ភ្នំពេញ៖ បន្ទាប់ពីអនុវត្តទោសគ្រប់តាមកាលកំណត់នោះមក សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​​ដោះលែងលោក គឹម សុខ អ្នកវិភាគ​នយោបាយ នៅ​​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​នេះ​។

លោក គឹម សុខ អ្នកវិភាគនយោបាយដ៏ល្បីមួយ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានី ហើយតុលាការបានសម្រេចបញ្ជូនគាត់ទៅដាក់ នៅក្នុងពន្ធនាគារ តាំងពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​​។ រហូមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ គឺលោក គឹម សុខ បានអនុវត្ត​ទោស​នៅក្នុងពន្ធនាគារមានរយៈពេល១ឆ្នាំកន្លះ។ មុនពេលត្រូវចាប់ខ្លួនដាក់ពន្ធនាគារនោះ លោក គឹម​ សុខ បានចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថា នៅពីក្រោយខ្នង នៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។

លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក គឹម​ សុខ បានប្រាប់អ្នកកាសែតថា៖ «គេដោះលែងគាត់ហើយ នៅវេលាម៉ោង៩កន្លះព្រឹក ថ្ងៃនេះ។ ខ្ញុំបានទៅទទួលគាត់ដល់ពន្ធនាគារ»។

សូមជម្រាបថា សាលាដំបូងរាជធានី​ភ្នំពេញ បានចោទប្រកាន់​អ្នកវិភាគ​រូបនេះ ពី «​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង«​បទ​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​»​។

គួរ​បញ្ជាក់​ថា រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​សម​១នាំ​ខ្លួន​ទណ្ឌិត គឹ​ម សុខ អ្នកវិភាគ​នយោបាយ​យក​មក​សាកសួរ​រឿង​ផ្សេង​មួយទៀត តែ​លោក​ព្រះរាជអាជ្ញា​មិន​ទាន់​បាន​ចោទប្រកាន់​នៅឡើយ។ បើ​យោង​ទៅ​តាម​ការ​សម្រេច​ផ្តន្ទាទោស​១៨​ខែ លើ​អ្នកវិភាគ​នយោបាយ គឹ​ម សុខ គិត​ពី​ថ្ងៃ​ចាប់​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លង​មក អ្នកវិភាគ​នយោបាយ​រូប​នេះ​ជិត​បាន​រួច​ផុត​ពី​ទោស​ហើយ គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ តែ​រសៀល​នេះ គឺ​នាំ​មក​សាកសួរ​រឿង​ផ្សេង​មួយទៀត​ដែល​ព្រះរាជអាជ្ញា​មិន​ទាន់​ចោទប្រកាន់៕