ខេត្តប៉ៃលិន៖ ក្មេងពាលប្រុសស្រីវ័យក្មេងមួយក្រុម​បានពពាក់ពពូន នាំគ្នាសេពថ្នាំញៀន ក៏ត្រូវសមត្ថ​កិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបន្ទប់លេខ៧ នៃផ្ទះសំណាក់ ពេជ្រ បូរ៉ាន់ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

មន្ត្រីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ហ៊ន ម៉ៃហាវ ហៅ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាកុដ ឃុំរតនមណ្ឌល ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង ទី២-ឈ្មោះ ហៃ ខាវ ហៅ ខាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់ ខេត្តបន្ទាយមានជ័យ ទី៣-ឈ្មោះ ឆាន ផានិត ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី៤-ឈ្មោះ វ៉ាត ធីតា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រៅពីឃាត់ខ្លួនក្មេងទំនើងទាំង៤នាក់នេះ សមត្ថកិច្ចក៏ដកហូតបាននូវវត្ថុតាងមួយចំនួន រួមមាន ទី១-ដាវសាមូរ៉ៃ ចំនួន២ដើម ទី២-ដែក​កេះចំនួន៥​ និងទី៣-ដបសម្រាប់​ជក់ថ្នាំ​ញៀន១។

មន្ត្រីនគរបាលស្រុកសាលាក្រៅ បានបន្តថា មុនពេលបង្រ្កាបនោះ សមត្ថកិច្ចបានទទួលព័ត៌មានមក​ថា មានក្មេងទំនើងមួយក្រុមកំពុងពពាក់ពពូនគ្នាសេពថ្នាំញៀន នៅក្នុងផ្ទះសំណាក់ខាងលើ។ បន្ទាប់​ពី​ទទួលបាននូវព័ត៌មានបែបនេះភ្លាម សមត្ថកិច្ចបានចុះទៅបង្ក្រាប និងចាប់ខ្លួនពួកគេតែម្ដង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕