ខេត្តកណ្ដាល៖ បុរសម្នាក់ចេញពីផឹកស្រវឹង ដើរមកដល់ផ្ទះ រករឿងប្រពន្ធ រហូតបង្កនូវអំពើហិង្សា ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ។

មន្ត្រីនគរបាលស្រុកកៀនស្វាយ​ បានឲ្យដឹងថា ជនសង័្សយជាប់ព័ន្ធនឹងអំពើហិង្សា ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ងិន សុធា អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ។ រីឯជនរងគ្រោះជាប្រពន្ធ ឈ្មោះ តោ សុផាន់​ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ។ ពួកគេរស់នៅក្នុងភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀន​ស្វាយ ខេត្តកណ្ដាល។ ក្រៅពីឃាត់ខ្លួនជនសង័្សយ សមត្ថកិច្ចបានដកហូតបានដំបងប្ញស្សី១ ប្រវែង​១៧៥​សង់ទីម៉ែត្រ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង័្សយទើប​​នឹងចេញមកពីផឹកស្រវឹង។ លុះពេលគេដើរមកដល់ផ្ទះ ក៏រករឿងប្រពន្ធ ទើបបង្កឲ្យមានការឈ្លោះប្រកែក​គ្នា ស្រាប់តែជនសង័្សយបានស្ទុះទៅទាញដំបងឫស្សី វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសជាំពេញខ្លួន។

ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំកាន់ប៉ុស្តិ៍​នគរបាលរដ្ឋបាល ដើម្បីសាកសួរ រួចហើយកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការបន្តតាមនីតិវិធី៕