កំពត៖ ងាកទៅមើលផ្លូវនានានៅខេត្តកំពតភាគច្រើន រងនូវភាពខូចខាតខ្លាំង ពិបាកដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ហើយទន្ទឹមនឹងគ្នានេះក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដល់មន្ទីរជំនាញយ៉ាងខ្លាំងថាហេតុអ្វីគ្មានចំណាត់ការ ជួសជុលការពារផ្លូវកុំឲ្យខូចកាន់ធ្ងន់ធ្ងរយ៉ាងដូច្នេះ។

ទាក់ទងនឹងបញ្ហានេះ លោក ចីង កួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បាននិយាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង់ដីរដ្ឋថ្នាក់ខេត្តកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា កុំថាឡើយមន្ទីររបស់លោក សូម្បីបណ្ឌិត អ្នកប្រាជ្ញារបស់ក្រសួង ក៏មិនអាចស្វែងរកវិធីជួយការពារ និងជួសជុលឲ្យផ្លូវថ្នល់នេះល្អប្រសើរឡើងវិញបានដែរ ព្រោះអាកាសធាតុនៅខេត្តកំពត មានភ្លៀងធ្លាក់ច្រើនមិនឈប់ ហើយទឹកគឺជាសត្រូវជាមួយនឹងផ្លូវថ្នល់ ។

លោក បានបន្តថា ខេត្តកំពតខុសគេមានភ្លៀងច្រើន ប៉ុន្តែឲ្យតែរាំងភ្លៀងមួយថ្ងៃ គឺហុយទ្រលោម ព្រោះវាស្ងួតលឿន ដូចនេះសម្រាប់អ្នកចំណូលថ្មី តែងតែរិះគន់ថា ក្រុមការងារផ្លូវថ្នល់ចិន និងមន្ទីរសាធារណការ ហេតុអ្វីមិនព្រមធ្វើផ្លូវ ទុកឲ្យហុយអីចឹងកើត តែតាមការពិត ទើបតែរាំងភ្លៀងរយៈពេលកន្លះ ឬមួយថ្ងៃប៉ុណ្ណោះ ។

មួយវិញទៀត កត្តាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើននេះ ផ្លូវថ្នល់គ្មានវិធីសាស្ត្រណា ដើម្បីការពារកុំឲ្យខូចខាតបានទេ សូម្បីតែបណ្ឌិត អ្នកប្រាជ្ញខាងក្រសួងសាធារណការ និងដឹកជញ្ជូន បានមកប្រកែកគ្នាជាមួយមន្ត្រីមន្ទីរសាធារណ់ការកំពតដែរ ព្រោះយកអ្វីមកបិទ ក៏មិនជាប់ដែរ ។ ម្យ៉ាងទៀត នៅជុំវិញក្រុងកំពត ប្រហែលជា១គីឡូម៉ែត្របួនជ្រុងនេះ បើក្រៅពីចាក់បេតុងគឺផ្លូវអី ក៏អត់ជាប់ដែរ ព្រោះស្ថានភាពដីមានរំញ័ររង្គើរ និងមានភាពយឺងខ្លាំង (High elastic )។

សូមបញ្ជាក់ថា នៅចំពោះមុខសព្វថ្ងៃនេះ នៅចំណុចផ្លូវខូចទាំងប៉ុន្មាន ទោះជាគ្មានភ្លៀងធ្លាក់ ក៏ពុំឃើញមានការជួសជុលដែរ ក្រៅតែពីចាក់កម្ទេចថ្ម សម្រួលដល់ចរាចរណ៍បន្តិចបន្តួចប៉ុណ្ណោះ ដោយឡែកជាតិលេខ៣៣(កំពត -កែប) ភាគីចិន សៀងហៃ បានរង់ចាំជួយអ៊ុតកៅស៊ូកន្លះខែហើយ ប៉ុន្តែមេឃភ្លៀងខ្លាំងពេក មិនអាចធ្វើកើតឡើយ ៕