ភ្នំពេញ៖ ថ្វីបើគណបក្ស​យុវជនកម្ពុជាបាន​ដាក់​ពាក្យ​បណ្ដឹងទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ នៅព្រឹក ថ្ងៃចន្ទ ទី១៣ ខែសីហា ដើម្បី​ទាម​ទារ​ឲ្យ​ គ.ជ.ប រាប់​សន្លឹក​ឆ្នោត​ឡើង​ នៅតាមបណ្ដា​ខេត្ត-​ក្រុង​ចំនួន​១៧ក្ដី ប៉ុន្តែនៅថ្ងៃដដែលនេះ ​មន្ត្រីគ.ជ.ប បានអះអាង​ថា គជបនឹង​មិន​​ពន្យារ​ពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​១៥​ ខែសីហា ឡើយ។

មន្រ្ដីជាន់ខ្ពស់របស់គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​បានបញ្ជាក់សាជាថ្មីថា ជំហរ​របស់​គ.ជ.ប គឺ​មិន​លើក​ពេល​ចំពោះប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ ​នៅ​ថ្ងៃ​ទី​១៥​ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះឡើយ។ ការប្រកាសបែបនេះ គឺធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​យុវជនកម្ពុជា​ លោក ពេជ្រ ស្រស់ នៅ​ថ្ងៃ​ចន្ទ​នេះបាន​ដាក់​ពាក្យ​បណ្ដឹង​ទៅកាន់គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដើម្បី​ទាម​ទារ​ឲ្យ​ គ.ជ.ប រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ក្នុង​ខេត្ត​ក្រុង​ចំនួន​១៧។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែង​ក្រោយ​ដាក់​ពាក្យ​បណ្ដឹង ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទោះ​ជា​ដំណោះ​ស្រាយ​ពី គ.ជ.ប បែប​ណា​ក៏​ដោយ ក៏​គណបក្ស​យុវជន​កម្ពុជា ពេញ​ចិត្ត​ទទួល​ទទួលយក​ដែរ។ ប៉ុន្តែ​លោក​គ្រាន់​តែ​ចង់​ដឹង​ថា សំឡេង​គាំទ្រ​ចំនួន​៨៤​របស់​គណបក្ស​យុវជន​កម្ពុជា ក្នុង​ចំណោម​សំឡេង​គាំទ្រ​ សរុប​​ ៣៩០០១៧ សំឡេង​បាត់​ទៅ​ណា ខណៈ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ នៅ​ថ្ងៃ​ទី​១១ ​ខែ​សីហា បែរ​ជា​បង្ហាញ​ថា បក្ស​យុវជន​បាត់​៨៤​សំឡេង​ទៅ​វិញ។

លោក ពេជ្រ ស្រស់ បាន​ចោទ​សួរ​ថា នេះ​មក​ពី​កំហុស​បច្ចេកទេស​ ឬ​ដោយ​សារ​អ្នក​អាន​លទ្ធផល​ឆ្នោត​ប្រកាស​ច្រឡំ។ ​ទោះ​បីជា​សំឡេង​គាំទ្រ​របស់​គណបក្ស​យុវជន​កម្ពុជា​ មិន​បាន​មួយ​កៅអី​ក៏​ដោយ តែ​លោក​ចង់​ឲ្យ​គ.ជ.ប បង្ហាញ​ភាព​ច្បាស់​លាស់ តាម​រយៈ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។

ទោះជាយ៉ាងណាជុំវិញពាក្យបណ្ដឹងរបស់គណបក្សយុវជនកម្ពុជានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ក្រុម​ការងារ​គ.ជ.ប នឹង​ពិនិត្យ​លើ​ខ្លឹម​សារ​នៃ​ពាក្យ​បណ្ដឹង​នេះ។ រីឯការបើ​កកញ្ចប់​សន្លឹក​ឆ្នោត​រាប់​ឡើង​វិញ​ គឺ​លុះ​ណាតែ​មាន​អ្នក​តវ៉ា នៅក្នុង​អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត​ នៅ​ក្នុងការិយាល័យ​បោះ​ឆ្នោត​ណា​មួយ។ ប៉ុន្តែ​ចំពោះ​ករណី​គណបក្ស​យុវជន​នេះ​ គឺប្រធាន​គណបក្ស​បានទទួល​ស្គាល់​បញ្ហា​នេះ ដោយសារទំនង​ជា​មក​ពី​កំហុស​បច្ចេកទេស។ ដូច្នេះ​ករណី​នេះ ទំនង​ជា​មិន​ឈាន​ដល់​ការ​បើក​កញ្ចប់​សន្លឹក​ឆ្នោត​រាប់​ឡើង​វិញ​ឡើយ។

ជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាង​ថា បើ​គ.ជ.ប ស្អាត​ស្អំ និង​សុក្រឹត្យ​នោះ ប្រាដក​ជា​ហ៊ាន​បើក​កញ្ចប់​សន្លឹក​ឆ្នោតរាប់ឡើងវិញ៕