សេចក្តី​ល្អ​មាន​អំណាច​សំ​ខាន់​ដ៏​ក្រៃ​លែង​ក្នុងខ្លួន​មនុស្ស ធ្វើ​ឲ្យ​ជា​ទី​គោរព​លើក​តម្កើង​របស់​មនុស្ស​ទាំង​ឡាយ។ រឹត​តែ​មាន​ច្រើន ឬរឹង​រឹត​តែ​ប្រើ​ច្រើន គឺរឹត​តែ​ល្អ និង​ជាពិសេស គឺ​មិន​មាន​អ្នក​ណា​មក​ទម្លាយ​បាន។ រីឯ​​ចំណែក​ខ្លួន​ឯង​វិញ​ក៏​រមែង​សប្បាយ​ចិត្ត មាន​សេចក្តី​សុខ​ក្នុង​ជី​វិត ដែល​ជា​ផល​ត្រូវ​ឃើញ​ច្បាស់​ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក។ រី​ឯ​អ្នក​ដទៃ​ដែល​មាន​ទំនាក់​ទំនង​សេពគប់​ ក៏បាន​សុខ​ត្រជាក់​ស្រួល​ក្រោម​ម្លប់​នៃ​គុណ​ធម៌​ផង​ដែរ។

សូម្បី​មិនមាន​ការ​អួត​អាង និង​មិន​ចាំ​បាច់​មាន​ការ​និយាយ​ឃោសនា បបួល​ឲ្យអ្នក​ណាៗ មក​រាប់អាន ក៏​សេចក្តី​ពិត​នៃ​គុណ​ធម៌​នោះៗ មាន​ប្រាកដ​ នៃ​ខ្លួន​ឯង​ដែរ។​ គុណ​ធម៌​ជា​អំណាច​ដ៏​រឹង​មាំ និង​ឋិត​ថេរ​យូរ​អង្វែង​បាន មិន​ចាំបាច់​ប្រជែង​ដណ្តើម​ពី​អ្នក​ដទៃ មិនមាន​ការ​ចុះ​ទន់ ​ដោយ​ការប្រព្រឹត្ត​អាក្រក់​បៀត​​បៀន​គ្នា និង​មិនមាន​ភ័យ​ពី​អ្នក​ដទៃ​ដណ្តើម​យក​ឡើយ។

អំណាច​នៃ​គុណ​ធម៌​ រមែង​ធ្វើ​ឲ្យ​ថ្ងៃ ខែ ឆ្នាំ​ ទាំងអស់​ក្នុងជីវិត​ ទៅជាថ្ងៃ ខែ ឆ្នាំ ល្អទាំង​អស់​សម្រាប់​អ្នក​ដែល​មានគុណ​ធម៌​នោះ។​ ជាពិសេស​បំផុត គឺ​អំណាច​នៃ​គុណ​ធម៌​អាច​កម្ចាត់​​បង់​សត្រូវ​ក្នុង​ខ្លួន​ គឺកិលេស​ដែល​ជា​មេ​នៃ​សេចក្តី​ទុក្ខ​បាន៕

ដកស្រង់​ចេញពីសៀវភៅ៤៨​ធម្ម​ទស្សន៍ រៀបរៀង​ដោយ​លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទ​ដោយឧបាសក សូត្រ តុលា, ប្រភពពីគេហទំព័រ 5000-years.org