​សម​ត្ច​កិច្ច​នេះ ប្រជាពលរដ្ឋ​ខ្លះ​ឆ្ងល់​ថា ទីកន្លែង​(​អាសយដ្ឋាន​មាន​ក្នុង​ខិតប័ណ្ណ​ស្រាប់​)​ឃើញ​ហើយ រួច​ម៉េច​មិន​ចុះ​ទៅ​បង្ក្រាប​ទៅ ចេះ​ធ្វើការ​អត់ ? បាន​ចាំ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​ទៅ​វិញ ?

ដូច​គ្នា​នេះ​ដែរ ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sothearith Mao សរសេរ​ថា ចុះ​សមត្ថកិច្ច​នឹង​អត់​មើល​ទីតាំង រឺ​លេខ​ទូរ​សព្ទ​ដែល​គេ​ដាក់​នៅ​លើ​ខិតប័ណ្ណ​នឹង​ទេ ? ឬ​មួយ​ស្គាល់​កន្លែង​ហើយ​មិន​ហ៊ាន​ទៅ ?

ពាក់ព័ន្ធ​ការ​ដើរ​ចែក​ខិតប័ណ្ណ​នេះ ក៏​ធ្លាប់​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ប៉ុន្ដែ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​ខេត្ត បាន​ចុះ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន ដែល​ជា​អ្នក​ដើរ​ចែក​ខិតប័ណ្ណ​នេះ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ មួយ​រយៈពេល​ចុង​ក្រោយ​នេះ បទល្មើស​ធំ​ៗ ត្រូវ​បាន​បង្ក​ដោយ​ឡើង​ដោយ​ជនជាតិ​ចិន ដែល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ចែក​ខិតប័ណ្ណ​រកស៊ី​ផ្លូវភេទ នៅ​កំពង់សោម​រហូត​ដល់​ភ្នំពេញ ការ​នាំ​ចូល​គ្រឿងញៀន​រាប់​សិប​គីឡូក្រាម​មក​កាន់​កម្ពុជា ការ​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ ខ​.​ម បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​វាយតប់​មក​លើ​ជនជាតិ​ខ្មែរ ជាដើម សុទ្ធសឹងតែ​ជា​បញ្ហា​រសើប​ធ្វើ​ឲ្យ​កក្រើក​បណ្តាញ​សង្គម​នា​ពេល​ប៉ុន្មាន​ថ្ងៃនេះ ។

ប្រឈម​នឹង​បញ្ហា​នេះ សង្គម​ស៊ី​វិល​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​កាន់តែ​តឹងរ៉ឹង​ចំពោះ​ជនជាតិ​ចិន​នៅ​កម្ពុជា ។ ពួក​គេ លើក​ឡើងជា​សំនួ​រថា ច្បាប់​មាន​ស្រាប់ ហេតុ​អី​មិន​អនុវត្តន៍ ? ពួក​គេ បាន​អះអាង​ថា អាជ្ញាធរ​កម្ពុជា មិន​អាច​បណ្តែតបណ្តោយ​ទៀត​បាន​ទេ ចំពោះ​បញ្ហា​នេះ ៕