បរទេស៖ បន្ទាប់ពីមើលឃើញចំនួនអត្រាប្រជាពលរដ្ឋចិនមានការធ្លាក់ចុះនោះមក រហូតមកដល់ពេលនេះ អាជ្ញាធរចិនបានចាប់ផ្តើមគោលនយោបាយលើកទឹកចិត្តដល់ប្តីប្រពន្ធឱ្យមានកូនទី២ ដើម្បីបង្កើនអត្រាកំណើតប្រជាពលរដ្ឋ នៅក្នុងប្រទេសរបស់ខ្លួន។

កាលពីមុនរដ្ឋាភិបាលចិន បានកំណត់ច្បាប់មួយ គឺប្ដីប្រពន្ធមួយគូកំណត់ឲ្យមានកូនតែមួយ និងតំបន់ខ្លះអាចមានកូនពីរ។ ប៉ុន្តែប្រសិនបើពួកគេល្មើសនឹងច្បាប់នេះ​ នឹងត្រូវពិន័យជាប្រាក់ តាមច្បាប់របស់ចិនកំណត់។ រហូតមកដល់ឆ្នាំ០១៦កន្លងទៅនេះ ដោយមើលឃើញពីអត្រាប្រជាជនធ្លាក់ចុះ ទើប
រដ្ឋាភិបាលក្រុងប៉េកាំងបានបោះបង់ចោលគោលនយោបាយ​ដ៏ចម្រូងចម្រាសកូនតែមួយនោះចេញ ហើយអនុញ្ញាតឱ្យគ្រួសារទាំងអស់មានកូន២នាក់។ នេះជាផែនការមួយដើម្បីសំដៅដោះស្រាយប្រជាជន ដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស និងកាន់តែច្រើនឡើងរបស់ខ្លួន។

ផ្ទុយពីការរំពឹងទុករបស់រដ្ឋាភិបាលនេះ អត្រាកំណើតរបស់ចិនមិនបានកើនឡើង ហើយចំនួនប្រជាពលរដ្ឋបានធ្លាក់ចុះដល់កម្រិតមួយដែលក្រុមអ្នកជំនាញចាត់ទុកថា នេះគឺជាដ៏កម្រិតទាបមួយគួរឱ្យភ្ញាក់ផ្អើល កាលពីឆ្នាំមុន។ អត្រាធ្លាក់ចុះ នៃចំនួនពលរដ្ឋនោះបានជំរុញឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយផ្តល់ប្រាក់រង្វាន់ថ្មី កាលពីប៉ុន្មានខែថ្មីៗនេះ សម្រាប់ប្តីប្រពន្ធដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយសង្ឃឹមថា ពួកគេនឹងពិចារណាឱ្យមានកូនច្រើនជាងម្នាក់។

ប្រទេសចិនបានអនុវត្តច្បាប់២នាក់ប្ដីប្រពន្ធមានកូនតែមួយនេះ គឺមានរយៈពេលប្រហែលជា៤០ឆ្នាំមកហើយ។ ប៉ុន្តែទោះបីជាពេលនេះ ឪពុកម្តាយមានសិទ្ធិស្របច្បាប់ ក្នុងការមានកូនបន្ថែមទៀតក៏ដោយ ក៏ពួកគេភាគច្រើនមិនចង់បានដែរ ពីព្រោះពួកគេនិយាយថា ការចិញ្ចឹមកូន គឺថ្លៃណាស់ ត្រូវចំណាយលុយច្រើនពេក។

នៅក្នុងការកែប្រែគោលនយោបាយ និងលើកទឹកចិត្តប្តីប្រពន្ធមានកូន២នាក់នេះ រដ្ឋាភិបាលចិនបង្កើតគោលនយោបាយផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តផេ្សងៗទៀត ដូចជាអនុញ្ញាតឱ្យកូនក្មេងរៀន នៅសាលាមត្តេយ្យអត់បង់ប្រាក់ និងបញ្ចុះតម្លៃថ្លៃពេទ្យជាដើម៕